ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនីវ័យក្មេង សាច់ស្រឡូន ថ្ពាល់ខួចទាំងសង កញ្ញា ស៊ិន រតនា ក្រោយពីឈានជើងចូលប្រឡូក ក្នុងវិស័យសិល្បៈ មួយរយៈមក ត្រូវបានមហាជនស្គាល់ និងមើលឃើញថា នាងជាតារាស្រីមួយដួង ដែលមានឱកាសច្រើន ក្នុងការបង្ហាញមុខ តាមរយៈការសម្តែង ខ្សែភាពយន្ត និងធ្វើជាពិធីការិនី តាមបណ្តាកម្មវិធីរបស់ ទូរទស្សន៍ក្នុងស្រុក និងការដើរបង្ហាញម៉ូដជាដើម។
ទន្ទឹមនឹងការងារសិល្បៈ និងសន្ទុះនៃកេរ្តិ៍ឈ្មោះរបស់នាង កំពុងតែបោះជំហាន ទៅមុខជាលំដាប់នេះ ស្រាប់តែឮព័ត៌មានមកថា កញ្ញា ស៊ិន រតនា បានផ្អាកពីសិល្បៈមួយរយៈ ដើម្បីយកពេល ទៅមើលការខុសត្រូវលើ មុខជំនួញរកស៊ីផ្ទាល់ខ្លួនខាងក្រៅ ។ ខណៈដែលមុននេះ ក៏មានព័ត៌មានដែរថា នាងបានចំណាយលុយ ខ្ទង់រាប់ម៉ឺន ដុល្លារបើករបររកស៊ីផ្ទាល់ខ្លួន ។
តាមប្រភពព័ត៌មានគួរឲ្យទុកចិត្ត ពីរង្វង់អ្នកសិល្បៈ បានបង្ហើបប្រាប់ LookingTODAY ថា សព្វថ្ងៃនេះ តារាសម្តែងស្រីកញ្ញា ស៊ិន រតនា កំពុងតែក្លាយទៅជាថៅកែ វ័យក្មេងមួយរូប ដោយរវល់ខ្លាំង ជាមួយនឹងមុខជំនួញ រកស៊ីផ្ទាល់ខ្លួន ក្រៅពីអាជីពសិល្បៈ ដែលបានចាយទុន ប្រមាណជាង ៣ម៉ឺនដុល្លារ ដោយមុខជំនួញថ្មីនេះ ត្រូវបានគេដឹងថា ជាលក្ខណៈ នាំចូលផលិតផលក្រៅប្រទេស យកមកលក់នៅក្នុងស្រុកខ្មែរ ។ ដូច្នេះទើបនាង សម្រេចចិត្តផ្អាកសិល្បៈ មួយរយៈពេលខ្លី ដើម្បីមើលការខុសត្រូវ រហូតលេចចេញជាផ្លែផ្កា ដំណើរការជោគជ័យទៅមុខ ទើបនាងចូលសិល្បៈវិញ ។
ទាក់ទងនឹងព័ត៌មាននេះគេហទំព័រ LookingTODAY នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានទំ នាក់ទំនង តាមទូរស័ព្ទ ដើម្បីសុំការបកស្រាយពី កញ្ញា ស៊ិន រតនា ដែរ។ ប៉ុន្តែលេខទូរស័ព្ទរបស់នាង ខលចូលជាច្រើនលើក ប៉ុន្តែគ្មានអ្នកទទួល។
កញ្ញា ស៊ិន រតនា បន្ទាប់ពីដាក់ខ្លួន ចូលប្រឡូកក្នុងសិល្បៈ អស់រយៈពេលប្រមាណជាង ៣-៤ឆ្នាំ មកនេះ ត្រូវបានគេមើលឃើញថា នាងទទួលបានការងារជាច្រើន នៅក្នុងអាជីពសិល្បៈ ទាំងធ្វើជាពិធីការិនី ទាំងការសម្តែងភាពយន្ត និងការបង្ហាញម៉ូដជាដើម៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល