CamNews

តារា 

ពិសី និងការ៉ា សុទ្ធតែអះអាងថា ជោគជ័យដូចគ្នា

ភ្នំពេញ៖ តារាចម្រៀងរាងតូចច្រឡឹង កញ្ញា រតនៈ ពិសី និងតារាចម្រៀង ក្នុងផលិតកម្ម Bigman កញ្ញា សរ ស៊ុនណារី ហៅ ការ៉ា ថ្មីៗនេះ បានអូសវ៉ាលី ត្រឡប់មកពីសម្ដែង នៅក្នុងប្រទេស អូស្រ្តាលី វិញ មុនពេលកំណត់ថ្ងៃ ដោយសារតែ ខាង Sponsor រៀបចំក្នុងលក្ខណៈ ប្រថុចញ៉ុចពេក ទើបធ្វើឲ្យនាង និងការ៉ា ព្រមទាំងក្រុមការងារ ត្រូវសម្រេចចិត្តវិលទ្រឡប់ មកវិញមុនគម្រោង បែបនេះ ។ ប៉ុន្តែទោះបីជា ក្នុងដំណើរទៅសម្ដែងនៅក្រៅប្រទេស របស់តារាចម្រៀងខ្មែរ ខាងលើនេះត្រូវបានត្រឡប់មកវិញ មុនពេលកំណត់បន្តិចក្ដី តែពួកគេបានអះអាងថា ទទួលបានជោគជ័យគួរជាទីគាប់ចិត្ត ថ្វីដ្បិតនេះជាលើកទី១ ។

ថ្លែងនៅឯព្រលានយន្តហោះ អន្តរជាតិ ខណៈដែលតារាចម្រៀងទាំងពីរដួង ចុះពីលើយន្តហោះ កាលពីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ នេះ តារាចម្រៀងស្រី វ័យក្មេង កញ្ញា រតនៈ ពិសី និង កញ្ញា សរ ស៊ុនណារី បានប្រាប់ឲ្យដឹងស្របគ្នាថា មូលហេតុដែល នាង និងក្រុមការងារ ត្រូវត្រឡប់មកវិញមុនកាលកំណត់ នោះ គឺខាងអ្នកធានារៀបចំមិនទាន់ ហើយអ្នកចម្រៀងក៏ត្រូវឆាប់ត្រឡប់មកវិញដែរ ព្រោះត្រូវប្រញាប់ចេញទៅអាមេរិក មួយប្រទេសទៀត ពោលគឺគ្មានបញ្ហាអ្វីធំនោះទេ។

រតនៈ ពិសី បានប្រាប់ឲ្យដឹងបន្តទៀតថា " ខ្ញុំទៅសម្ដែងនៅអូស្រ្តាលី ជាមួយកញ្ញា ការ៉ា បានពីររដ្ឋ គឺនៅមែលប៊ន និងស៊ីដនី ហើយបានចំនួន ៣ Show ។ ថ្វីតែពួកខ្ញុំត្រូវបានអញ្ជើញទៅ ក្នុងរយៈពេលខ្លី និងពុំមានគម្រោងច្បាស់លាស ប៉ុន្តែពួកគាត់មានការគាំទ្រច្រើន បានមករាំលេងសប្បាយ ជាមួយពួកខ្ញុំបានច្រើន..!"។

តារាចម្រៀងទាំងពីរដួងនេះ បានប្រាប់ឲ្យដឹងទៀត ទាំងអារម្មណ៍រំភើបរីករាយ ឥតឧបមាថា បើទោះជាការចេញ ទៅសម្តែង នៅលើទឹកដី អូស្ត្រាលី មានការវិលត្រឡប់ មកមុនថ្ងៃកំណត់ក៏ដោយ តែសម្រាប់ ការសម្តែងរបស់នាង និងក្រុមការងារ គឺទទួលបានការគាំទ្រ និងជោគជ័យគួរជាទីគាប់ចិត្ត ជាពិសេសការស្នាក់នៅទីនោះ គឺបងប្អូន ប្រជាពលរដ្ឋខ្មែរ នៅទីនោះ យកចិត្តទុកដាក់ ជាមួយពួកគេ ខ្លាំងមែនទែន ធ្វើឲ្យពួកគេមានភាពកក់ក្ដៅ។

ជាមួយគ្នានោះ កញ្ញា ពិសី បានប្រាប់ឲ្យដឹងថា នៅដើមឆ្នាំ២០១៥ ខាងមុខនេះ នាងមានគម្រោងចេញ ទៅអាម៉េរិក រយៈពេលយូរ គឺដល់ទៅ៣ខែតែម្តង តែទោះជាយ៉ាងណា នាងក៏មិនទាន់ច្បាស់ថា ចេញទៅខែណា និងជាមួយតារារូបណាទេ គឺរង់ចាំឲ្យជិតដល់ពេល ទើបដឹងច្បាស់៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh