CamNews

ព័ត៌មានអន្តរជាតិ 

វីវរហើយ! ឥណ្ឌូនេស៊ីប្រកាសអាសន្នបន្ទាន់កម្រិតខ្ពស់បំផុតអំពី “ការផ្ទុះភ្នំភ្លើងនៅកោះបាលី”

ប្រទេសឥណ្ឌូណេស៊ី បានចេញសេចក្តីប្រកាសបន្ទាន់កម្រិតខ្ពស់បំផុតរបស់ខ្លួន ស្ដីពីការបន្ទុះភ្នំភ្លើង នៅលើកោះបាលី ដោយព្រមានថា ការផ្ទុះភ្នំភ្លើង នៅលើកោះទេសចរដ៏ពេញនិយមមួយនេះ អាចនឹងកើតមានឡើង។

ប្រជាជនប្រមាណប្រហែល ១ ម៉ឺននាក់ ត្រូវបានជម្លៀសចេញរួចហើយ ដោយក្រុមមន្រ្តីបានជំរុញប្រជាជនឱ្យរស់នៅឱ្យឆ្ងាយយ៉ាងហោចណាស់ ៩ គីឡូម៉ែត្រពីភ្នំអាហ្គុង។

ក្រុមអ្នកជំនាញ បាននិយាយថា ការញ័ររញ្ជួយត្រូវបានគេរាយការណ៍ ហើយមានសញ្ញាបង្ហាញថា លំហូរថ្មភ្នំរលាយ កំពុងកើនឡើងដល់ផ្ទៃខាងលើភ្នំ។


មនុស្សជាង ១,០០០ នាក់បានស្លាប់បាត់បង់ជីវិត នៅពេលភ្នំអាហ្គុង បានផ្ទុះឡើងជាលើកដំបូង នៅឆ្នាំ ១៩៦៣ ។

លោក Sutopo Purwo Nugroho មកទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា៖ "វាគួរតែមានសកម្មភាពសាធារណៈដ៏ច្បាស់លាស់ និងតឹងរឹងមួយ ក្នុងរង្វង់ប្រតិបត្ដិការដ៏ជាក់លាក់មួយ ក្នុងករណី មានការផ្ទុះភ្នំភ្លើងកើតឡើង" ។



អ្នកភូមិម្នាក់ឈ្មោះ Wayan Suwarjana បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ "ការញ័ររញ្ជួយ តែងកើតមានជាញឹកញាប់ ដូច្នេះយើង មានការភ័យខ្លាច ហើយខ្ញុំបានយកសមាជិកគ្រួសាររបស់ខ្ញុំទាំងអស់ ទៅកាន់ទីជម្រកជនភៀសខ្លួន" ។

កាលពីព្រឹកថ្ងៃសៅរ៍ ក្រុមមន្រ្តីបាននិយាយថា ភាពញ័ររញ្ជួយ បានកើនឡើងជាច្រើនម៉ោងបន្ទាប់ពីកម្រិតនៃការជូនដំណឹងត្រូវបានប្រកាសឡើង។

របាយការណ៍ចុងក្រោយបំផុត ពីភ្នាក់ងារអង្កេតពីភ្នំភ្លើងនៃវិទ្យាសាស្ដ្រអាកាសចរណ៍ឥណ្ឌូនេស៊ី បានឱ្យដឹងថា លទ្ធភាពនៃការផ្ទុះនេះ ហាក់ដូចជាកំពុងកើនឡើង។ ប៉ុន្តែភ្នាក់ងារ​នេះ បានបន្ថែមថា ការផ្ទុះមិនអាចព្យាករណ៍បាន ដោយភាពត្រឹមត្រូវពេញលេញនោះទេ។

ក្រុមមន្រ្តីបាននិយាយថា ព្រលានយន្តហោះអន្តរជាតិកោះបាលី នៅក្នុងទីក្រុង Denpasar ដែលត្រូវបានប្រើប្រាស់ដោយភ្ញៀវទេសចរបរទេសរាប់លាននាក់ជារៀងរាល់ឆ្នាំនោះ បច្ចុប្បន្នកំពុងដំណើរការជាធម្មតា។

នាយកដ្ឋានកិច្ចការបរទេសរបស់អូស្រ្តាលី បានចេញសេចក្តីណែនាំថ្នាក់តំបន់ ដែលជាការព្រមានដល់ភ្ញៀវទេសចរណ៍ថា ការផ្ទុះភ្នំភ្លើង ដែលអាចកើតមាននេះ អាចរំខានយ៉ាងខ្លាំងដល់ការធ្វើដំណើរតាមផ្លូវអាកាស។

ការព្យាករណ៍អំពីការផ្ទុះភ្លំភ្លើងដ៏ខ្លាំងក្លានេះ គឺផ្អែកលើការផ្ទុះភ្នំភ្លើងមួយ កាលពីឆ្នាំ ១៩៦៣ ដែលភ្នំភ្លើងនោះ បានបង្ហូនូវកម្ទេចកម្ទី និងកម្អែលភ្នំភ្លើងដ៏ច្រើន។

ម្យ៉ាងទៀត វាក៏ពាក់ព័ន្ធផងដែរ ទៅនឹងលំហូរឧស្ម័ន pyroclastic ជាផ្សែង ផេះក្ដៅ និងកាកសំណល់ភ្នំភ្លើង  ដែលអាចផ្លាស់ប្តូរយ៉ាងឆាប់រហ័សប្រកបដោយគ្រោះថ្នាក់។ ភ្នំអាហ្គុង ដែលមានកម្ពស់ជាង ៣ ពាន់ម៉ែត្រពីទឹកសមុទ្រ ស្ថិតនៅភាគខាងកើតកោះបាលី ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC


Tags: International news