កាលពីថ្ងៃព្រហស្បតិ៍ ក្រុមមន្រ្ដីគយទីក្រុងហុងកុង បានប្រកាសអំពីការរឹបអូសភ្លុកដំរីជាង ៧ តោន ដែលត្រូវបានឆេកឆេរឃើញលាក់នៅក្នុងទូរទំនិញកុងតេណ័រមួយ មកពីប្រទេសម៉ាឡេស៊ី ដែលជាប់ជាកំណត់ត្រា ចាប់តាំងពីការជួញដូរភ្លក់ដំរី ត្រូវបានរឹតត្បិត នៅឆ្នាំ ១៩៨៩។ បើតាមការវាយតម្លៃរបស់មន្រ្ដីគយ ភ្លុកដំរីទាំងនេះ ត្រូវបានកាត់យកចេញពីដំរីចំនួន ៧២០ ក្បាល។
មន្ត្រីគយបានរកឃើញ ភ្លុកដំរីដែលមានតម្លៃទីផ្សារប្រមាណជា ៧២លានដុល្លារហុងកុង លាក់នៅក្នុងធុងទឹកកកមួយ ដែលត្រូវបានម្ចាស់អះអាងថា ធុងទឹកកកនោះ ជាធុងក្លាសេត្រី ក្នុងពេលត្រួតពិនិត្យ នៅច្រកកុងតឺន័រក្វាវជិន កាលពីថ្ងៃអង្គារ។ បុរស និងស្ត្រីពីរនាក់ ដែលមានអាយុចន្លោះពី ៤២ ទៅ ៥៧ ឆ្នាំត្រូវបានចាប់ខ្លួន។
លោក Raymond Chan ប្រធានក្រុមគយ បានប្រាប់អ្នកសារព័ត៌មានថា៖ "ឡាំងកាតុងក្លាសេត្រីចំនួន ១០០០ ដែលត្រូវបានអះអាងថា មានទម្ងន់ប្រហែល ៧,០០០ គីឡូក្រាម គឺផ្ទុកត្រឹមកន្លះទូរកុងតឺន័រក្លាសេប៉ុណ្ណោះ។
ទីក្រុងហុងកុង គឺជាមជ្ឈមណ្ឌលឆ្លងកាត់សកលលោកដ៏ធំបំផុតមួយ សម្រាប់ប្រភេទសត្វដែលជិតផុតពូជ និងផលិតផល ដែលធ្វើពីសត្វទាំងនោះ ហើយទីក្រុងនេះ បានដើរយឺតជាងប្រទេសដទៃ ក្នុងការអនុម័តច្បាប់តឹងតែង លើការជួញដូរប្រភេទនេះ។
ទីក្រុងនេះ ក៏ទទួលបានទីផ្សារលក់រាយធំជាងគេបង្អស់ សម្រាប់ភ្លុកដំរីផងដែរ ដោយយកទៅឆ្លាក់ធ្វើជាគ្រឿងអលង្ការ និងរូបចម្លាក់ដើម្បីលក់ទៅឱ្យអ្នកទិញ នៅចិនដីគោក។
ប្រទេសចិន សិង្ហបុរី និងសហរដ្ឋអាមេរិច បានហាមឃាត់ចំពោះការជួញដូរភ្លក់ដំរី តែហុងកុងទំនងជាមិនបានដឹងពីរឿងនេះទេ រហូតដល់ឆ្នាំ ២០២១៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Bangkokpost