(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកីឡា បានប្រកាសនៅលើបណ្ដាញ សង្គម Facebook ខ្លួនថា គណៈរដ្ឋមន្ដ្រី បានចេញលិខិតជាផ្លូវការ ដកហូតយកដីពហុកីឡដ្ឋានខេត្តកំពត ពីក្រុមហ៊ុន SRV Group មកជាសម្បត្តិរដ្ឋវិញហើយ និងប្រគល់ឲ្យក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកគ្រប់គ្រង ដើម្បីប្រើប្រាស់ និងអភិវឌ្ឍន៍ ពហុកីឡដ្ឋានជាតិនេះ ដើម្បីលើកស្ទួយ វិស័យកីឡាជាតិ ឲ្យកាន់តែប្រសើរ។
បើយោងតាមសេចក្ដី ជូនដំណឹងរបស់ទីស្ដីការ គណៈរដ្ឋមន្ដ្រី ចុះហត្ថលេខាដោយលោក ហ៊ីង ថុរ៉ាក់ស៊ី រដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពីពេលថ្មីៗកន្លងទៅ បានឲ្យដឹងថា ទីស្ដីការគណៈរដ្ឋមន្ដ្រី រាជរដ្ឋាភិបាល បានសម្រេចដកហូតយកដី ពហុកីឡដ្ឋានខេត្តកំពត ពីក្រុមហ៊ុន SRV Group ព្រោះក្រុមហ៊ុន មិនបានអនុវត្តត្រឹមត្រូវ តាមស្ដង់ដារបទដ្ឋានបច្ចេកទេស របស់សំណង់ និងមិនអាចទទួលយកបាន ។
លិខិតផ្លូវការខាងលើ បានបញ្ជាក់ថា «ជុំវិញករណីដោះរដូរ ទីតាំងដីពហុកីឡដ្ឋានខេត្តកំពត ជាមួយនឹងក្រុមហ៊ុន SVR Group គឺបន្ទាប់ពីពិនិត្យឃើញថា ក្រុមហ៊ុនមិនបាន អនុវត្តត្រឹមត្រូវតាមស្ដង់ដារ បទដ្ឋានបច្ចេកទេសរបស់សំណង់ និងពុំទទួលយកបាននោះ រាជរដ្ឋាភិបាលបានឯកភាព ជាគោលការណ៍ តាមសំណើររបស់ ក្រសួងអប់រំ អនុញ្ញាតឲ្យប្ដូរទីតាំងដី បាល់បោះទំហំ ១.៤២៦ម៉ែត្រការ៉េ និងដកហូតយកដីពហុកីឡដ្ឋាន បាល់ទាត់ទំហំ ៣២.៥០០ម៉ែត្រការ៉េ មកជាសម្បត្តិរដ្ឋ និងរក្សាជាពហុកីឡដ្ឋានខេត្តវិញ»៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង