CamNews

ព័ត៌មានជាតិ 

ត្រីផ្សោត សមុទ្រ ១ក្បាល ទម្ងន់ជាង ១០០គីឡូ ងាប់អណ្តែតទឹក មកទើរ លើឆ្នេរសមុទ្រ

ព្រះសីហនុ ៖ ត្រីផ្សោតសមុទ្រ ១ក្បាល បានងាប់រលួយជាច្រើនថ្ងៃមកហើយ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅវេលាម៉ោង ១១ និង០០នាទីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤ នៅត្រង់ចំណុចឆ្នេរហាវ៉ៃ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ។ ប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ ឱ្យដឹងថា ដោយសារតែប៉ុន្មានថ្ងៃនេះ ផ្ទៃមេឃពោរពេញទៅដោយភ្លៀងខ្លាំង និងខ្យល់កន្រ្តាក់ម្តងៗ ទើប បានធ្វើត្រីផ្សោតសមុទ្រ១ក្បាល ងាប់អណ្តែតទឹក មកទើរនៅលើឆ្នេរហាវ៉ៃ ហើយក៏បង្កឱ្យមានការភ្ញាក់ ផ្អើលដល់ប្រជាពលរដ្ឋក៏មកមើល។

លោក នេន ចំរើន នាយខណ្ឌរដ្ឋបាលជលផល កំពង់សោម បានមានប្រសាសន៍ប្រាប់ដើមអម្ពិល ឲ្យ ដឹងថា ត្រីផ្សោតដែលងាប់នេះជាប្រភេទត្រីផ្សោត IRRAWADDY DOLPHIN ដែលពូជផ្សោតប្រភេទ នេះ ច្រើនរស់នៅតំបន់សមុទ្រភាគអាស៊ីអាគ្នេយ៍ ហើយមានប្រវែង ១,៤០ម៉ែត្រ ទម្ងន់ប្រហែល ១២០ គីឡូក្រាម ចំពោះមូលហេតុដែលងាប់ សង្ស័យបណ្តាលមកពីជាប់មងអ្នកនេសាទ ព្រោះនៅត្រង់កន្ទុយ ឃើញមានជាប់មង ។ ចំពោះត្រីផ្សោតដែលងាប់នេះលោក នេន ចំរើន បានបញ្ជាឲ្យគេកប់ក្បែរនោះ ហើយ ព្រោះមានសភាពងាប់យូរថ្ងៃ ហើយបញ្ចេញក្លិនស្អុយពិបាកទ្រាំណាស់ ។ 

លោកនាយខណ្ឌរដ្ឋបាលជលផល កំពង់សោម បានបញ្ជាក់ផងដែរថា ចំពោះត្រីផ្សោតប្រភេទនេះ មិន ដែលធ្វើទុក្ខទោសដល់មនុស្សឡើយ ។ ហើយអ្នកទេសចរពេលខ្លះ អាចនឹងឃើញវាហែលប្រដេញលេង តាមទូកជាមិនខាន នៅពេលដែលជិះទូកទេសចរណ៍កំសាន្ត ទៅបណ្តាកោះនានា ក្នុងក្រុងព្រះ សីហនុ នោះ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh