CamNews

ព័ត៌មានជាតិ 

បាក់រលំព្រះវិហារវត្តព្រះបារមីវង្គដ្ឋបូរី ក្នុងសង្កាត់ទឹកថ្លា អស់មួយចំហៀង សំណាងល្អមិនមានអ្នករបួស

(ភ្នំពេញ)៖ ព្រះវិហារវត្តព្រះបារមីវង្គដ្ឋបូរី ជ្រុងខាងកើតមួយចំហៀង បានបាក់រលំដល់ដី សង្កត់គ្រឿងចក្រមួយគ្រឿង (អេស្កាវទ័រ) ខណៈដែលអេស្កាវទ័រមួយគ្រឿងនោះ កំពុងវាយកាំជណ្តើរឡើងព្រះវិហារ ហើយបានវេទៅ ប៉ះសរសរព្រះវិហារបណ្តាលឲ្យ បាក់រលំតែម្តង ប៉ុន្តែសំណាងល្អដែរ មិនមានអ្នករងគ្រោះថ្នាក់។

ហេតុការណ៍នេះកើតឡើង នៅម៉ោង១៤៖១០នាទី រសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦ម្សិលមិញ នៅក្នុងបរិវេណវត្ត វត្តព្រះបារមីវង្គដ្ឋបូរី ស្ថិតនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីតាអាចារ្យប្រាប់ថា ព្រះវិហារ វត្តព្រះបារមីវង្គដ្ឋបូរីនេះ បានកសាងឡើងក្នុងអំឡុងឆ្នាំ១៩៨៣មកម្ល៉េះ ហើយមកដល់បច្ចុប្បន្ននេះ ឲ្យតែដល់ខែវស្សាទឹកឡើងធំតែងតែលិច មកដល់ជើងព្រះវិហារ ទើបព្រះចៅអធិការវត្ត បានស្រុះស្រួល មតិគ្នាជាមួយពុទ្ធបរិស័ទ ចំណុះជើងវត្ត ចាប់ផ្តើមកសាងខឿនព្រះវិហារថ្មី ដោយឲ្យអេស្កាវទ័រមួយគ្រឿង មកកាយឈូសឆាយ និងវាយកម្ទេច​ជណ្តើរថ្ម
សងខាងចោល ដើម្បីបន្តការសាងសង់។ លុះរហូតដល់ វេលាម៉ោងកើតហេតុ ខណៈដែលអេក្វាវទ័រ កំពុងវាយបំបែកកាំជណ្តើរផ្នែកខាងកើត ព្រះវិហារស្រាប់តែដៃអេក្វាវទ័រ បានរេទៅប៉ះសរសរព្រះវិហារ បណ្តាលឲ្យបាក់ សរសរអស់មួយដើម និងបាក់រលំព្រះវិហារមួយចំហៀង សង្កត់ទៅលើ អេក្វាវទ័រ ដែលកំពុងធ្វើការនោះតែម្តង ប៉ុន្តែសំណាងល្អ អ្នកបើកបររត់ចេញទាន់ មិនមានរងរបួសឡើយ គ្រាន់តែសង្កត់ខូចអេក្វាវទ័រប៉ុណ្ណោះ។

ប្រភពព័ត៌មានដដែលប្រាប់បន្តថា នៅក្នុងករណីបាក់ព្រះវិហារ វត្តព្រះបារមីវង្គដ្ឋបូរីមួយចំហៀងនេះ ព្រះចៅអធិការវត្ត មិនទាន់មានយោបល់អ្វីឡើយ ខណៈដែលនៅក្នុងបរិវេណវត្តទាំងមូល កំពុងជាប់រវល់មានប្រជាពលរដ្ឋ ធ្វើបុណ្យឆ្លងចេតីយ៍៕



ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី

Tags: Cambodia Social News PP