CamNews

តារា 

ប៊ីយ៉ាតា ដាច់​ខាត​មិន​ទទួល​យក​ស្នេហ៍​ពី​អ្នក​មាន​អំណាច ខ្លាច​រង​គំនាប

ភ្នំពេញ៖ បច្ចុប្បន្ននេះ ត្រូវបានមហាជនដឹងថា មានអ្នកសិល្បៈមួយចំនួន បានលួចលាក់បង្កាត់ភ្លើងស្នេហ៍ ជាមួយអ្នកមានទ្រព្យមានអំណាច ជាមន្ត្រីយោធា ឬក៏មន្រ្តីនគរបាល មានស័ក្តិយសធំៗជាច្រើនទៀត ដោយនៅក្នុងនោះជារឿយៗ មានអ្នកសិល្បៈខ្លះ ក៏មានក្តីសុខ រស់នៅលើគំនរមាសប្រាក់យ៉ាងរំភើយ ឯខ្លះទៀតក៏ត្រូវរស់នៅ យ៉ាងវេទនា ទទួលរងនូវគំនាបពីគូស្នេហ៍ ជាអ្នកមានអំណាច គ្មានសេរីភាពអ្វីទាំងអស់។ នៅក្នុងនោះដែរ គេសង្កេតឃើញថា មានអ្នកសិល្បៈខ្លះ ជួបប្រទះរឿងអាស្រូវ ជាប់ឈ្មោះជាស្រីស្នេហ៍ ស្រីកំណាញ់ និងប្រពន្ធចុងគេជាដើម។ ទន្ទឹមជាមួយគ្នានោះ តារាសម្តែង និងចម្រៀងពន្លកថ្មី ស្រីស្រស់សម្រស់ឆើត កញ្ញា ប៊ីយ៉ាតា ក៏បានដាក់បម្រាមការពារខ្លួនជាមុនថា នាងដាច់ខាត មិនទទួលស្នេហ៍ ពីអ្នកមានអំណាចឡើយ ព្រោះខ្លាចរងនូវគំនាប ក្នុងជីវិតរស់នៅ។

ជួបសម្ភាសន៍ ជាមួយគេហទំព័រ LookingTODAY តារាចម្រៀងប្រចាំក្រុម Girl Mini កញ្ញា ប៊ីយ៉ាតា បានប្រាប់ឲ្យដឹងថា នាងមិនចង់មានគូស្នេហ៍ ជាអ្នកមានអំណាច ឬក៏ជាស្វាមីគេនោះឡើយ ព្រោះថា នាងបានកើតមកក្នុងត្រកូល ជាកូនអ្នកជំនួញមួយ មានជីវភាពធូរធា មានលុយចាយគ្រប់គ្រាន់ សមល្មមរស់នៅក្នុងសង្គមមួយដ៏ថ្លៃថ្នូរ ដូច្នេះនាងគ្មានហេតុផល ត្រូវទទួលយក អ្នកនេះអ្នកនោះ អ្នកមានអំណាចក្នុងរូបភាពជាស្រីចិញ្ចឹម ស្រីកំណាន់ ហើយត្រូវរស់នៅ ក្រោមការឃ្លាំមើលគ្រប់វិនាទី ក្រៅពីគ្រួសាររបស់នាងឡើយ ។

តារាស្រីវ័យ២២ឆ្នាំ សាច់សម៉ដ្ឋដូចត្រកួនឈ្លក់ទឹករូបនេះ បានប្រាប់ឲ្យដឹងទៀតថា «ពិតហើយបង..! ខ្ញុំមិនចង់បានស្នេហា ក្នុងគំនាប មិនចង់បានស្នេហា ដែលមានតែការតាមដាន គ្រប់ជំហាន គ្រប់កន្លែង រស់នៅគ្មានសេរីភាព នោះទេ ។ មួយវិញទៀត ខ្ញុំក៏មិនចង់ជាន់ដាន អ្នកសិល្បៈ មួយចំនួនដែលរស់នៅ ពិបាកវេទនា ហើយគ្មានសេរីភាព ព្រោះថា ខ្ញុំជាមនុស្សស្រីដែលស្រលាញ់សេរីភាពណាស់ មិនចង់រស់ នៅក្នុងគំនាប អ្នកណាឡើយ…»។

ងាកមកការងារសិល្បៈវិញ តារាសម្តែង ដែលកំពុងតែខំប្រឹងស្រវ៉ា ប្រជាប្រិយភាព តាមរយៈការសម្តែង ឈុតខារ៉ាអូខេ កញ្ញា ប៊ីយ៉ាតា បានប្រាប់ឲ្យដឹងថា នាងបានបោះជំហាន ចូលប្រឡូកក្នុងវិស័យសិល្បៈ ប្រមាណជាង១ឆ្នាំហើយ ដោយក្រោយពីនាងចូលសិល្បៈ នាងបានបង្កើតក្រុមចម្រៀងមួយ ឈ្មោះថា «Girl Mini» ដែលមានសមាជិក ដូចជា កញ្ញា No More កញ្ញា មុំ ដាឡិច កញ្ញា អ៊ឹម ដាលីស កញ្ញា ម៉ានីកា និងរូបនាងផ្ទាល់ ដោយពួកនាងមានបទចម្រៀងប្រចាំក្រុម ប្រមាណ១០បទ បង្ហោះនៅលើ Youtube ។ ក្រៅពីនេះ ប៊ីយ៉ាតា ក៏បានទទួលយកការសម្តែងរឿង, ច្រៀងតាមស្ថានីយទូរទស្សន៍នានា និងសម្តែងឈុតឆាកខារ៉ាអូខេ នៅផលិតកម្ម ថោន ផងដែរ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh