ភ្នំពេញ ៖ នារីវ័យ៣៦ឆ្នាំម្នាក់ ត្រូវខ្មាន់កាំភ្លើង ២នាក់ បាញ់ប្រហារ ៤ គ្រាប់ បណ្តាលឲ្យស្លាប់ ភ្លាមៗ នៅមុខវត្ត អង្គតាមិញ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ នាវេលាម៉ោង ៩ និង១០នាទីព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៤ នេះ ។
បន្ទាប់ពីបាញ់ប្រហារក្រុមជនល្មើស បានជិះម៉ូតូស៊េរីទំនើប គេចខ្លួន ដោយសុវត្ថិភាព ខណៈដែលសមត្ថកិច្ច បានអះអាងថា ការបាញ់ប្រហារនេះ មិនមែនជាករណីប្លន់ និងបានដាក់ការសង្ស័យថា ជារឿងស្នេហាត្រីកោណទៅវិញ ។
នគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា នារីរងគ្រោះ មានឈ្មោះ គឹម សុជាតា អាយុ ៣៦ឆ្នាំ មានស្វាមី ឈ្មោះ ណូ ជាអ្នកជំនួញឈើប្រណីត នៅខេត្តរតនគិរី។ នារីរងគ្រោះមានលំនៅដ្ឋានតាមបណ្តោយផ្លូវកម្ពុជា សង្កាត់មិត្តភាព ខណ្ឌ៧មករា។
សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុនារីរងគ្រោះ បានជិះម៉ូតូឌុបម្តាយចេញពីផ្ទះទៅលេងផ្ទះបងនៅម្តុំរោងចក្រ៦ជាន់ លុះដល់ចំណុចកើតហេតុ ស្រាប់តែជនល្មើសមានគ្នា២នាក់ ជិះម៉ូតូស៊េរីទំនើប មកទន្ទើបជាមួយម៉ូតូនារីរងគ្រោះ ដោយមិនមានមាត់កអ្វីទាំងអស់ ហើយបាញ់ប្រហារ ៤គ្រាប់ បណ្តាលឲ្យនារីរងគ្រោះស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។
បើតាមសមត្ថកិច្ច បានអះអាងថា រយៈពេលប៉ុន្មានថ្ងៃមកនេះ នារីរងគ្រោះឧស្សាហ៍ឈ្លោះជាមួយក្រុម គ្រួសារ ដោយមិនដឹង បណ្តាលមកពីបញ្ហាអ្វីនោះទេ។
ជាជំហានដំបូង សមត្ថកិច្ច បានដាក់ការសង្ស័យថា ករណីបាញ់ប្រហារនេះ មិនមែនជាករណីប្លន់នោះទេ តែអាចបណ្តាលមកពីស្នេហាត្រីកោណ ។ សមត្ថកិច្ច ក៏បានបង្ហើបផងដែរថា នារីរងគ្រោះ ជាស្រីកំ ណាន់របស់បុរសជំនួញឈើ នៅខេត្តរតនគិរីផងដែរ៕