ភ្នំពេញ៖ ភរិយារូបស្រស់សោភា របស់មហាសេដ្ឋីស្រុកខ្មែរ អ្នកឧកញ៉ា គិត ម៉េង គឺលោកស្រី ម៉ៅចំណាន ហៅ ស្រីតូច ចំណាន បានបង្ហើបឲ្យដឹងថា លោកស្រីបានរៀបចំឯកសារ ដាក់ពាក្យប្តឹង ទៅអគ្គស្នងការនគរបាលជាតិ ទៅលើអ្នកដែលបន្លំយកឈ្មោះ របស់លោកស្រី ទៅបង្កើត AccountFacebook ក្លែងក្លាយ ហើយយកទៅធ្វើការ បញ្ចេញមតិមិនសមរម្យប៉ះពាល់ ដល់សេចក្ដីថ្លៃថ្នូររបស់លោកស្រី ក៏ដូចជាក្រុមគ្រួសារ ។ យោងតាមពាក្យបណ្ដឹង បានបញ្ជាក់ថា «ឈ្មោះ ម៉ៅ ចំណាន ភេទស្រី អាយុ៣២ ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ ៤៦ ផ្លូវ៤៦៨ សង្កាត់ទូលទំពូងទី២ ខណ្ឌចំការមន សូមគោរពចូលមកលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការគនរបាលជាតិ ដើម្បីចាត់វិធានការចាប់ ជនខិលខូចក្លែងបន្លំ ប្រើប្រាស់ឈ្មោះ និងរូបថត នាងខ្ញុំលើបណ្ដាញសង្គម Facebook»។
ក្នុងពាក្យបណ្ដឹងខាងលើ បានបញ្ជាក់ទៀតថា «ឈ្មោះ Facebook នោះមានចំនួន២ ដែលមានអាសយដ្ឋាន https;//www.facebook/CultureAndDesign ជាអាសយដ្ឋានFacebook Page និងអាសយដ្ឋាមួយទៀត http;//www.facebook/10008401651002 ជាអាសយដ្ឋាន Facebook Account ដែលបានបង្កើតដាក់ឈ្មោះ និងរូបថតរបស់នាងខ្ញុំ និងបានសរសេររិះគន់រាជរដ្ឋាភិបាលទៀតផង ។ ទង្វើនេះធ្វើឲ្យប៉ះពាល់កិត្តិយសនាងខ្ញុំ និងគ្រួសារ និងមិនអាចអត់ឱនឲ្យបានឡើយ» ។
ដោយឡែក បើតាមប្រភពដែលនៅជិតដិត ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង បានបង្ហើបប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា នៅថ្ងៃម្សិលមិញនេះ អ្នកនាង ស្រីតូច ចំណាន បានរៀបចំពាក្យបណ្ដឹង ប្តឹងទៅកាន់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពាក់ព័ន្ធទៅលើបុគ្គលមួយចំនួន បានដែលបានយកឈ្មោះនាង ទៅបង្កើត Account Facebook លេងយ៉ាងអនាធិបតេយ្យ ធ្វើឲ្យខូចកិត្តិយសកេរ្តិ៍ឈ្មោះ របស់នាងយ៉ាងខ្លាំង ជាពិសេសនៅពេលដែលអ្នកលេង Facebook នោះ យកឈ្មោះនាងទៅសរសេរ រិះគន់លើរដ្ឋាភិបាលផងដែរ ។
ប្រភពខាងលើបានប្រាប់ឲ្យដឹងទៀតថា នេះមិនមែនជាលើកទីមួយទេ ដែល អ្នកនាង ស្រីតូច ចំណាន និងស្វាមី គឺអ្នកឧកញ៉ា គិត ម៉េង មានបំណងចង់ដាក់ពាក្យប្តឹង ទៅលើអ្នកយកឈ្មោះ លោកទាំងពីរទៅបង្កើត Facebook លេងធ្វើឲ្យខូចឈ្មោះនោះ ព្រោះថាកាលមុនពេលដែល លោកទាំងពីររៀបការ នោះ អ្នកឧកញ៉ា គិត ម៉េង ធ្លាប់បានព្រមានដាក់ពាក្យប្តឹងម្តងហើយ ទៅលើអ្នកយកឈ្មោះ លោកទៅលេងដោយរំពឹងថា ក្រោយពីមានពាក្យបណ្ដឹងនេះ នឹងធ្វើឲ្យអ្នកចូលចិត្ត លេងហ្វេសប៊ុកផ្សេងទៀត ដែលយកឈ្មោះទៅលេងបញ្ឈប់ទង្វើររបស់ខ្លួន តែគ្រប់យ៉ាងវាមិនដូចការគិតឡើយ ហេតុដូច្នេះហើយទើប អ្នកនាង ស្រីតូច ចំណាន សម្រេចចិត្តដាក់ពាក្យប្តឹងបែបនេះតែម្តងទៅ ។
ប្រភពដដែល បានបង្ហើបឲ្យដឹងទៀតថា សម្រាប់អ្នកនាង ស្រីតូច ចំណាន គឺមាន Account Facebook ផ្ទាល់ខ្លួនមួយ ប៉ុន្តែលោកស្រី មិនបានដាក់ឈ្មោះ ពិតរបស់ខ្លួន ដូច Account ផ្សេងឡើយ ពោលឈ្មោះ Facebook ពិតរបស់លោកស្រីមាន តែមិនបានដាក់ឈ្មោះ ពេញនោះទេ គឺមានឈ្មោះ «MC Chamnan »។ ម្យ៉ាងទៀតលោកស្រី ក៏គ្មានពេលទំនេរ ណាមកលេង Facebook ដែរ ព្រោះមួយថ្ងៃៗ គាត់រវល់ជាមួយការងាររកស៊ីមុខជំនួញខ្លាំង ហើយក្រៅពីនោះគាត់ក៏ដើរ តួជាស្ត្រីមេផ្ទះទៀត គ្មានពេល ណាទំនេរណាទៅលេង Facebook ឡើយ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល