CamNews

ព័ត៌មានអន្តរជាតិ 

ក្រុមប្រឆាំង ដាក់ឱសានវាទ ដល់យីងឡាក់ ពីរថ្ងៃត្រូវ ផ្ទេរអំណាច

បាងកក៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយថា កាលពីថ្ងៃអាទិត្យ ទី០១ ខែធ្នូ ម្សិលមិញនេះ ក្រុម ប្រឆាំង រដ្ឋាភិបាលថៃ បានដាក់ឱសានវាទ ដល់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ រយៈពេល ពីរថ្ងៃ ត្រូវតែផ្ទេរអំណាចទៅ ឲ្យប្រជាជន ហើយការ ទាមទារនេះមានន័យ ថាលោកស្រីត្រូវលាលែង ចេញពី តំណែង និង រំលាយ សភាផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ការធ្វើតាមការទាមទារ ខាងលើនេះ គ្រាន់តែជាការពន្យាពេលនៃ ការតវ៉ាក្នុង ទ្រង់ទ្រាយ ធំប៉ុណ្ណោះ ប៉ុន្តែវាហាក់ដូចជា មិនអាចដោះស្រាយបញ្ហា អ្វីបាននោះទេ រវាងភាគីជម្លោះទាំងពីរ ហើយ ក្រុមអ្នកវិភាគ នយោបាយថៃ បានអះអាងថា គណបក្សភឿថៃ ដែលកំពុងកាន់អំណាចប្រាកដជា វិលត្រឡប់មក កាន់អំណាចរបស់ខ្លួនវិញ ដដែលប្រសិនបើ ការបោះឆ្នោតជាតិ ឡើងវិញត្រូវបាន ធ្វើឡើងនោះ។

ដោយឡែកលោក ស៊ូថេប ថងស៊ូបាន ដែលជាមេដឹកនាំកំពូល នៃចលនាប្រឆាំងរបបថាក់ស៊ីន ខាងលើនេះ បាន អះអាងកាល ពីថ្ងៃអាទិត្យថា លោកនឹងមិនចុះចាញ់នោះទេ លុះត្រាណាតែ យើងដណ្តើមជ័យជម្នះ សម្រាប់ ប្រជាជនទាំងឡាយបាន ប៉ុន្តែលោកមិនបាន បញ្ជាក់ទេថា តើ លោកនឹងត្រូវធ្វើអ្វីបន្តទៀត ប្រសិនបើឱសានវាទ ពីរថ្ងៃ កន្លងផុតទៅដោយឥតបានការនោះ។

ចំពោះផ្នែកយោធាវិញ គឺលោក ប្រាយុទ្ធ ចាន អូឆា ដែលអគ្គមេបញ្ជាការ បានចូលរួមនៅក្នុង កិច្ចប្រជុំសម្ងាត់មួយ កាលពីថ្ងៃអាទិត្យ ដែលគេមិនបានដឹងថា មានអត្ថន័យ យ៉ាងណានោះទេ។ ក្រុមអ្នកតាមដានទាំងឡាយ បាន សម្តែងការព្រួយបារម្ភ ចំពោះការធ្វើរដ្ឋប្រហារដោយ យោធា បន្ទាប់ពីមានការ ប៉ះទង្គិចគ្នារវាងក្រុមប្រឆាំង និង កងកម្លាំងសន្តិសុខនៅទីក្រុងបាងកក កាលពីយប់ថ្ងៃសៅរ៍ បានបណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់ និង ៥៧នាក់ របួសមកនោះ ៕

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social thailand ព័ត៌មានអន្តរជាតិ