CamNews

កីឡាជាតិ 

យុវវ័យ រាប់ពាន់នាក់ គាំទ្រការផ្សាយផ្ទាល់ ការប្រកួតបាល់ទាត់ រវាង Man United និង Liverpool នៅកោះពេជ្យ

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ រវាងក្រុម Manchester United (បីសាចក្រហម) និងក្រុម Liverpool (ហង្សក្រហម) ដណ្តើមពានរង្វាន់ English Premier League (EPL) រដូវកាល ២០១៤/២០១៥ ដែលផ្សាយផ្ទាល់ នៅកោះពេជ្រ នាថ្មីនេះ បានទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់យុវវ័យ នៅកម្ពុជា ដោយមានមនុស្ស រាប់ពាន់នាក់ បានចូលរួម ។

ការទស្សនាការផ្សាយផ្ទាល់ នៃការប្រកួតបាល់ទាត់ ថ្នាក់កំពូលនេះ ត្រូវបានធ្វើឡើងលាយគ្នា នឹងការប្រគុំតន្រ្តីដ៏ពិសេសមួយ ជាមួយនឹងវត្តមាន តារាចម្រៀងល្បីៗ ក្នុងផលិតកម្ម រស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា លោក ណុប បាយារិទ្ធិ ជាដើម ។ ក្រៅពីនោះ ក្រុមតន្រ្តីករ SYTHORN BAND និងក្រុមរាំអាជីពមកពីប្រទេសថៃ ក៏មានវត្តមាន នៅក្នុងកម្មវិធីនេះដែរ។

យុវជន ដារា ដែលជាអ្នកអង្គុយនៅខាងមុខឆាក នៃការប្រគុំតន្រ្តី និងទស្សានាការផ្សាយផ្ទាល់ នៃការប្រកួត បាល់ទាត់រវាងក្រុមល្បីៗ ទាំង២ខាងលើនេះ បាននិយាយថា នេះ ជាវេទិកាមួយ ដើម្បីបង្កើនភាពរីករាយ ដល់យុវជនខ្មែរ អ្នកគាំទ្រវិស័យកីឡាបាល់ទាត់ ជាពិសេស បានធ្វើឱ្យពួកគេ ជួបជុំគ្នា បង្កើន ទំនាក់ទំនងទៅវិញទៅមក ។ កម្មវិធីនេះ ក៏នឹងផ្តល់ឱកាស ដល់អ្នកគាំទ្រ តារាចម្រៀង នៅក្នុងផលិតកម្មរស្មីហង្សមាស បានជួបជាមួយតារាក្នុងដួងចិត្តគេ ដោយផ្ទាល់ផងដែរ ។

កម្មវិធីទស្សនាការផ្សាយផ្ទាល់ នៃការប្រកួតលើកទីបី រវាងក្រុម Manchester United (បីសាចក្រហម) និងក្រុម Liverpool (ហង្សក្រហម) បានរៀបចំដោយ ក្រុមហ៊ុនសិង្ហាបៀ នៅក្នុងប្រទេសកម្ពុជា ។ កម្មវិធីនេះ បានចាប់ផ្តើម កាលពីយប់ថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅ ។

តំណាងក្រុមហ៊ុននេះ បាននិយាយថា នេះជាព្រឹត្តិការណ៍មួយ ដែលក្រុមហ៊ុនរបស់លោក តែងរៀបចំឡើង រៀងរាល់រដូវកាល នៃបាល់ទាត់កំពូលៗ ដើម្បីបង្កើន ភាពស្និទ្ធស្នាល និងការជួបជុំគ្នា ដល់អ្នកគាំទ្រវិស័យបាល់ទាត់ នៅក្នុងប្រទេសកម្ពុជា ។ យុទ្ធនាការនេះ ក៏នឹងផ្តល់រង្វាន់មួយចំនួន ដល់អ្នកចូលរួមផងដែរ ៕


ផ្ដល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Sport News Cambodia pp