CamNews

កីឡាជាតិ 

ជម្រើស​ជាតិ​កម្ពុជា ធ្វើ​ដំណើរ​មក​ដល់​មាតុ​ភូមិ​វិញ​ព្រឹក​នេះ ក្រោយ​​ស្មើ​ចិន​តៃ​ប៉ិ ២-២

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរមកដល់ទឹកដីរបស់ខ្លួនវិញ នាវេលាម៉ោង ១១:៣០នាទីព្រឹកនេះ បន្ទាប់​ពី​ប្រកួត​ស្មើ​គ្នា​ជា​មួយ​ក្រុម​ម្ចាស់​ផ្ទះ​ចិនតៃប៉ិ ដោយលទ្ធផល ២-២ កាលពីម្សិលមិញ នៅក្នុងជំនួបជើងទី១ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ។

ជាមួយនឹងដំណើរវិលត្រឡប់មកមាតុភូមិនេះដែរ ក្រុមជម្រើសជាតិកម្ពុជា នឹងមិនមានពេលច្រើនដើម្បីសម្រាកនោះទេ ព្រោះ​ត្រូវ​ត្រៀម​​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ក្រុម​ចិនតៃប៉ិវិញម្ដង នៅក្នុងជំនួបជើងទី២ នាថ្ងៃទី០៧ ខែមិថុនាខាងមុខ ដើម្បីកាត់សេចក្ដីក្រុមខ្លាំងឡើងទៅវគ្គបន្ដ ។

គួរបញ្ជាក់ផងដែរថា ការប្រកួតស្មើជាមួយក្រុមចិនតៃប៉ិ ២-២ ក្រៅទឹកដី គឺជាឱកាសល្អ សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ដែល​មាន​សង្ឃឹម​ឡើង​ទៅ​វគ្គ​បន្ដ​ច្រើន ព្រោះការប្រកួតជើងទី២ ធ្វើឡើងក្នុងទឹកដីកម្ពុជា ។ ពិសេសគឺក្រុមជម្រើសជាតិកម្ពុជា ត្រូវការត្រឹមស្មើគ្នា ១-១ ក្នុងទឹកដី ក៏កម្ពុជាទទួលបានកៅអីវគ្គជម្រុះជុំចុងក្រោយទៀតហើយ ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: sport news