CamNews

កំសាន្ត 

ចន ច័ន្ទលក្ខិណា ប្រតិកម្ម​ និងការរិះគន់ របស់ លោក អ៊ុក គឹមសេង

ភ្នំពេញ៖ លោក អ៊ុក គឹមសេង ដែលជាទីប្រឹក្សាក្រសួងព័ត៌មាន បានបង្ហាញសារ រិះគន់មួយ ទៅលើអាជីព ជាពិធីការិនី របស់តារាស្រីរាងខ្ពស់ស្រឡះ អ្នកនាង ចន ច័ន្ទលក្ខិណា ខណៈ ដែលនាងបាន បង្ហាញវត្តមានសម្ភាសន៍ភ្ញៀវកិត្តិយស នៅក្នុងកម្មវិធីទូរទស្សន៍មួយ កាលពីពេលថ្មីៗនេះ ដោយលោកបានប្រាប់ឲ្យនាង ទៅរៀនរបៀបសម្ភាសន៍ជាថ្មី ។ ទាក់ទង នឹងការរិះគន់នោះ បានធ្វើឲ្យតារាស្រី ចន ច័ន្ទលក្ខិណា បញ្ចេញប្រតិកម្មតបត ដោយបានលើកឡើងថា ចាប់តាំងពីនាងចាប់ អាជីពពិធីការិនី គឺមិនធ្លាប់រងការរិះគន់ បែបនេះទេ នាពេលកន្លងមក។

តាមរយៈសារខ្លី បង្កប់ន័យរិះគន់ ដែលលោក អ៊ុក គឹមសេង បានសរសេរបង្ហោះ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់លោក ក្នុងន័យផ្ញើរសារ ទៅឲ្យតារាសម្តែងជើងចាស់ អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរថា " បើកភ្នែកឃើញ និងឮសម្ភាសន៍សួរ ដើម្បី សួរ = និយាយ ដូចអត់និយាយ គួររៀនរបៀបសម្ភាសន៍ ថាត្រូវត្រៀមអ្វីខ្លះ ? សំណួរផ្តើមសេចក្តី សំណួរបិទ សំណួរបើក ។ល។ "។

ទាក់ទងទៅនឹងការលើកឡើង របស់ទីប្រឹក្សា ក្រសួងព័ត៌មានបែបនេះ ត្រូវបានតារាសម្តែង និង ជាតារាបង្ហាញម៉ូដ អ្នកនាង ចន ច័ន្ទលក្ខិណា បកស្រាយប្រាប់គេហទំព័រ LookingTODAY ឲ្យដឹង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ថា នាងមិនបានដឹងច្បាស់ទេថា លោក អ៊ុក គឹមសេង រិះគន់នាងត្រង់ចំណុច មួយណាទាក់ទងនឹងអាជីពពិធីការិនី ព្រោះថា នៅពេលដែលសរសេរ សារបង្ហោះនោះ លោកមិនបានបញ្ជាក់ច្បាស់ ពីចំណុចខ្វះខាត របស់នាងឡើយ។ "សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំគិតថាប្រយោគរិះគន់ ដែលគាត់ (អ៊ុក គឹមសេង) សរសេររិះគន់នោះ គឺប្រើប្រាស់ ប្រយោគ មិនសមរម្យទេ ការដែលខ្ញុំនិយាយបែបនេះ គឺខ្ញុំពិតជាមិនយល់ ចំពោះ សម្តីរបស់គាត់ ឬក៏និយាយម្យ៉ាងទៀតថា គាត់អ្នកចេះដឹងច្រើនជាងខ្ញុំ ទើបខ្ញុំមិនយល់ក៏មិនដឹង"។ លក្ខិណា បញ្ជាក់បន្ថែម។

តារាស្រីខ្ពស់ស្រឡះ មានឈ្មោះបោះសំឡេងរូបនេះ បានប្រាប់ឲ្យដឹងបន្តទៀតថា "នេះជា លើកទី១ ហើយដែលខ្ញុំទទួលរងការរិះគន់បែបនេះ ព្រោះថាកន្លងមកមាន ការរិះគន់ពីទស្សនិកជនមិត្តភក្តិ (ក្នុងន័យស្ថាបនា) ទាក់ទងនិងសំឡេង ហើយខ្ញុំទទួលស្គាល់ថា សំឡេង របស់ខ្ញុំ មិនសូវពីរោះ និងមានទឹកដមដូច ពិធីការិនីដទៃ។ តែខ្ញុំក៏មិនអាចកែប្រែធម្មជាតិបានដែរ ម្យ៉ាងវិញទៀតរាល់ថ្ងៃអាជីព ដែលខ្ញុំស្រឡាញ់ពេញចិត្ត និងសំខាន់គឺការសម្តែង និងជាតារាបង្ហាញម៉ូដ ហើយសម្រាប់អាជីពជាពិធីការិនី គឺគ្រាន់តែជាផ្នែកមួយ សម្រាប់ខ្ញុំតែប៉ុណ្ណោះ " ។

អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រាប់ឲ្យដឹងបន្ថែមទៀតថា នាងទទួលថា ការងារអាជីពពិធីការិនី គឺនៅមានកម្រិត ហើយនៅក្នុងនោះ នាងក៏ខំប្រឹងពង្រឹងសមត្ថភាព និងហាត់រៀនពីរៀមច្បង ដែលកាលពីពេលកន្លងមក គ្រាន់តែមនុស្សយើងម្នាក់ៗ មានជំនាញផ្សេងៗពីគ្នា មិនអាចមានជំនាញ និងពូកែ គ្រប់ទាំងអស់ឡើយ តែងតែមានខ្វះចន្លោះ ហើយគ្រាន់តែតិច និងច្រើនប៉ុណ្ណឹងឯង ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh