CamNews

តារា 

ណុប បាយ៉ារិទ្ធ ខំប្រឹង​បកស្រាយ ពេលតារារបស់​ប្រទេសកូរ៉េចោទថា លួច​ចម្លងស្ទីលតាម (Video inside)

ភ្នំពេញៈ ក្នុងវីដេអូឃ្លីបមួយដែលមានរយៈពេល ១នាទីនិង៣៦វិនាទី ដែលបានបង្ហោះឡើងពី
សំណាក់អ្នកសិល្បៈកូរ៉េក្នុងប្រព័ន្ធ You Tube ហើយត្រូវបានគេប្រទះឃើញ និងមានការរិះគន់
ពាសពេញ ប្រព័ន្ធអ៉ីនធើណេត គឺជាប្រតិកម្មថ្មីមួយ ជាលើកដំបូងក្នុងសង្គមសិល្បៈខ្មែរ ដែល
តែងតែត្រូវបាន មហាជនលើកឡើងថា បានលួចចម្លងពីបណ្ដាប្រទេស ជិតខាងជាយូរមកហើយ
នោះ។

ក្រោយពីមានមតិរិះគន់ជាច្រើន ទៅលើតារាចម្រៀងមានភាពលេចធ្លោ ប្រចាំផលិតកម្មហង្សមាស
លោក ណុប បាយ៉ារិទ្ធ ពេលនេះស្រាប់តែ តារាចម្រៀងរូបនេះ បានបញ្ចេញប្រតិកម្ម បកស្រាយជុំ
វិញ ពាក្យសំដីរបស់ទស្សនិកជន ដោយលោកអះអាងថា មិនបានលួចចំឡងយកបទចម្រៀង ឬក៏
ស្លៀកពាក់យកស្ទីលរបស់កូរ៉េ ដូចមហាជនគិតនោះទេ។

តារាចម្រៀងប្រចាំនៅផលិតកម្ម ហង្សមាស លោក ណុប បាយ៉ារិទ្ធ ត្រូវបានមហាជនជាពិសេស
មិត្តៗយុវវ័យ បានធ្វើការរិះគន់ ដោយមិនសំចៃមាត់ ទៅលើរូបលោក ថាបានលួចចម្លងស្ទីល ក្នុង
ការតុបតែងខ្លួន បទចម្រៀង និងក្បាច់រំាពីប្រទេសជិតខាង ដោយមិនចេះធ្វើការកែច្នៃ រិះរកអ្វីដែល
ថ្មី សម្រាប់ខ្លួនឯងទេ ពោលគឺចាំតែចម្លង (Copy) ពីគេ ។ ឃើញគេច្រៀងរំាល្អ ក៏យកមកច្រៀង
តាម ។ តាមរយៈការរិះគន់នេះ បានធ្វើឲ្យតារាចម្រៀង ចាស់វស្សាដុះស្លែ ប្រចាំផលិតកម្មកំពុងតែ
មាន ភាពលេចធ្លោរូបនេះ បានបញ្ចេញប្រតិកម្មទៅលើ ពាក្យសំដីទាំងនេះ នៅលើបណ្តាញទំនាក់
ទំនងសង្គម Facebook របស់ខ្លួន។

ថ្លែងនៅក្នុងបណ្តាញទំនាក់ទំនង Facebook របស់តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ នៅថ្ងៃទី៣
ខែមករា ឆ្នាំ២០១៣នេះថា លោកចង់ធ្វើការអត្ថាធិប្បាយចំពោះការរិះគន់ទៅលើបទចម្រៀង ដែល
លោកបានច្រៀង គឺមានចំណងជើងថា let’s go to party and baby you’re my world រាល់ក្បាច់រាំ
ទាំងអស់ គឺលោកមិនបានចម្លង តាមទាំងស្រុង ១០០% ពីកូរ៉េដូច ដែលគេនិយាយទេ បងប្អូនអាច
ពិនិត្យមើលបានថា តើដូច១០០%ឬទេ ហើយ សូម្បីតែចម្រៀង ក៏លោកមិនបានយកពីកូរ៉េដែរ។

មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងរូបសង្ហារូបនេះ ក៏បានប្រាប់ឲ្យដឹងទៀតថា "ខ្ញុំទទួលស្គាល់ថា
មានកំហុសឆ្គងមួយដែលខ្ញុំ និងក្រុមរាំរបស់ខ្ញុំ បានបញ្ចូលបន្ថែមនូវ សម្លេងបេះដូងលោតហើយ
បានប្រើកាយវិការត្រង់ចំណុចនេះ ប្រហាក់ប្រហែលទៅនឹងគេ ហើយមួយវិញទៀត ខ្ញុំគិតថា ជា
ធម្មតា ប្រទេសណាក៏ចេះមើលពីគ្នា ចម្លងពីគ្នាដែរ គ្រាន់តែតិចឬច្រើន ចំពោះការតែងខ្លួន ខ្ញុំតែង
តែយកការឌីហ្សាញផ្ទាល់ខ្លួន យកមកធ្វើ ហើយការរៀបចំ style ដោយខ្លួនឯង តាំងពីឆ្នាំ២០០៣
រហូតមក ដូចជាឌីហ្សាញអាវពីកញ្ចក់ បន្លារ ប្រើភ្លើង មកដាក់ លើអាវ ។ល។ ពេលនោះ មិនទាន់
មានសិល្បៈកូរ៉េ លុកលុយមកស្រុកយើងទេ ហេតុអីបានជា ថាខ្ញុំចម្លងស្តាយល៍ពីគេ ។

បើគិតពីការតុបតែង លេងម៉ូដសំលៀកបំពាក់ គឺជិត១០ឆ្នាំ ហើយបើមិនជឿ អាចយកបទចម្រៀង
ចាស់ៗ របស់ខ្ញុំមកចាក់មើលបាន។ ចំណែកឯបរទេសខ្លះ សិល្បៈទើបតែរីកចម្រើន ក្នុងរយៈពេល
ប៉ុន្មានឆ្នាំចុងក្រោយនេះសោះ បែរជាថាតារាខ្មែរចាំតែលួចចំឡងពីគេ ចុះម៉េចក៏មិនដែលឃើញអ្នក
ណាថា បរទេសលួចចម្លងស្តាយល៍ តារាខ្មែរខ្លះ?"។

ជាមួយគ្នានេះលោកណុប បាយ៉ារិទ្ធ បានបន្ថែមនៅក្នុង ឃ្លីបវីដេអូមួយ មានរយៈពេល១នាទីនិង៣៦
វិនាទី ដែលអ្នកដឹកនាំសិល្បៈរបស់ ប្រទេសកូរ៉េបានបង្ហោះក្នុងYou Tube ថា "បំបែកពីគំនិតខ្លួនឯង
ខ្លះ យើងមើលពីបណ្ដាប្រទេសផ្សេងខ្លះ ដើម្បីមកបំពេញនូវចំណុចដែលខ្វះខាត"។

ទោះបីជា លោក ណុប បាយ៉ារិទ្ធ បានទទួលរងមតិរិះគន់ពីសំណាក់មហាជន ក៏ដោយក៏លោកប្រាប់
បន្ថែមទៀតថា លោកមិនមានការខឹងសម្បារចំពោះការរិះគន់គ្មានការពិតទេ ហើយលោកក៏អរគុណ
ទៅដល់ទស្សនិកជន ក៏ដូចជាអ្នកគាំទ្រដែលធ្វើការរិះគន់ ហើយក្នុងន័យស្ថាបនា និងចាប់អារម្មណ៍
អំពីបញ្ហានេះ ៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nop bayareth entertainment singer hangmeas khmer star