ភ្នំពេញ៖ តារាពហុជំនាញ ដ៏ល្បីល្បាញ លោក ជួប ច័ន្ទកក្ដដា ហៅ រ៉ូលីន ជាតារាលេចមុខលេចមាត់ខ្លាំង ក្នុងកញ្ចក់ ទូរទស្សន៍ក្នុងស្រុកខ្មែរ អ្នកណាក៏ស្គាល់ពីទេពកោសល្យរបស់តារារូបនេះដែរ ។ លោក រ៉ូលីន ធ្លាប់ប្រទះរឿងរ៉ាវល្អ និង មិនល្អជាច្រើន ទាក់ទងនឹងពាក្យចចាមអារ៉ាមនានា តែមិនបានប៉ះពាល់ ដល់ភាពល្បីល្បាញលោកឡើយ។ កម្មវិធី ជាច្រើនក្នុងមាយធីវី (MyTV) សុទ្ធតែមានវត្តមានលោក រ៉ូលីន ជាប្រធានបទក្នុងទូរទស្សន៍មួយនេះ ខណៈ ទូរទស្សន៍មួយនេះក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយផលិតកម្ម ថោន ។
ម្យ៉ាងទៀត ចំណុចចាប់អារម្មណ៍ គឺនាងខ្ញុង លោក ពាក់មី នាង កាតុ ជាតារាចម្រៀងផលិតកម្ម ថោន ទាំងអស់តែ នៅរ៉ូលីនមួយ មិនទាន់មានទ្រនំត្រឹមត្រូវ ទោះសំឡេងលោកច្រៀងបានគ្រប់សមត្ថភាពក៏ដោយ លោកធ្លាប់តែសម្ដែង ហើយរឿងលោក មិនសូវជាលេចធ្លោរខ្លាំង ដូចពេលលោកសម្ដែង តាមទូរទស្សន៍ឡើយ ។
កាលពីថ្ងៃសៅរ៍កន្លងមកនេះ ម្ចាស់ផលិតកម្ម ថោន បានប្រារព្ធខួបកំណើតកូនស្រីរបស់ខ្លួន បានហៅតារាៗក្នុង ផលិតកម្មទាំងអស់ ចូលរួម។ ឆ្លៀតក្នុងឱកាសនោះ ម្ចាស់ផលិតកម្ម បានថ្លែងអំណរដល់អ្នកដែល ជំរុញឲ្យ ផលិតកម្ម ដើរទៅមុខ រួមទាំងការងារទាំងអស់ តែភ្ញាក់ផ្អើលបំផុត លោកបានប្រកាសថា រ៉ូលីន បានក្លាយជាតារាក្នុងផលិតកម្ម ថោនហើយ នឹងមានការងារថ្មីជាច្រើន សម្រាប់លោករ៉ូលីន ។
ការប្រកាសម្ចាស់ផលិតកម្ម ថោន ខាងលើ ធ្វើមហាជនជាច្រើន ស្ទើរតែធ្លាក់ពីលើកៅអី ដោយសារមិនទាន់ ជឿត្រចៀកខ្លួនឯង ព្រោះរ៉ូលីន ជាតារាដែលមានសេរីភាពបំផុត ចង់ចូលទូរទស្សន៍ណាក៏បាន ព្រោះមិនមែនតា រាជាប់កុងត្រា ។តែបើសិនចូលផលិត ថោន តើនឹងមានអ្វីកើតឡើង? ព្រោះជាតារាចម្រៀង ក្នុងផលិតកម្មនេះ ពិបាក ក្នុងការឡើងទូរទស្សន៍ហង្សមាសបំផុត ព្រោះផលិតកម្ម ថោន មិនអនុញ្ញាតិឡើយ ។
លោក ជួប ច័ន្ទកក្ដដា មិនអាចសុំការបំភ្លឺបានឡើយ ជុំវិញព័ត៌មានដែលម្ចាស់ផលិតកម្ម បានប្រកាសថា លោកក្លាយជាតារាចម្រៀងក្នុងផលិតកម្មថោន នៅពេលនេះ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល