ភ្នំពេញ៖ នៅរាត្រីយប់ថ្ងៃទី២៤ ខែធ្នូនេះ ខាងស្ថានីយទូរទស្សន៍អប្សរា នឹងរៀបចំកម្មវិធី ប្រគល់ពានរង្វាន់ ដល់តារាប្រុសស្រី ដែលចូលរួមប្រឡង ក្នុងកម្មវិធី “Apsara Award” ចំនួន២០នាក់ ប៉ុន្តែនៅក្នុងនោះ តារាទឹកភ្នែក កញ្ញា លី ច័ន្ទសីហា បានខកខានមិនបាន ចូលរួមទទួលពានរង្វាន់ឡើយ ព្រោះតែនាងជាប់ដៃ ចេញទៅកើបប្រាក់ នៅប្រទេសអូស្ត្រាលី ។
តារាសម្តែង ដែលមានទេពកោសល្យ ក្នុងការបង្ហូរទឹកភ្នែក កញ្ញា លី ច័ន្ទសីហា ក៏ជាដួងតារាមួយដួង ដែលចូលរួម ប្រកួតប្រជែង ដណ្តើមពានរង្វាន់ ជាមួយតារាជាច្រើនទៀតផងដែរ ដោយនាងបានបញ្ចេញ កាយវិកាទន់ភ្លន់ ខំប្រឹងសម្តែង អស់ពីសមត្ថភាព ព្រោះតែនាង មានក្តីស្រមៃ ចង់ឈរនៅលើឆាក កាន់ពានរង្វាន់ Apsara Award ។
នៅទីបំផុត ពិធីប្រគល់ពានរង្វាន់ ក៏បានរំកិលចូលមកដល់ ប៉ុន្តែតារាស្រី កញ្ញា លី ច័ន្ទសីហា បែរជាអវត្តមាន មិនបានអញ្ជើញ ចូលរួម ក្នុងកម្មវិធីនារាត្រីយប់នេះ តាមក្តីស្រមៃរបស់នាងឡើយ ខណៈដែលពេលនេះ នាងកំពុងតែមានវត្តមាន ច្រៀងរាំនៅលើឆាក ក្នុងប្រទេសអូស្ត្រាលី ដែលជាដើមហេតុធ្វើឲ្យ នាងខកខាន មិនបានចូលរួម ។
ក្នុងពិធីប្រគល់ ពានរង្វាន់ នារាត្រីយប់នេះ មានវត្តមានតារាប្រុសស្រី១៨ដួង អញ្ជើញចូលរួម មានស្រី៩ដួង មានដូចជា ថន លក្ខិណា, ដួង ម៉ាណា, នៅ សូនីតា, ឡោម លក្ខិណា, អាលីហ្សា, ញឹម ចាន់ថន, ចាន់ ស្រីរ័ត្ន, ពៅ លីដា ហើយតារាប្រុស៩រូប គឺមាន សុខ សេរីវឌ្ឍនា, អ៊ុន សិទ្ធា, ឡាយអ៊ិន, អេឡិច ហ្សូរ៉ា, បញ្ញាសិទ្ធិ, វី ជីវ័ន្ត, ប៉ែន ភ័ក្ត្រសុភារិទ្ធ, សាយ រតនៈ, និង យន សុភ័ក្ត្រ ៕




ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល