CamNews

កំសាន្ត 

អាម៉ុចដា ប្ដេជ្ញាជម្រុះ ភាព​ឈឺ​ចាប់​ចេញ​ពី​ជី​​វិត ក្រោយ​ទទួល​វិប្បដិសារី ស្នេហា

ភ្នំពេញ៖ បន្ទាប់ពីតារាស្រីវ័យក្មេងកញ្ញា អ៊ុំ មន្ថាកាន ហៅ អាម៉ុចដា បានផ្អាកការងារសិល្បៈ មួយរយៈពេលធំសំងំខូច ចិត្តរឿងស្នេហារួចមក ពេលនេះនាងបានចេញមុខ មកស្រវ៉ាការងារ ដូចដើមវិញហើយ ដោយនាងបានបង្ហើបឲ្យដឹងថា នៅក្នុងពេលឆាប់ៗខាងមុខនេះ នាងនឹងស្រវ៉ាចាប់យកអាជីពថ្មីមួយទៀត គឺជាអ្នកអានព័ត៌មាននៅស្ថានីយ ទូរទស្សន៍ថ្មីមួយ ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥នេះ តារាសម្តែងស្រីវ័យក្មេង សម្បុរស្រអែមស្រស់កញ្ញា អាម៉ុចដា បានប្រាប់ឲ្យដឹងថា ពេលនេះនាងបានវិលមកផ្តើម ការងារសិល្បៈវិញហើយ ដោយនៅក្នុងនោះ នាងក៏កំពុងតែត្រៀមខ្លួន ចាប់យកអាជីពថ្មី មួយបន្ថែមលើអាជីពចាស់ គឺការងារធ្វើជាពិធីការិនី អានព័ត៌មាន បន្ថែមលើការសម្តែង នៅស្ថានីយទូរទស្សន៍មួយ (សុំលាក់ឈ្មោះ) ។

តារាស្រីដែលទើបតែជួបរឿងខកស្នេហ៍រូបនេះ បានប្រាប់ឲ្យដឹងទៀតថា «ចំពោះការងារថ្មីនេះ គឺតម្រូវឲ្យខ្ញុំពង្រឹងសមត្ថភាព ខ្លួនឯងច្រើន ដោយស្ថានីយទូរទស្សន៍ ចង់ឲ្យខ្ញុំបន្តការសិក្សាទៅលើផ្នែកណាមួយឲ្យច្បាស់ និងមានមូលដ្ឋានសម្រាប់ខ្លួនឯង មុននឹងទទួលតំណែង ជាអ្នកអានព័ត៌មាន ។ ដូច្នេះខ្ញុំត្រូវតែខំប្រឹងដើម្បីអនាគត ។ ម្យ៉ាងវិញទៀត សម្រាប់ការងារអានព័ត៌មាននេះ ខ្ញុំមានចិត្តស្រឡាញ់តាំងពីតូច តែអត់មានឱកាស ទើបតែពេលនេះ មានសំណាង ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត បើសិនជាការងារ ដំណើរទៅតាមអ្វីដែលបានគិត គឺខ្ញុំនឹងចូលធ្វើការ នៅក្រោយពេលចូលឆ្នាំខ្មែរនេះហើយ» ។

តារាស្រី ដែលចាប់ផ្តើមវិវត្តន៍ខ្លួនពីសុភាពមកជាតារាសិចស៊ី ស្លៀកពាក់បញ្ចេញសាច់សខ្ចីល្វក់ បានប្រាប់ឲ្យដឹងទៀតថា ពេលនេះនាងខំប្រឹង ផ្លាស់ប្តូរខ្លួនឯង ពីនារីទន់ជ្រាយ មកជានារីរឹងមាំ នាងធ្វើគ្រប់យ៉ាងដើម្បីឲ្យការងារជោគជ័យ ព្រោះថា នាងចង់រស់នៅដោយប្រើជីវិតថ្មី ទាំងការតុបតែងខ្លួន ពីសុភាពមកជាសិចស៊ី ពីតារាសម្តែងមកស្រវ៉ាការអានព័ត៌មាន ។ ក្នុងនោះនាង ក៏មានការផ្លាស់ប្តូរជាច្រើនទៀត ដាច់ខាតមិនឲ្យមានភាពដដែលៗឡើយ ។

កញ្ញា អាម៉ុចដា បានប្រាប់ឲ្យដឹងបន្ថែមទៀត ទាក់ទងរឿងស្នេហារបស់នាងថា «ក្រោយពីខ្ញុំបានសំងំខូចចិត្ត អស់ពេលមួយរយៈមក ពេលនេះ ខ្ញុំបានគិតយល់ហើយថា ខ្ញុំមិនគួររស់នៅជាមួយ ភាពឈឺចាប់តទៅទៀតទេ ខ្ញុំគួរតែក្រោកឈរតស៊ូទៀត ។ ពេលនេះខ្ញុំក៏បានសម្រេចចិត្ត បិទទ្វារបេះដូងមួយរយៈធំសិន បើទោះជាមានកន្លង់ជាច្រើន កំពុងតែតាមសុំស្នេហ៍ក៏ដោយ ព្រោះថា ខ្ញុំចង់ទុកពេលពង្រឹង សមត្ថភាពការងារ ឲ្យជោគជ័យខ្លាំង មិនចង់គិតរឿងស្នេហា នាំឈឺចាប់ទៀតឡើយ…» ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh