CamNews

កំសាន្ត 

អ៊ិត ស្រីពីន ធ្វើ​ខួប​កំណើត​ឲ្យ​កូនស្រី​ ជា​មួយ​វត្ត​មាន​តា​រា​ល្បី​ៗ មុន​​ត្រ​ឡប់​​ទៅ​​អាម៉េរិក

ភ្នំពេញ៖ តារាចម្រៀងយ៉េៗ និយមតែងខ្លួនឆើតឆាយអ្នកនាង អ៊ិត ស្រីពីន ដែលមានវត្តមាននៅកម្ពុជាយូរខែមកហើយនោះ នឹងវិលទៅអាម៉េរិកវិញនៅពេលឆាប់ៗ ខាងមុខនេះ ។ ដើម្បីបង្កើតអនុស្សាវរីយ៍អ្នកនាង អ៊ិត ស្រីពីន បានធ្វើពិធីខួបកំណើតដល់ កូនស្រីក្នុងភាពធំដុំមួយ ដោយមានតារាល្បីៗចូលរួមជាច្រើនដួង ក្នុងន័យជួបជុំជប់លៀងសប្បាយជាចុងក្រោយ មុននឹងឡើងទៅនៅជួបជុំ ស្វាមីរស់នៅអាម៉េរិកវិញ ។
     
អ្នកនាង អ៊ិត ស្រីពីន បានបញ្ជាក់ឲ្យដឹងជុំវិញការបង្កើត កម្មវិធីខួបកំណើតកូនស្រីនេះថា កូនស្រីរបស់នាងដែលធ្វើពិធីខួប កំណើតនេះ មានឈ្មោះ អ៊ិត ពិសិដ្ឋពស្តារ អាយុ៩ឆ្នាំ ។ នាងមានកូនជាមួយស្វាមីមុនពីរនាក់ គឺប្រុស១ ស្រី១ ដែលកូនប្រុសអាយុ១៣ ឆ្នាំឈ្មោះ អ៊ិត ពិសិដ្ឋ ។

ការបង្កើតកម្មវិធីខួបកំណើតកូនស្រីនេះឡើង គឺដើម្បីលើករាសីឲ្យកូនមានភាពឈ្លាសវៃរៀនពូកែ ស្គាល់រៀមច្បងសិល្បៈ និងចាស់ទុំ ព្រមទាំងចង់ជួបជុំអ្នកសិល្បៈទាំងអស់ ឲ្យបានជុំគ្នាសប្បាយ ព្រោះនេះជាលើកចុងក្រោយ សម្រាប់ពិធីជួបជុំរវាងនាង និងបងប្អូនសិល្បករ ទាំងអស់ដោយសារតែនាងត្រូវទៅអាម៉េរិកវិញ នៅថ្ងៃទី១៩ ឧសភា ឆ្នាំ២០១៥ ខាងមុខនេះ ដោយលែងដំអក់ពន្យារពេលបន្តទៅទៀតបាន ។

ផែនការទៅអាម៉េរិកលើកនេះគឺ នាងក៏ពាំនាំកូនប្រុសស្រីរបស់នាង ទៅអាម៉េរិកជាមួយនាងដែរ ព្រោះបានរត់ការទទួលកូន ទាំង២បានដោយជោគជ័យ ។ ម្យ៉ាងទៀតប្រការដែលនាងនៅស្រុកខ្មែរយូរ ព្រោះតែរង់ចាំរត់ឯកសារឲ្យកូនទាំង២នេះ បានទៅនៅ អាម៉េរិកជាមួយស្វាមីនាងនៅទីនោះ ដើម្បីបានជួបជុំគ្នាមើលថែ កូនស្រីនាងម្នាក់ ទៀតនៅអាម៉េរិក ។អ៊ីចឹងហើយទើបនាងមានវត្ត មានបន្តយូរក្នុងស្រុកខ្មែរ ហើយក៏អរគុណដល់ ស្វាមីបណ្តូលចិត្តនាងផងដែរ ដែលអនុញ្ញាតឲ្យនាង ពាំនាំកូនទាំង២នៅស្រុកខ្មែរ ហើយជួយចាត់ចែងរត់ការ ឲ្យពួកគេទៅដល់ទីនោះ ដើម្បីសាងជីវិតថ្មីរៀនសូត្រនៅស្រុកដ៏ជឿនលឿន ពិតជាពិសេស និងជាសំណាងរបស់នាងដែលបានជួបជាមួយស្វាមី នៅឯនាយសមុទ្រមានចិត្តទូលាយ ។

ទោះយ៉ាងណានាងទៅដល់អាម៉េរិកវិញ គឺមានតែមុខរបរជួយលក់មាសជាមួយស្វាមី និងឪពុកក្មេកម្តាយក្មេក នៅទីនោះដែលមាន ហាងលក់មាសយូរមកហើយ ។ ចំណែកមុខរបរច្រៀងនោះ គឺមានធម្មតាបើគេហៅច្រៀងជួយដល់ សមាគមខ្មែរនៅទីនោះគឺជួយ ជានិច្ចក្រៅពីនេះជួយមើលថែកូនចៅកូនទាំងអស់ឲ្យបានល្អ ។ ជាមួយចិត្តនឹកអាឡោះអាល័យស្រុកកំណើត អ៊ិត ស្រីពីន បានបញ្ជាក់ថា នាងនឹងខំសន្សំលុយឲ្យបានច្រើន ដើម្បីបានមកលេងស្រុកទេឲ្យបានម្តងទៀត ដោយយូរបំផុត២ទៅ៤ឆ្នាំទៀត នាងនឹងត្រឡប់មកវិញច្រៀងសម្តែង និងជួបជុំមិត្តសិល្បករ ទាំងអស់ទស្សនិកជនទាំងអស់ដោយសារតែ ទឹកចិត្តពិតជាស្រឡាញ់ សិល្បៈអ្នកគាំទ្រ និងអនុស្សាវរីយ៍ស្រុកខ្មែរណាស់ ។

រយៈពេលដែលនាងមកស្រុកខ្មែរលើកនេះ ពិតជាមានអនុស្សាវរីយ៍ យ៉ាងច្រើនក្រៅពីជួបជុំមិត្តសិល្បករ នាងក៏មានឱកាសសម្តែង ច្រៀងក្នុងកម្មវិធីអង្គរសង្ក្រាន្តឆ្នាំ ២០១៥ ដោយជាព្រឹត្តិការណ៍ មួយគួរឲ្យមានមោទនភាពដែលខ្មែរយើង បានបំបែកឯកគត្ត កម្មពិភពលោក នូវនំអន្សមយក្ស និងការរាំចង្វាក់ម៉ាឌីហ្សូនពិតជារំភើប ។

លើសពីនេះនាងសូមអរគុណដល់អ្នកគាំទ្រ និងអ្នកសិល្បៈទាំងអស់ដែលបានចំណាយពេលផ្តល់កិត្តិយស ចូលរួមពិធីខួបកំណើតកូនស្រីនាង នាពិធីជម្រាបលានេះ ក្នុងសភាពសប្បាយរីករាយ នាងនឹងចងចាំទុកក្នុងបេះដូងជារៀងរហូត ។

សូមជម្រាបថា តារាល្បីៗដែលបានចូលរួមក្នុងពិធីខួបកំណើតកូនស្រី អ៊ិត ស្រីពីន មានអ្នកនាង ម៉េង កែវពេជ្រចិន្តា សូដា នីតា តូតា ឆៃលី ដាឡែន និងស្វាមី ទឹម រដ្ឋា និងប្អូនស្រី សានសុម៉ាលី សុគន្ឋ នីសា ស៊ុន ស្រីពេជ្រ ព្រំ រដ្ឋា តូច ស្រីពេជ្រ ទូច ស្រីលក្ខណ៍ ខៀវ សុខារ៉ាវី ថន លក្ខិណា ស៊ូ ដាណេ មាស សម្ជស្ស រ៉ូលីន លោកជិន ស៊ីណារ៉ាក់ លោកសាយ សៀរ៉ា លោកអ៊ុក ណារីម លោកជិន វឌ្ឍនា អេនឌី ព្រមទាំងតារាជាច្រើនទៀត ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh