ក្រុងអ៊ីនឈួន៖ ក្រោយទម្លាក់ក្រុមជើងខ្លាំងថៃ និងអ៊ីរ៉ង់ត្រឹមវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡា Asian Games លើកទី១៧ ដែលកំពុងប្រព្រឹត្តទៅនៅក្នុងទីក្រុង Incheon សាធារណរដ្ឋកូរ៉េខាងត្បូងនោះ នៅល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤នេះម្ចាស់ផ្ទះ កូរ៉េខាងត្បូងបានត្រៀមអាវុធ រួចជាស្រេច ដើម្បីធ្វើសង្គ្រាមលើ វាលស្មៅប៉ៃតងជាមួយ កូរ៉េខាងជើង ដើម្បីដណ្ដើមមេដាយមាស ប្រចាំព្រឹត្តិការណ៍ក្នុងអាស៊ីនេះ ។
ស្ទើរតែមិនជឿថា ក្រុមបាល់ទាត់កូរ៉េជើង និងកូរ៉េត្បូង សុទ្ធតែដណ្ដើម បានកៅអីវគ្គផ្ដាច់ព្រ័ត្រ ដូចគ្នាក្នុងព្រឹត្តិការណ៍ Asian Games នេះ ខណៈថ្នាក់ដឹកនាំប្រទេស របស់ក្រុមបាល់ទាត់ទាំង២សុទ្ធ តែជាសត្រូវស្លាប់រស់នោះ ។ ក្នុងជំនួប វគ្គផ្ដាច់ព្រ័ត្រដែលនឹងចាប់ផ្ដើម ប្រកួតនៅម៉ោង៦ល្ងាចនេះ (ម៉ោងនៅកម្ពុជា) គេជឿថា ច្បាស់ជាជក់ចិត្ដមិនខាន ដោយ ក្រុមទាំង២ កម្របានជួបគ្នាណាស់ ដោយសារប្រទេសមាន ជម្លោះផ្នែកនយោបាយយូរឆ្នាំ មកហើយ ។
គួរបញ្ជាក់ថា ក្រុមម្ចាស់ផ្ទះកូរ៉េខាងត្បូង ដណ្ដើមបានកៅអីវគ្គផ្ដាច់ព្រ័ត្រ គឺបន្ទាប់ពីបំបាក់ក្រុម ជើងខ្លាំងថៃ ក្នុងលទ្ធផល បច្ចេកទេស ២-០ ខណៈកូរ៉េខាងជើង យកឈ្នះលើក្រុមជម្រើសជាតិ ឈុតធំរបស់អ៊ីរ៉ង់ ទាំងលំបាកដោយលទ្ធផល ១-០ ។ ដូច្នេះ សូមរង់ចាំទស្សនាទាំងអស់គ្នា ចាំមើលតើកូរ៉េត្បូង ឬកូរ៉េខាងជើង នឹងដណ្ដើមបានមេដាយមាស ពីព្រឹត្តិ ការណ៍ប្រចាំទ្វីបអាស៊ីនេះ? ចំពោះក្រុមចាញ់ថៃ និងអ៊ីរ៉ង ក៏ត្រូវជួបគ្នា ដើម្បីដណ្ដើមយកមេដាយសំរិទ្ធផងដែរ ៕
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល