ភ្នំពេញ៖ របត់ថ្មីនៃសិល្បការិនីស្រីល្បីៗ គឺមានប្ដី មានអាយុក្មេងជាងខ្លួន ដូចជាអ្នកនាង គង់ សុជាតិ អ្នកនាង ខាត់ សុឃីម និង អ្នកនាង ឆៃ លីដាឡែន ជាដើម ដែលសា្វមីពួកគេ មានអាយុប្អូន ដោយម្នាក់ៗជិតដប់ឆ្នាំឯណោះ ។ អាចជានិស្ស័យគូព្រេង នាំឲ្យពួកគេបានប្ដីក្មេងៗ និងសង្ហាៗ ដែលមនុស្សទូទៅ ច្រណែនពួកគេមិនតិចទេ ។ អ្នកទាំងបីមិនទាន់មាននរណាម្នាក់ លេចឮរឿងរង្គោះរង្គើ ឬប្រចណ្ឌប្ដីសង្ហាៗរបស់ខ្លួនឡើយ តែថ្មីៗប្រភពពីអ្នកសិល្បៈម្នាក់ បាននិយាយថា ចំណងស្នេហ៍អ្នកនាង គង់ សុជាតិ និងស្វាមីលោក ជា វិបុល កើតរឿងរ៉ាវប្រចណ្ឌគ្នាផ្ទុះឡើង ។
ជាការពិតចាប់តាំងពីអ្នកទាំងពីរ ចែកទូរទស្សន៍គ្នាធ្វើការ ដោយម្នាក់នៅហង្សមាស ម្នាក់នៅ ម៉ាយធីវី រួចមកអ្នកទាំងពីរបានជួបគ្នា នៅវេលាពាក់ៗកណ្ដាលអធ្រាត្រឯណោះ ព្រោះទម្រាំចប់ការងាររៀងៗខ្លួន ដែលស្ទើរតែគ្មានពេលលំហែ និងបានសាងភាពផ្អែមល្ហែមជាមួយគ្នាឡើយ ។ ប៉ុន្តែចំណុចនេះ មិនមែនជាបញ្ហាសម្រាប់ អ្នកទាំងពីរឡើយ ក្នុងជីវភាពជាប្ដីប្រពន្ធ ព្រោះអ្នកទាំងពីរ សង្វាតរកប្រាក់ ដើម្បីទ្រទ្រង់ជីវភាព ដូចអ្នកនាង សុជាតិ ធ្លាប់និយាយថា លុយតិចលុយច្រើនមិនសំខាន់ សំខាន់ខំរកលុយ ព្រោះពេលនេះ នៅមានកាងារធ្វើ និងគេផ្ដល់កិត្តិយសឲ្យខំធ្វើទៅ ។
គេសង្កេតឃើញអ្នកនាង គង់ សុជាតិ តែងតែទៅអើតលោក ជា វិបុល មួយភ្លែតៗ ពេលលោកកំពុងធ្វើការ ដូចមានរឿងអ្វីមិនសូវស្រួល ឬមិនទុកចិត្តកើតឡើង តែប្រភពនោះបានបន្តថា អ្នកនាង សុជាតិ ហាក់កើតចិត្តប្រចណ្ឌ ជាមួយសិល្បការិនីម្នាក់ ដែលតែងតែនិយាយលេងសើច ជ្រុលជាមួយស្វាមីអ្នកនាង ។ នាងមិនចង់ឲ្យអ្នកណាមកបំពាន លើកម្មសិទ្ធិអ្នកនាងឡើយ និងមិនចង់ឲ្យមានព័ត៌មានមិនល្អកើតឡើងឡើយ ព្រោះនាងស្រឡាញ់កេរ្តិ៍ឈ្មោះ មុខមាត់ និងមុខរបររកស៊ី ។ ដូចនេះអ្នកនាងឆ្លៀតពេលមកមើលខ្លះៗ ដើម្បីបញ្ជាក់ថា ស្វាមីមានម្ចាស់ កុំចេះតែហ៊ាន ។ គង់ សុជាតិ មិនបានរករឿងស្វាមី ជាទីស្រឡាញ់សំណប់ចិត្តឡើយ ពោលគ្រាន់តែអន់ចិត្ត ជាមួយអ្នកដែលមិនចេះប្រមាណខ្លួន លេងសើច មិនដឹងប្ដីគេ ប្ដីឯងប៉ុណ្ណោះ ថាឲ្យចេះគិតពីអារម្មណ៍ មនុស្សស្រីដែលស្រឡាញ់ប្ដី ។
អ្នកនាង គង់ សុជាតិ មិនទាន់សុំការបំភ្លឺបានទេ ចំពោះរឿងថា ពិតជាប្រចណ្ឌលោក ជា វិបុល ឬយ៉ាងណា ខណៈដែលអ្នកនាង ហាក់កាន់តែរវល់ស្ទើរតែគ្មាន ពេលបកស្រាយរឿងអ្វីឡើយ ។ គង់ សុជាតិ ត្រូវបានគេចាត់ទុក ជាតារាស្រីដែលមានទ្រព្យសម្បត្តិ ហ៊ីហារម្នាក់ផងដែរ គ្រាន់តែអ្នកនាង មិនសូវអួតដូចអ្នកសិល្បៈមួយចំនួន ពិសេសអ្នកនាងព្យាយាមលាក់រឿងគ្រប់យ៉ាងទុកក្នុងចិត្ត ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល