CamNews

កីឡាជាតិ 

ប្រាក់រង្វាន់ ១ម៉ឺនដុល្លារ រត់​តាម​ក្រុ​ម​ជម្រើស​ជាតិ​កម្ពុជា ដល់ទឹកដីម៉ាកាវ

ភ្នំពេញ៖ ក្រៅពីប្រគល់ប្រាក់រង្វាន់ ១ម៉ឺនដុល្លារភ្លាមៗឲ្យក្រុម បាល់ទាត់ជម្រើសជាតិកម្ពុជា ក្រោយបំបាក់ម៉ាកាវ ៣-០ កាលពីថ្ងៃទី១២ ខែមីនាកន្លងទៅ សម្រាប់ជំនួបជើងទី២ ក្នុងវគ្គជម្រុះប្រចាំទ្វីបអាស៊ី នៃពានរង្វាន់ World Cup ឆ្នាំ ២០១៨ នៅរុស៊្សី ដែលនឹងធ្វើឡើងនៅលើទឹកដីម៉ាកាវ នាយប់ថ្ងៃទី១៧ មីនាស្អែកនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានត្រៀមកញ្ចប់ថវិការលើកទឹកចិត្ត ១ម៉ឺនដុល្លារទៀតផងដែរ ប្រសិនបើជម្រើសជាតិកម្ពុជា អាចយកឈ្នះក្រុមម្ចាស់ ផ្ទះម៉ាកាវទៀតនោះ ។

លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្ដែងអារម្មណ៍សប្បាយរីករាយជាខ្លាំង នៅពេលក្រុម ជម្រើសជាតិកម្ពុជា យកឈ្នះម៉ាកាវ ជាមួយនឹងលទ្ធផល ៣-០ កាលពីជំនួបជើងទី១ នៅពហុកីឡដ្ឋានស្ដាតចាស់ ហើយលោកក៏បានប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត ១ម៉ឺនដុល្លារតាមការសន្យាផងដែរ ។

មិនត្រឹមតែប៉ុណ្ណោះ ក្នុងនាមជាថ្នាក់ដឹកនាំសហព័ន្ធ កីឡាបាល់ទាត់កម្ពុជា លោកបញ្ជាក់ថា «ទាំងមន្ដ្រីសហព័ន្ធ និង ទស្សនិកជននៅតែបន្ដគាំទ្រក្រុមជម្រើសជាតិកម្ពុជាជានិច្ចទោះបីមិនបានទស្សនាផ្ទាល់ក៏ដោយហើយសហព័ន្ធក៏បាន ត្រៀមកញ្ចប់ថវិការ លើកទឹកចិត្តថ្មីមួយទៀត សម្រាប់ផ្ដល់ឲ្យក្រុម ជម្រើសជាតិកម្ពុជា ប្រសិនអាចយកឈ្នះលើក្រុម ម្ចាស់ផ្ទះម៉ាកាវ» ។

គួរបញ្ជាក់ថា ជំនួបជើងទី២ គឺជាការប្រកួតមួយដ៏សំខាន់ សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ហើយបើតាមការ បង្ហើបឲ្យដឹងពីមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រាប់ថា បើជើងទី២ ដែលការប្រកួតនឹងចាប់ផ្ដើមនៅវេលាម៉ោង ៧យប់ ថ្ងៃទី១៧ ខែមីនាស្អែកនេះ កម្ពុជា អាចទប់បានស្មើ ឬឈ្នះនោះ ក្រុមជម្រើសជាតិកម្ពុជា នឹងទទួលបានឱកាស ឈានឡើងទៅប្រកួតនៅជុំទី២តែម្ដង ប៉ុន្ដែស្ថិតក្នុងវគ្គជម្រុះប្រចាំទ្វីបអាស៊ីដដែលទេ ។

ចាំមើលតើក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាចបំបាក់ម៉ាកាវ ដូចជើងទី១ ដើម្បីទទួលបានប្រាក់រង្វាន់ ១ម៉ឺនដុល្លារ ទៀត ឬក៏យ៉ាងណា? សូមរង់ចាំទស្សនាលទ្ធផលជាមួយគេហទំព័រ LookingTODAY និងចូលរួមគាំទ្រលើកទឹកចិត្ដ ដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទាំងអស់គ្នា ៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Sport News Cambodia Khmer Macau