CamNews

កំសាន្ត 

សារ៉ា ក្ដៅចិត្តនឹង សាវិន ហ្វីលីព ដោយសារ លុយ​១៥០​ដុល្លារ និង​ត្រៀម​ចាត់​ការ​តាម​ច្បាប់

ភ្នំពេញ៖ ថ្មីៗនេះ ប្រធានក្រុមតារាបង្ហាញម៉ូដ Pop Model កញ្ញា សារ៉ា បានផ្ទុះជម្លោះ យ៉ាងក្តៅសាច់ ជាមួយតារា សម្តែងជើងចាស់ លោក សាវិន ហ្វីលីព ផ្អើលពេញបណ្តាញ ទំនាក់ទំនងសង្គមយក្ស Facebook ក្រោយពីលោក ហ្វីលីព បានសរសេរសារ រិះគន់យ៉ាងបើកចំហរ ដាក់បង្ហោះនៅលើបណ្តាញ សង្គមរបស់លោកថា តារាស្រី សារ៉ា យកក្មួយស្រីរបស់លោក ទៅធ្វើការដើរម៉ូដ ដោយឲ្យប្រាក់ឈ្នួលក្នុងតម្លៃ១៥០ដុល្លារ ហើយសន្យាថា បើកលុយ ឲ្យនៅថ្ងៃម្សិលមិញ(ថ្ងៃទី២៨ខែមេសា) តែដល់ថ្ងៃកំណត់ បែរជាមិនបើកប្រាក់ឲ្យទៅវិញ ។

តាមរយៈសារ របស់ លោក សាវិន ហ្វីលីព បង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ផ្ទាល់ខ្លួនបាន សរសេរ ជាភាសាអង់គ្លេស ដែលមានអត្ថន័យថា «ជូនចំពោះ កញ្ញា Zara Starkhmer &Pop Zaramodel ខ្ញុំចង់ ផ្ញើរសារនេះ ទៅស្ត្រីម្នាក់នេះ ដែលនាងបានជួលក្មួយស្រីរបស់ខ្ញុំ សុវណ្ណ រ៉ាផា តាំងពីអំឡុងបុណ្យចូលឆ្នាំខ្មែរ កន្លង ទៅនេះ… វាមិនច្រើនទេ លុយត្រឹមតែ១៥០ដុល្លារ តែនាងមិនត្រូវធ្វើបែបនេះ លើនាង(ក្មួយស្រី)ទេ…» ។

ទាក់ទងទៅនឹងការបង្ហាញសារខ្លី របស់តារាសម្តែងជើងចាស់ លោក សាវិន ហ្វីលីព នេះ បានធ្វើឲ្យប្រធានក្រុម តារាបង្ហាញម៉ូដ កញ្ញា សារ៉ា ផ្ទុះកំហឹងយ៉ាងខ្លាំង ដោយបានប្រាប់តាមទូរស័ព្ទ ឲ្យគេហទំព័រ LookingTODAY ឲ្យដឹងនៅ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥នេះថា នាងមានអារម្មណ៍ថា ខឹងខ្លាំងមែនទែន ដែលនៅសុខៗ មាន បុរសម្នាក់ ដែលជាតារាដែរនោះ បានបង្ហោះសារប្រមាថ បង្ខូចកិត្តិយសរបស់នាង ជាសាធារណៈ ទាំងដែល នាងមិនបានដឹងខ្លួន អ្វីសោះទាក់ទង ទៅនឹងការជួលតារាម្នាក់ឈ្មោះ សុវណ្ណ រ៉ាផា នោះ ។

សារ៉ាបន្តថា នាងពិតជាបានជួល និងឲ្យតម្លៃ (១៥០ដុល្លារ)ប៉ុណ្ណឹងមែន..! តែនាងបានប្រាប់តារាស្រីរូបនោះថា ខាងក្រុមហ៊ុន នឹងបើកលុយឲ្យនាង នៅថ្ងៃទី២៨ ខែមេសានេះ តែដោយសារខាងក្រុមហ៊ុន គេបើកឲ្យនាងយឺត១ថ្ងៃនាងក៏លើកថ្ងៃ មកបើកថ្ងៃនេះវិញ ដោយមុននេះ មួយ១ម៉ោង នាងបានទូរស័ព្ទទៅតារាស្រីរូបនោះ(ក្មួយលោក ហ្វីលីព) ឲ្យមកបើកលុយ តែមិនទាន់ដល់ពេលមកបើកលុយផង ស្រាប់តែនាងបានឃើញសារនេះ ដែលធ្វើឲ្យនាងមួរម៉ៅ ខឹងតារាប្រុសរូបនោះ (លោកហ្វីលីព)យ៉ាងខ្លាំង ថាបុរសម្នាក់នេះ មានចេតនាវាយប្រហារនាង ។

តារាសម្តែងស្រី កញ្ញា សារ៉ា បានប្រាប់ឲ្យដឹង ទាំងអារម្មណ៍ខឹងសម្បារទៀតថា «សម្រាប់រឿងនេះ វាមិនគួរដល់ថ្នាក់អី ត្រូវសរសេរ វាយប្រហារកិត្តិយសខ្ញុំ ជាសាធារណៈនោះទេ ព្រោះគ្រាន់តែយឺតត្រឹមតែ១ថ្ងៃ ខ្ញុំទុកពេលឲ្យបុរសម្នាក់ នោះ ចេញមុខសុំទោសខ្ញុំ នៅលើ Facebook និងដកពាក្យសម្តីនោះវិញ ។ បើមិនដូច្នេះទេ ខ្ញុំនឹង ចាត់វិធានការ ទៅតាមផ្លូវច្បាប់ ព្រោះថារឿងនេះ វាប៉ះពាល់កិត្តិយស និងមុខមាត់ខ្ញុំខ្លាំងណាស់ គាត់គួរណាស់តែ តេមកជួបខ្ញុំសួរពីរឿងនេះ ឲ្យច្បាស់សិន មិនមែនសរសេរបំផ្លាញ កេរ្តិ៍ឈ្មោះខ្ញុំបែបនេះទេ..» ។

ជុំវិញជម្លោះ ក្តៅគគុករវាង ប្រធានក្រុមតារាបង្ហាញម៉ូដ កញ្ញា សារ៉ា និងលោក សាវិន ហ្វីលីព នេះដែរ គេហទំព័រ LookingTODAY មិនអាចសុំការបកស្រាយ ពីតារាប្រុសលោក ហ្វីលីព ទាក់ទងបញ្ហានេះបានទេ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥នេះ ប៉ុន្តែ LookingTODAY នឹងរង់ចាំការចេញមុខបកស្រាយ ពីលោកនៅពេលក្រោយដោយក្ដីរីករាយ ដើម្បីឲ្យមហាជន អស់មន្ទិលសង្ស័យ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh