CamNews

តារា 

សួន ពិសិដ្ឋ ចង់​​ឲ្យ​​អ្នក​​ពូ​កែ​​រិះ​​គន់ ងាកមក​​មើល​​ស្នា​​ដៃ​​និពន្ធ​បទ​​ថ្មី របស់​ខ្លួន...!

ភ្នំពេញ៖ មួយរយៈពេលនេះ គេសង្កេតឃើញថា សន្ទុះនៃការរិះគន់ ទៅលើបណ្តាផលិតកម្ម និងតារាចម្រៀងរឿងចម្លងបទ ពីបរទេសនោះ កាន់តែផុសផុលខ្លាំងឡើង ជាហូរហែ រហូតធ្វើឲ្យអ្នកនិពន្ធមួយចំនួន បានបញ្ចេញប្រតិកម្មរបស់ខ្លួន ដោយលើកអំណះអំណាង មកការពារខ្លួន ។ នៅក្នុងនោះដែរ សូម្បីតែអ្នកនិពន្ធ បទចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្ម ហង្សមាស បន្ទាប់ពីទទួលរងការរិះគន់ ពីសំណាក់ទស្សនិកជនទាំងក្នុង និងក្រៅស្រុករួចមក លោក សួន ពិសិដ្ឋ ក៏បានចេញមុខប្រតិកម្ម និងលើកទឹកចិត្ត ទៅដល់អ្នកនិពន្ធដទៃទៀត ឲ្យមានភាពជឿជាក់លើខ្លួនឯង និងរិះរកគំនិតថ្មីដោយខ្លួនឯង ។

តាមរយៈសារខ្លីមួយ ដែលអ្នកនិពន្ធល្បីឈ្មោះ លោក សួន ពិសិដ្ឋ បានសរសេរបង្ហោះ លើបណ្តាញ ទំនាក់ទំនងសង្គម Facebook ផ្ទាល់ខ្លួន បាននិយាយថា «តាំងពីខ្ញុំចូលខ្លួន រួមក្រោមដំបូល នៃផលិតកម្ម ហង្សមាស មក ខ្ញុំបានបង្កើតតែងនិពន្ធបទភ្លេង បទចម្រៀងថ្មី ប្រហែលជាចូលជាងមួយរយបទហើយ ។ ថ្មីៗនេះ មានបទសម្រាប់ ចូលឆ្នាំពីរអាល់ប៊ុមទៀត ហើយក៏មានអ្នកគាំទ្រច្រើនដែរ!! ចុះហេតុអីក៏បងប្អូន មិនយកទៅ បង្ហាញឬអួតគេទៅ? ហើយក៏កម្រឃើញបណ្តា ខាងសាព័ត៌មាន internet website or facebook គាំទ្រស្នាដៃបង្កើតនិពន្ធថ្មីរបស់ខ្មែរ ហ្នឹងយកមកផ្សព្វផ្សាយដែរ!?»។

អ្នកនិពន្ធរូបសង្ហា រាងខ្ពស់ស្រឡះរូបនេះ បានប្រាប់ឲ្យដឹងទៀតថា «មិនមែនសុខៗខ្ញុំសុខចិត្តទ្រាំ លំបាកតែង ដើម្បីបង្កើតស្នាដៃថ្មី នៅក្នុងសង្គមទីផ្សារ ដ៏ច្របូកច្របល់នេះទេ!! បងប្អូនយកស្នាដៃខ្ញុំ ទៅអួតគេវិញទៅ!! កុំឲ្យគេចេះតែ មើលងាយខ្មែរយើងពេក!! គ្រាន់តែបទភ្លេងថ្មី ក៏មិនអាចនិពន្ធបានដែរ!? ការលះបង់តស៊ូនឹងភាពជោគជ័យ របស់ខ្ញុំ គឺបានជាឧទាហរណ៍ គំរូមួយហើយទេតើ!! មិនមែនខ្ញុំនេះចង់អួតនោះទេ តែចង់ផ្តល់កម្លាំងចិត្តឲ្យ អ្នកទាំងអស់គ្នា មានស្មារតីជឿជាក់លើខ្លួនឯង! ថាយើងជាខ្មែរអាចបង្កើតស្នាដៃថ្មី និងអ្វីៗគ្រប់យ៉ាង ដោយខ្លួនឯងបាន!!!!» ។

នេះមិនមែនជាលើកទី១ទេ ដែលមានអ្នកនិពន្ធ ចេញមុខប្រតិកម្ម ទៅលើការរិះគន់មិន សំចៃមាត់ពីសំណាក់ទស្សនិកជនទាំងក្នុង និងក្រៅប្រទេស ដោយលើកឡើងថា ផលិតកម្មក្នុងស្រុកភាគច្រើន ចម្លងយកបទបរទេសមកច្រៀងនោះ ព្រោះថា កន្លងមកសូម្បីតែអ្នកនិពន្ធ ក្នុងផលិតកម្មសាន់ដេ និងផលិតកម្មថោន ក៏ធ្លាប់ចេញមុខប្រតិកម្មតបត និងការរិះគន់នេះផងដែរ ដោយផលិតកម្មនីមួយៗ បានអះអាងថា មួយរយៈពេលចុងក្រោយនេះ ខ្លួនបានខិតខំសម្រឹតសម្រាំង និពន្ធបទចម្រៀង ដោយខ្លួនឯងហើយ បានប្រសើរហើយ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh