(សេអ៊ូល)៖ ក្នុងសមាជគណបក្សពលករកូរ៉េ ដែលជាបក្សកាន់អំណាចតែមួយគត់ នៅកូរ៉េខាងជើងនោះ ក្រុមអ្នកតាមដាននានា បានលើកឡើងថា វាមិនត្រឹមតែជាការបង្ហាញ ឥទ្ធិពលនៃប្រមុខ ដឹកនាំកំពូលលោក គីម ជុងអ៊ុន នោះទេ ក៏ប៉ុន្តែសាច់ឈាមរបស់ត្រកូលគីម មួយចំនួន ក៏នឹងត្រូវ លើកឲ្យឡើងកាន់តំណែងធំផងដែរ តួយ៉ាងដូចជាប្អូនស្រី របស់មេដឹកនាំគីម ដែលទើបតែមាន វ័យ ២៩ឆ្នាំប៉ុណ្ណោះ ក៏អាចមានតំណែងធំ ក្នុងបក្សនេះដែរ។ នេះបើតាមការចេញផ្សាយ មុននេះបន្តិចដោយ យ៉ុនហាប់ នៅរសៀលថ្ងៃសុក្រ ទី០៦ ខែឧសភា ឆ្នាំ២០១៦។
អ្នកនាង គីម យ៉ូជុង វ័យ ២៩ឆ្នាំត្រូវបាន សារព័ត៌មានកូរ៉េខាងត្បូងចេញផ្សាយថា នឹងអាចឡើង កាន់តំណែងធំក្នុងបក្ស ព្រមទាំងនឹងក្លាយជា រដ្ឋមន្ត្រីមួយរូប ក្នុងជួររដ្ឋាភិបាលថែមទៀត។ នាង យ៉ូជុង បានចូលរួមប្រឡូក ក្នុងឆាកនយោបាយជាមួយបងប្រុស អស់រយៈពេល បីឆ្នាំមកហើយ ដោយរយៈពេលកន្លងមកនេះ វាសមល្មមអាចឲ្យនាងដកស្រង់ បាននូវបទពិសោធន៍ជាច្រើន។
ក្រុមអ្នកវិភាគ នៅកូរ៉េខាងត្បូង ក៏ជឿជាក់ថា ប្រសិនបើអ្នកនាង គីម យ៉ូជុង ឡើងកាន់តំណែងធំ និងបានទទួលការគាំទ្រ ពីមេដឹកនាំគ្រប់ជាន់ថ្នាក់នោះ វានឹងមានន័យថា អំណាចដឹកនាំប្រទេសរបស់ ត្រកូល គីម ជំនាន់ទីបីនេះកាន់តែរឹងមំា ព្រោះកន្លងមកស្ត្រីរូបនេះ ជាអ្នកកាន់តួនាទី ក្តោបក្តាប់ ការផ្សព្វផ្សាយនានាទូទាំងប្រទេស ស្តីពីលទ្ធផលនានា នៃការអភិវឌ្ឍប្រទេស ទៅដល់ប្រជាជន គ្រប់ទីកន្លែងទូទាំងប្រទេស កូរ៉េខាងជើង៕
ប្រភព ៖ យ៊ុនហាប់
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង