ភ្នំពេញ ៖ មន្រ្តីកងរាជអាវុធហត្ថ (អ.ហ) លើផ្ទៃប្រទេសម្នាក់ បានរងនូវការ ចោទប្រកាន់ថា ប្រើអំណាច និងប្រើកាំភ្លើង AK47 ភ្ជង់ និងគំរាមបាញ់សម្លាប់ ស្រ្តីវ័យជាង ៤០ឆ្នាំ គ្រាន់តែរឿង ចតរថយន្ត នៅមុខផ្ទះ កាលពីថ្ងៃសុក្រទី១៦ ខែសីហា ឆ្នាំ២០១៤ កន្លងទៅ ប៉ុន្តែរហូតមក ដល់ថ្ងៃនេះ ស្រ្តីរងគ្រោះ មិនទាន់ទទួល បានយុត្តិធម៌ នៅឡើយទេ ខណៈដែល សមត្ថកិច្ច មូលដ្ឋាន ពុំអាចប្រើសិទ្ធិអំណាចរបស់ខ្លួន ចាត់វិធានការ ក្នុង ករណីនេះ ព្រោះតែមន្រ្តីអាវុធហត្ថរូបនោះ ពាក់សុទ្ធតែផ្កាយ និងលោកខែ។
ស្រ្តីរងគ្រោះ ឈ្មោះ ដានី អាយុ៤៣ឆ្នាំ ជាមន្រ្តីរាជការ នៅក្រសួងមួយ បាននិយាយថា ករណីនេះ បានកើតឡើង កាលពីវេលា ម៉ោងប្រមាណ ១៖១៥នាទី រសៀល ថ្ងៃសុក្រទី១៦ ខែសីហា ឆ្នាំ២០១៤ កន្លងទៅ ស្ថិតនៅមុខ ផ្ទះរបស់គាត់ លេខ៣២សេ ផ្លូវបេតុង ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ស្រ្តីរូបនេះ បានបន្តថា មុនពេលកើតហេតុ មន្រ្តីអាវុធហត្ថលើ ផ្ទៃប្រទេស ឈ្មោះ កែវ ប៊ុនធឿន ផងនោះ បានយករថយន្ត ម៉ាក់ធុនដ្រា និងរថយន្តប្រភេទស្ទូច ធន់ធំ ទៅចតនៅមុខ ផ្ទះរបស់គាត់ លើដងផ្លូវ ពេលនោះដោយសារតែ ទើសផ្លូវ ចេញចូលផ្ទះ គាត់បានប្រាប់ទៅមន្រ្តីអាវុធហត្ថជាម្ចាស់រថយន្តឱ្យយករថយន្តចេញ គ្រាន់មានផ្លូវចូលផ្ទះ ប៉ុន្តែការស្នើសុំ មួយម្តងជាពីរដង របស់គាត់បែបនេះ ត្រូវបានមន្រ្តីអាវុធហត្ថ ឈ្មោះ កែវ ប៊ុនធឿន ប្រើពាក់សម្តីតបមកវិញធ្ងន់ៗ ហើយរហូតដល់ ទាញកាំភ្លើង Ak47 ភ្ជង់ ប៉ងបាញ់ ប្រហារទៀតផង ដែលជាការ ប្រមាថ អាយុជីវិតយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យប្រជាពលរដ្ឋ នៅក្បែរខាងមានការភ័យស្លន់ស្លោរផងដែរ ។
ស្រ្តី ដានី បានបន្តថា ក្រោយពី ជួបរឿងហេតុ បែបនេះ អ្នកស្រី បានដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ច មូលដ្ឋាន ខណ្ឌសែនសុខ ប៉ុន្តែរហូតមក ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ សមត្ថកិច្ច មូលដ្ឋាន ពុំទាន់មាន ចំណាត់ការ នៅឡើយទេ ទំនងខ្លាចបុណ្យស័ក្តិ មន្រ្តីអាវុធហត្ថរូបនោះ។
ស្រ្តីរងគ្រោះ សូមអំពាវនាវ ដល់ថ្នាក់ដឹកនាំ សមត្ថកិច្ច ខណ្ឌសែនសុខ មេត្តាបង្កើន និងមានវិធានការ តាមផ្លូវច្បាប់ ចំពោះជន ប្រើអំណាច និងកាំភ្លើង គំរាមកំហែង ប្រមាថកាតទាន ចង់សម្លាប់ គ្រាន់តែរឿង ចតរថយន្តប៉ុណ្ណឹង៕
,
មន្រ្តីអាវុធហត្ថ ដែលគំរាមបាញ់សម្លាប់ ស្រ្តីរងគ្រោះ






