ភ្នំពេញ៖ ក្ដីស្នេហា របស់អ្នកសិល្បៈល្បី បានក្លាយជាចំណីអារម្មណ៍ របស់មហាជន និងក្លាយជាប្រធានបទក្ដៅ លើសារព័ត៌មាន ក្នុងនោះអ្នកសិល្បៈ មិនទាន់ល្បីមួយចំនួន ក៏ប្រើមធ្យោបាយនេះ ដើម្បីបង្កើនប្រជាប្រិយភាពខ្លួនឯង ឲ្យឆាប់ល្បី និងធ្វើឲ្យមហាជនស្គាល់បានលឿន រួមផ្សំជាមួយភាពសិចស៊ីច្បាស់ជាល្បីកប់ពពក ។
ថ្មីៗនេះបានលេចឮពីចំណងស្នេហ៍ខុសវ័យរវាង តារាសម្ដែង គង់ បញ្ញាសិទ្ធ ជាមួយកញ្ញា ស៊ូ ដាណេ ដែលអ្នកទាំងពីរ មានវ័យខុសគ្នាស្រឡះ ព្រោះតែខាងស្រីហាក់ចាស់ជាងខាងប្រុស និងមិនសមទំនងទាល់តែសោះ ។
ប្រភពពីអ្នកសិល្បៈធ្លាប់ស្គាល់គ្នា បាននិយាយថា ដំណឹងស្នេហ៍នេះ ជារឿងគួរឲ្យអស់សំណើចសម្រាប់ គង់ បញ្ញាសិទ្ធ ជាចៅរបស់លោកយាយ ម៉ែម៉ឺន ដែលកំពុងព្យាយាម សាងភាពល្បីល្បាញក្នុងសិល្បៈ ។ គង់ បញ្ញាសិទ្ធ ក៏យករឿងរ៉ាវហួសចិត្ត ទៅសាងរូបភាពបន្លំភ្នែកមហាជនថា មានស្នេហាជាមួយនាង ដាណេ តារាចម្រៀងមិនសូវមានគេស្គាល់ម្នាក់ ដើម្បីបង្កើន ការចាប់អារម្មណ៍មកលើខ្លួន ។ ប៉ុន្តែការពិតលោក មិនបានស្រឡាញ់គ្នា ជាមួយនាង ដាណេឡើយ ។ ល្បែងស្នេហ៍នេះ សម្ដែងមិនសូវសមឡើយ ព្រោះខាងស្រី មិនសូវសង្វាតលើរឿងនេះ ព្រោះនាងជាស្រីចង់រក្សាកិត្តិយសខ្លួន មិនមែនដើម្បីកេរ្តិ៍ឈ្មោះ ហក់មកស្រលាញ់ប្រុសក្មេង មិនមើលវ័យនោះឡើយ ។
ប្រភពដដែល បានបង្ហើបថា លោក គង់ បញ្ញាសិទ្ធ មាននារីម្នាក់ នៅឯនាយសមុទ្រស្រលាញ់រួចទៅហើយ និងជួយគ្រួសារលោកជារឿយៗ ព្រោះ គ្រួសារលោកជួបបញ្ហា លំបាកខាងជីវភាព ។ ទាក់ទងនឹងបញ្ហានេះ សម្រាប់ គង់ បញ្ញាសិទ្ធ មិនអាចសុំការបំភ្លឺបានទេ នៅពេលនេះ ខណៈទូរស័ព្ទលោកត្រូវបានបិទ ប៉ុន្តែនឹងរង់ចាំការបកស្រាយដោយក្ដីរីករាយ នៅពេលក្រោយ ដើម្បីឲ្យមហាជនបានដឹង៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល