CamNews

សម្រស់ 

អាថ៌កំបាំងដើម្បីបបូរមាត់ទន់ភ្លន់ និងតឹងណែន

បបូរមាត់ទន់ភ្លន់ ប៉ុន្ដែតឹងណែក និងស្រស់ស្រាយពេញដោយថាមពលជីវិត ក៏មានសារសំខាន់
មិនចាញ់ស្បែកស្រស់ស្អាតនោះដែរ។ ខាងក្រោមនេះ យើងខ្ញុំសូមណែនាំមិត្តយុវវ័យទាំងឡាយ
នូវប្រការសំខាន់មួយចំនួន ស្ដីអំពីវិធីសាស្ដ្រជួយឱ្យបបូរមាត់មានភាពទន់ភ្លន់ ប៉ុន្ដែតឹងណែន និង
ស្រស់ស្អាត។


ប្រើវត្ថុធាតុបំប៉នបបូរមាត់បែបធម្មជាតិ

ជំនួសឱ្យការប្រើប្រាស់ផលិតផលថែសម្រស់ដែលមានសារធាតុគីមីគ្រោះថ្នាក់ អ្នកគួរងាកមក
ប្រើផលិតផលធម្មជាតិ ដូចជាប្រេងដូង ប្រេងអូលីវ ទឹកឃ្មុំ ជាដើម ដើម្បីជួយឱ្យបបូរមាត់របស់
អ្នកទន់ភ្លន់ និងអាចចៀសវាងស្ថានភាពស្ងួត និងប្រេះនៅលើបបូរមាត់។

ប្រសិនប្រើប្រាស់ប្រេងដូង អ្នកគួរលាបមួយស្រទាប់ស្ដើងលើបបូរមាត់ ពី ២ ទៅ ៣ដងក្នុងមួយ
ថ្ងៃ វានឹងជួយរក្សាសំណើមដល់បបូរមាត់ ព្យាបាលការប្រេះបបូរមាត់ និងធ្វើឱ្យបបូរមាត់រលោង
ទាក់ទាញ។ មុនពេលចូលគេង អ្នកក៏គួរលាបប្រេងដូងលើបបូរមាត់  ព្រឹកឡើងអ្នកនឹងឃើញ
ប្រសិទ្ធិភាពរបស់វា។

បញ្ឈប់ទម្លាប់លិទ្ធបបូរមាត់

ការលិទ្ធបបូរមាត់អាចជាដំណោះស្រាយបន្ទាន់សម្រាប់បបូរមាត់កំពុងស្ងួត ប៉ុន្ដែវានឹងបង្កផល
អាក្រក់យូរអង្វែងដល់បបូរមាត់របស់អ្នក។ ក្រៅពីនេះ អ្នកគួរកុំប្រើក្រែមបំប៉នបបូរមាត់ដែលមាន
ក្លិនក្រអូប ក្នុងករណីដែលអ្នកមានប្រតិកម្មជាមួយនឹងក្លឹននោះ។
 
ខាត់កោសិកាងាប់នៅលើបបូរមាត់

ការខាត់កោសិកាងាប់ដែលគេតែងធ្វើឡើងនៅលើស្បែក ក៏អាចអនុវត្តសម្រាប់បបូរមាត់។ វិធី
មួយដែលមានភាពងាយស្រួល និងមានតម្លៃទាបបំផុត គឺការម៉ាស្សាបបូរមាត់ថ្នមៗ ដោយច្រាស់
ដុសធ្មេញ។ ចូរប្រើអំបិល និងស្ករបន្ដិច លាយជាមួយគ្នា លាបទៅលើច្រាស់ដុសធ្មេញ រួចដុស តិចៗទៅលើបបូរមាត់ដែលមិនមានប្រេះ។  ក្រោយមក  យកប្រេងអូលីវលាបពីលើដើម្បីរក្សា
សំណើម។ បន្ទាប់ពីដំណាក់កាលនៃការខាត់បបូរមាត់ អ្នកគួរប្រើក្រែមបំប៉នបបូរមាត់ឱ្យបានញឹក
ញាប់។

ហូបទឹកឱ្យបានគ្រប់គ្រាន់

កត្ដាមួយសំខាន់ដែលនាំឱ្យបបូរមាត់ត្រូវស្ងួត និងប្រេះ នោះគឺដោយសារការខ្វះជាតិទឹក ដូច្នេះ
ចូរព្យាយាមហូបទឹកឱ្យបានយ៉ាងតិច ១,៥ ទៅ ២លីត្រ ក្នុងមួយថ្ងៃ។

អាហារហូបចុកសមស្រប និងគ្រប់គ្រាន់

ចូរហូបបន្លែឱ្យបានច្រើន ដើម្បីបន្ថែមជាតិទឹក និងវីតាមីនដល់រាងកាយ ពិសេសគឺវីតាមីន B6។
ការខ្វះវីតាមីន B6 ក៏ជាមូលហេតុដែលបណ្ដាលឱ្យបបូរមាត់ត្រូវស្ងួត ប្រេះ និងរមាស់។ល។ ប៉ុន្ដែ
ចូរចៀសវាងអាហារក្ដៅខ្លាំង អាហារហឺរ ឬជូ។
 
ជ្រើសរើសក្រែមឱ្យត្រូវតាមប្រភេទបបូរមាត់របស់ខ្លួន

នៅពេលជ្រើសរើសក្រែមលាបបបូរមាត់ សូមចងចាំថា កុំជ្រើសយកផលិតផលដែលមានពណ៌
ឬក្លឹនសិប្បនិមិត្ត ព្រោះថា វានឹងធ្វើឱ្យបបូរមាត់កាន់តែស្ងួត និងងាយប្រតិកម្ម។

ចៀសវាងកំដៅព្រះអាទិត្យ

ដោយសារតែមិនមានផ្ទុកសារធាតុ melanin ដូច្នេះបបូរមាត់ ងាយនឹងត្រូវរងរបួសដោយសារ
កំដៅថ្ងៃ។ នៅពេលចេញទៅក្រោមកំដៅថ្ងៃខ្លាំង យកល្អអ្នកគួរលាបក្រែមបបូរមាត់ ឬប្រេង
បំប៉នបបូរមាត់ដើម្បីការពារបបូរមាត់។


ដោយ ៖ តរា
ប្រភព ៖ LD/TuLip