CamNews

កំសាន្ត 

សុខ សេរីវឌ្ឍនៈ សំណូមពរឲ្យក្រសួងសាធារណការ ហៅអ្នកបើកបររថយន្តធំៗ ទៅដុសក្អែល

ភ្នំពេញ៖ ពិធីករបុរសសង្ហា ប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ លោក សុខ សេរីវឌ្ឍនៈ បានទម្លាយនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់លោក ដោយធ្វើការទទូច ស្នើឲ្យក្រសួងសាធារណៈការ និងដឹកជញ្ជូន ហៅអ្នកបើករថយន្តធំៗ ទៅអប់រំណែនាំ ខណៈដែលបច្ចុប្បន្ននេះ កំណើនគ្រោះថ្នាក់ចរាចរណ៍ ដោយសាររថយន្តធំៗនេះ កំពុងតែមានការកើនឡើង ។

តារាសម្តែង និងជាពិធីករ កូនកាត់ចិន លោក សុខ សេរីវឌ្ឍនៈ បានសរសេរសារយ៉ាងខ្លីបង្ហោះ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ផ្ទាល់ខ្លួនរបស់លោក ដោយធ្វើការទទូចសុំចិត្ត ថ្នាក់ដឹកនាំក្រសួង និងស្ថាប័នថា «ក្រសួងពាក់ព័ន្ធ ល្មមហៅបងៗ បើកបរឡានធំៗ ដុសក្អែលចេញម្តងហើយ បង្ករឿងរាល់ថ្ងៃឥតល្ហែ…» ។

នេះមិនមែនជាលើកទី១ទេ ដែលមានការបញ្ចេញមតិរិះគន់ ពីសំណាក់ប្រជាពលរដ្ឋ យ៉ាងចាស់ដៃ ទៅលើអ្នកបើកបររថយន្តធំៗ ដែលបើកបរល្បឿនលឿនព្រហើន នៅលើដងផ្លូវ ដោយមិនខ្វល់ពីសុវត្ថិភាព ប្រជាពលរដ្ឋ ដែលធ្វើដំណើរនៅលើផ្លូវថ្នល់ រួមជាមួយគ្នាឡើយ ។ ដោយសង្កេតឃើញថា គ្រោះថ្នាក់ចរាចរណ៍ នាពេលបច្ចុប្បន្នភាគច្រើន តែងតែបណ្តាលឲ្យបាត់បង់ អាយុជីវិត ហើយនៅក្នុងនោះ មួយផ្នែកធំ គឺកើតឡើង ដោយសារតែអ្នកបើកបររថយន្តធំៗនេះ។

ហេតុដូច្នេះ នៅក្នុងនោះលោក សេរីវឌ្ឍនៈ ក៏បានចេញមុខស្នើ ទៅដល់ក្រសួងតាំងនាមឲ្យបងប្អូន ប្រជាពលរដ្ឋស្នើឲ្យក្រសួង ចាត់វិធានការ ទៅលើអ្នកបើកបរ រថយន្តធំៗធ្វើការអប់រំពួកគាត់ ឲ្យបើកបរមានការប្រុងប្រយ័ត្នខ្ពស់ ចេះយោគយល់អធ្រាស្រ័យគ្នា និងបើកបរដោយ មិនសេពគ្រឿងស្រវឹង ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh