ភ្នំពេញ៖ ច្បាស់ជាកក្រើកទៀតហើយសម្រាប់កម្មវិធី ប្រដាល់លក្ខណៈអន្ដរជាតិនៅលើសង្វៀនបាយ័ន ស្ទឹងមានជ័យនា ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥ដោយគណៈកម្មការបានផ្គូផ្គងជើងខ្លាំងកម្ពុជាអ្នកលេងកណ្ដាប់ដៃដែក ម៉ឺន សុភា សិស្ស គុនក្លឹបក្រសួងការពារជាតិឲ្យប្រកួតជាមួយកីឡាករជនជាតិស្វីស Gligor Stojanoy ក្នុងប្រភេទទម្ងន់៧០គីឡូក្រាម ។
ម៉ឺន សុភា ត្រូវបានទស្សនិកជនស្គាល់រឹតតែច្បាស់ តាមរយៈការបង្ហាញវត្តមានប្រកួតលក្ខណៈអន្ដរជាតិ ជាមួយកីឡាករ បរទេស ជាពិសេសសម្រាប់ការប្រកួតអន្ដរជាតិ១១លើក ចុងក្រោយជាមួយ ថៃ បារាំង អង់គ្លេស អ៊ីរ៉ង់ និងកីឡាករ ប្រេស៊ីល ជើងខ្លាំងកម្ពុជារូបនេះប្រកួតចាញ់ពិន្ទុ អ្នកលេងឆ្លងដែនមកពីបារាំងម្នាក់, ប្រេស៊ីលម្នាក់ និងកីឡាករថៃម្នាក់ ក្រៅពីនេះគឺ៨ប្រកួត ផ្សេងទៀត ម៉ឺន សុភា ប្រកួតឈ្នះទាំងអស់ ។
ចំពោះសាច់ស្នៀតប្រកួតលើសង្វៀនវិញ ត្បិតអី ម៉ឺន សុភា ទើបមានប្រវត្តិប្រកួតបាន៤២ដងក៏ពិតមែន (ឈ្នះ៣៥, ចាញ់៦ និងស្មើ១) ប៉ុន្ដែបើនិយាយពីបទពិសោធន៍ និងទិចនិច មិនចាញ់អ្នកធ្លាប់ឡើងប្រកួតលើ សង្វៀនច្រើនដង ឡើយ។ អ្វីដែលធ្វើឲ្យគូប្រកួតភ័យខ្លាចនោះ គឺជំនាញប្រើកណ្ដាប់ដៃតែម្ដងដែលជាជំនាញពិសេសសម្រាប់វាយផ្ដួល គូប្រកួត ឲ្យសន្លប់នាពេលកន្លងមក ។
រីឯកីឡាករ Gligor Stojanoy របស់ប្រទេសស្វីសវិញគេមិនធ្លាប់មានប្រវត្តិមកប្រកួតនៅស្រុកខ្មែរនោះទេហើយក៏ គ្មាននរណាដឹងពីស្នៀតប្រយុទ្ធរបស់គេដែរ ប៉ុន្ដែបើតាមការបង្ហើបឲ្យដឹងពីមន្ដ្រីផ្គូផ្គងរបស់សង្វៀនបាយ័ន Gligor ទើបមានបទពិសោធន៍ប្រកួតលើសង្វៀនបាន២០ដងប៉ុណ្ណោះ ក្នុងនោះធ្លាប់ឈ្នះ១៤ និងចាញ់៦ដង ។
ដោយផ្អែកលើបទពិសោធន៍ធ្លាប់ឆ្លងកាត់ការប្រកួតលើសង្វៀនខាងលើ អ្នកវិភាគកីឡាជាតិបានអះអាងថា ម៉ឺន សុភា ប្រហែលជាមិនសូវធ្វើការធ្ងន់ទេ ព្រោះអ្នកខ្លាំងៗជាច្រើន ធ្លាប់មានបទពិសោធន៍ប្រកួតច្រើននៅចាញ់ សុភា ចុះទម្រាំ Gligor ទើបឆ្លងកាត់២០ប្រកួត ម៉េចនឹងអាចទប់ទល់ជាមួយ សុភា បានទៅ ។ ទោះជាយ៉ាងណា នេះគ្រាន់តែជាការ ទស្សន៍ទាយប៉ុណ្ណោះ រីឯលទ្ធផលការប្រកួតជាក់ស្ដែងយ៉ាងណា គឺអាស្រ័យការប្រុងប្រយ័ត្ន និងទិចនិចរបស់កីឡាករ ទាំង២ប៉ុណ្ណោះ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល