CamNews

កំសាន្ត 

សម្តេចតេជោ ហ៊ុន សែន សរសើរ កម្មវិធី The Voice Cambodia

ភ្នំពេញៈ បើទោះបីជាកម្មវិធី The Voice Cambodia ជាកម្មវិធីថ្មី ទើបតែចាក់ផ្សាយ នៅលើ កញ្ចក់ទូរទស្សន៍ហង្សមាស មិនទាន់បាន២ខែ ស្រួលបួលក៏ដោយ តែសម្រាប់ប្រជាប្រិយភាព កម្មវិធីនេះ ហាក់លោតខ្លាំងគួរឲ្យកត់សម្គាល់ ដោយទទួលបាន ការគាំទ្រច្រើន ពីទស្សនិកជន មិត្តៗយុវវ័យ ។ មិនតែប៉ុណ្ណោះសូម្បីតែ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែង កោតសរសើរ កម្មវិធីមួយនេះផងដែរ ។

ការថ្លែងសរសើររបស់ សម្តេចតេជោ ហ៊ុន សែន ចំពោះ កម្មវិធី The Voice Cambodia ធ្វើឡើងនៅក្នុងពិធី ចែកសញ្ញាបត្រ ដល់និស្សិត សាកលវិទ្យាល័យ Build Bright នាព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៤ នាមជ្ឈមណ្ឌលកោះពេជ្រ ។

សម្តេចថ្លែងថា «គ្រាន់តែវិស័យ សិល្បៈមួយគេ សម្រិតសម្រាំង ខ្លាំងណាស់ មើលខាងស្ថានីយ ទូរទស្សន៍ហង្សមាសកម្មវិធី The Voice Cambodia គឺគ្រូបង្ហាត់គេសម្រាំងមាំណាស់ ក្រោយពីជ្រើសរើស បានកូនក្រុមហើយ គេយកទៅបង្ហាត់បង្រៀនបន្ថែម ហើយក្រោយមកគេ យកទៅប្រឡងជល់គ្នា ដោយចម្រាញ់យកអ្នកខ្លាំងពិត ក្នុងចំណោមអ្នកប្រឡងនោះ មាន២-៣នាក់ ដើម្បីទៅប្រឡង ក្នុងវគ្គបន្តទៀត » ។

សម្តេចតេជោបាន មានប្រសាសន៍បន្តទៀតថា “មានថ្ងៃមួយនោះគ្រូបង្វឹក ឱក សុគន្ធកញ្ញា បានយកកូនសិស្សមកប្រឡង ម្តង៣នាក់ ដោយនៅក្នុងលក្ខខណ្ឌ ជ្រើសរើសតែម្នាក់ ដែលធ្វើឲ្យគាត់ត្រូវបង្ខំចិត្ត ទម្លាក់កូនសិស្ស២ នាក់ចោល ពេលនោះគាត់បានលើកដៃ ដាក់លើក្បាល ហើយនិយាយថា ពិបាកណាស់ អីច៊ឹងម៉េចក៏មានគុណភាព ដើម្បីរុញឡើងទៅខាង លើគាត់ ត្រូវយកកូនសិស្សទៅ ប្រកួតជាមួយកូនសិស្ស អ្នកដទៃមាន ណុប ប៉ាយ៉ារិទ្ធ, ឆន សុវណ្ណរាជ, ឱក សុគន្ធកញ្ញា និង ពេជ្រ សោភា” ។

សម្តេចតេជោមានប្រសាសន៍បន្តថា វិធីប្រឡងរបស់គេ មើលទៅបាន សេចក្តីថា គ្រូបង្វឹកទាំង៤សមត្ថភាពរបស់គេ អត់ធម្មតាជួនកាលគ្រូទាំង ៤ស្តាប់ សំឡេង បេក្ខជនប្រឡងទៅ ដណ្តើមគ្នាយកតែម្តង ប៉ុន្តែជូនកាលអ្នកប្រឡង ខ្លះអត់មានអ្នកយកទេ បានសេចក្តីថា វិជ្ជាពួកគេ ទាំងអស់ (គ្រូបង្វឹក) គឺចេះពិតប្រាកដ ។

គួរបញ្ជាក់ថា ផលិតកម្មហង្សមាស បានទិញសិទ្ធិកម្មវិធី The Voice នេះមកប្រទេសហូឡង់ ដែលកំពុងល្បីល្បាញ ទូទាំងពិភពលោក យ៉ាងហោចណាស់ មានប្រទេសជាង ៦០ កំពុងមានកម្មវិធី The Voice នេះដែរ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh