ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅមុននេះបន្ដិច បានចេញប្លង់នៃក្បួនដង្ហែវីរៈនារី កែ ឡេង ម្ចាស់មេដាយមាសកីឡាប៉េតង់ពិភពលោកហើយខណៈ ក្បួននឹងចាប់ផ្ដើមនៅវេលាម៉ោង ៣:៣០នាទីរសៀលថ្ងៃទី០៩ ខែមេសានេះ នៅលើមហាវិថីធំៗចំនួន៥ ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីបញ្ចប់ការជួបសម្ដែងការគួរសមជាមួយសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃប្រទេសកម្ពុជា ។
ក្បួនដង្ហែដ៏អធិកអធម ដើម្បីលើកកិត្តិយសអ្នកស្រី កែ ឡេង ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា និងគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយទទួលបានការគាំទ្រជាពិសេស ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ខាងលើនឹង ចេញដំណើរពីវិមានសន្ដិភាព ហើយឆ្លងកាត់មហាវិថីធំៗចំនួន៥ គឺមហាវិថីព្រះនរោត្តម, មហាវិថីព្រះសីហនុ, មហាវិថី ព្រះមុន្នីវង្ស, មហាវិថីកម្ពុជាក្រោម និងមហាវិថីហ្សាវ៉ាហារឡាលនេហ៍រុ ហើយមកបញ្ចប់នៅក្នុងពហុកីឡដ្ឋានជាតិ ។
ដូច្នេះសូមទស្សនាប្លង់នៃក្បួនដង្ហែវីរៈនារី កែ ឡេង ម្ចាស់មេដាយមាសពិភពលោក ដែលដណ្ដើមបានក្នុងព្រឹត្តិការណ៍ Women’s World Championship of Petanque នៅប្រទេសបារាំងកាលពីឆ្នាំ២០១៣កន្លងទៅ ។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានធ្វើការអំពាវនាវឲ្យយុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋខ្មែរ ចូលរួមអប អរសាទរក្បួនដង្ហែតាមដងផ្លូវក្នុងប្លង់ឲ្យបានច្រើនកុះករ ដើម្បីមោទនភាពជាតិទាំងអស់គ្នា ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល