ភ្នំពេញ៖ លោក គល់ សុផាណា អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានសម្ដែងការសោកស្ដាយ ចំពោះកន្លែងអង្គុយ នៃពហុកីឡដ្ឋានស្ដាតចាស់ (កងយោធពលខេរភូមិន្ទ) ដែលនឹងទទួលធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតវគ្គជម្រុះ ពានរង្វាន់បាល់ទាត់ពិភពលោក World Cup ឆ្នាំ២០១៨ ជុំទី១ ជើងទី១ រវាងក្រុមជម្រើសជាតិកម្ពុជា និងម៉ាកាវ ស្របពេល សំបុត្រចូលទស្សនា បោះពុម្ព លក់មិនទាន់ឡើយ ។
លោក គល់ សុផាណា បានមានប្រសាសន៍ថាសហព័ន្ធ មានការសោកស្ដាយណាស់ ដោយសារកៅអីអង្គុយ នៃពហុកីឡដ្ឋានស្ដាតចាស់ មិនអាចផ្ទុកចំនួនអ្នកទស្សនា បានដល់រាប់ម៉ឺននាក់ឡើយ ពោលគឺកីឡដ្ឋាននេះ អាចទទួលអ្នកទស្សនា បានត្រឹមជាង ៧.០០០នាក់ប៉ុណ្ណោះ ។
ការលើកឡើងបែបនេះ គឺស្របពេលសំបុត្រចូលទស្សនា ការប្រកួតរវាងក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា និងជម្រើសជាតិម៉ាកាវ នាវេលាម៉ោង ៤រសៀល ថ្ងៃទី១២ ខែមីនាស្អែកនេះ ដែលសហព័ន្ធដាក់លក់ ២-៣ថ្ងៃកន្លងមកនេះ លក់ដាច់យ៉ាងខ្លាំង ហើយពេលខ្លះលក់ដាច់ គ្មានសល់ឡើយ ដោយសារការបោះពុម្ពមិនទាន់ ។
អគ្គលេខាធិការ FFC ខាងលើ បានបញ្ជាក់ថា «ប៉ុន្មានថ្ងៃនេះ ខ្ញុំសប្បាយចិត្តណាស់ នៅពេលឃើញយុវជនកម្ពុជា សម្រុកមកទិញសំបុត្រ ចូលទស្សនាការប្រកួតវគ្គជម្រុះ World Cup ឆ្នាំ២០១៨ រវាងក្រុមជម្រើសជាតិកម្ពុជាយើង និងក្រុមភ្ញៀវម៉ាកាវ នាថ្ងៃទី១២ មីនាខាងមុខ ។ ប៉ុន្ដែដោយសារកន្លែងអង្គុយ នៃពហុកីឡដ្ឋានស្ដាតចាស់ មានលទ្ធភាពផ្ទុកចំនួន អ្នកទស្សនាបានត្រឹមជាង ៧ពាន់នាក់នោះ សហព័ន្ធមិនបោះពុម្ពសំបុត្រ លើសពីចំនួនជាក់ស្ដែងនេះឡើយ» ។
លោក គល់ សុផាណា បានបន្ដថា «ខ្ញុំក៏សោកស្ដាយផងដែរ ដែលពហុកីឡដ្ឋានជាតិអូឡាំពិក ជួសជុលមិនទាន់រួច ដែលមិនអាចធ្វើការ ទទួលការប្រកួតជម្រុះ World Cup ឆ្នាំ២០១៨បាន ប៉ុន្ដែយើងជឿជាក់ថា ចាប់ពីឆ្នាំ២០១៦ តទៅ កម្ពុជានឹងមានពហុកីឡដ្ឋានស្ដង់ដារអន្ដរជាតិ (AFC និង FIFA) ដែលអាចផ្ទុកចំនួន អ្នកទស្សនាបានច្រើនជាង ពហុកីឡដ្ឋានស្ដាតចាស់ គឺពហុកីឡដ្ឋានជាតិអូឡាំពិក» ។
ទន្ទឹមជាមួយគ្នានោះដែរ លោកបានបន្ថែមថា សម្ទុះនៃការទិញសំបុត្រ ចូលរួមទស្សនាការប្រកួត រវាងក្រុមជម្រើសកម្ពុជា និងម៉ាកាវ ក្នុងជុំទី១ ជើងទី១ នៃវគ្គជម្រុះ World Cup ឆ្នាំ២០១៨ ប្រចាំទ្វីបអាស៊ី គឺសរបញ្ជាក់ឲ្យឃើញថា យុវជនកម្ពុជា ពិតជាមានមនសិការ លើកទឹកចិត្ត និងគាំទ្រក្រុមជម្រើសជាតិខ្លួន ដើម្បីភាពរីកចម្រើន នៃវិស័យបាល់ទាត់កម្ពុជាពិតមែន ។ ដូច្នេះសម្រាប់ជំនួបជើងទី១ ជាមួយនឹងក្រុមម៉ាកាវ ស្អែកនេះ យើងជឿជាក់ថា ក្រុមជម្រើសជាតិកម្ពុជា នឹងទទួលបានលទ្ធផលល្អ ជាមិនខាន ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល