កំពង់ចាម ៖ អ្នកបើករថយន្ដកាមរីបា ឡែនម្នាក់ បានជួបគ្រោះថ្នាក់រអិលចូលទៅ ក្នុងទឹកទន្លេ ពេលកំពុង បើក មកដល់ស្ពាន ត្រស់ ក្នុងស្រុកបាធាយ ខេត្ដកំពង់ចាម ប៉ុន្ដែ អ្នកបើករថយន្ដរូបនេះ ត្រូវបានកម្លាំង នគរបាល និងប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែង កើតហេតុ ជួយសង្គ្រោះទាន់ពេលវេលា ដោយស្រង់អ្នក បើក រថយន្ដមកលើគោកទាន់ ខណៈដែលរថយន្ដរបស់ខ្លួន ត្រូវបានទឹកគួច យកទៅបាត់ ។
មន្ដ្រីនគរបាលស្រុកបាធាយ បានឱ្យដឹង ថា ហេតុការណ៍នេះបានកើតឡើងកាលពី ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅ ចំណុចស្ពានត្រស់ ស្រុកបាធាយ ខណៈដែល ជនរងគ្រោះបានបើករថយន្ដតែ ម្នាក់ឯងមក ដល់ចំណុចកើតហេតុ ។
ប្រភពព័ត៌មានពីមន្ដ្រីនគរបាលដដែល បានបន្ដថា មុនពេលកើតហេតុ គេបានឃើញ កាមរីបាឡែន ពណ៌ខ្មៅមួយគ្រឿង បើក ដោយបុរសម្នាក់ ធ្វើដំណើរតាមដងផ្លូវ លុះ មកដល់ចំណុចស្ពានត្រស់ ទំនងជាផ្លូវរអិល ក៏ជ្រុលធ្លាក់ចូលទៅក្នុងទឹកទន្លេ ដែលកំពុង ហូរយ៉ាងខ្លាំង ។ ភ្លាមៗនោះ កម្លាំងនគរ បាលដែលយាមប្រចាំការនៅចំណុចស្ពានត្រស់ ព្រមទាំងប្រជាពលរដ្ឋ នៅទីនោះបាននាំគ្នា ហក់ចូល ទៅក្នុងទឹក បើកទ្វាររថយន្ដជួយជន រងគ្រោះជាអ្នកបើកឡើងមកលើគោក រួច ផុតពីសេចក្ដីស្លាប់ ប៉ុន្ដែរថយន្ដត្រូវបានទឹក ដែលកំពុងហូរនោះ បានគួចយកទៅបាត់ ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្រោយពី ជួយសង្គ្រោះរួចហើយ អ្នកបើករថយន្ដត្រូវ បាននគរបាលស្រុកបាធាយ ទាក់ទងទៅនគរ បាលស្រុកចំការលើ បញ្ជូនទៅផ្ទះ ដោយឡែក រថយន្ដរបស់ជនរងគ្រោះរហូតមកដល់រសៀល ថ្ងៃដដែលនេះ មិនទាន់រកឃើញនៅឡើយ ទេ ៕