CamNews

ព័ត៌មានអន្តរជាតិ 

ទិវាពលកម្មអន្ដរជាតិគឺជាឱកាសល្អមួយសម្រាប់សំដែងមតិ

មេដឹកនាំដ៏មានអំណាចទាំងពីររូបរបស់រុស្ស៊ី រួមជាមួយនឹងអ្នកគាំទ្រប្រមាណជា ១០០.០០០
នាក់បានចូលរួមធ្វើយាត្រានៅតាមដងផ្លូវក្នុងក្រុង Moscow ក្នុងទិវាពលកម្មអន្ដរជាតិកាលពី
ថ្ងៃទី​ ១ ឧសភាកន្លងទៅ ខណៈដែលបាតុកម្មជាច្រើនក្នុងពិភពលោកត្រូវបានគេធ្វើឡើង។

លោក Vladimir Putin និង Dmitry Medvedev ដឹកនាំក្បួនដង្ហែក្នុងទិវាពលកម្មអន្ដរជាតិ

AFP បានអោយដឹងថា ជាមួយនឹងសម្លេងតន្ដ្រី និងពណ៌ចម្រុះនៃបដា លោកនាយករដ្ឋមន្ដ្រី
Vladimir Putin និងលោក Dmitry Medvedev ប្រធានាធិបតិរុស្ស៊ីដែលជិតនឹងចប់អាណត្តិ
របស់ខ្លួនបានដឹកនាំការធ្វើយាត្រា ឆ្លងកាត់មហាវិថីនានានៅក្នុងក្រុង Moscow ។

នេះគឺជាលើកទីមួយហើយដែលក្រុមមេដឹកនាំរុស្ស៊ីបានចូលរួមក្នុងការធ្វើយាត្រារំឮកទិវា
ពលកម្មអន្ដរជាតិ ១ ឧសភា ដែលធ្លាប់ជាថ្ងៃពិសេសរបស់សហភាពសូវៀត។ កាលពីឆ្នាំ
១៩៩០ ប្រទេសរុស្ស៊ីក៏បានធ្វើពិធីបែបនេះផងដែរ គឺនៅក្រោមការដឹកនាំរបស់លោកប្រធានា
ធិបតិ Boris Yeltsin ។

ក្បួនដង្ហែរបស់ក្រុមបាតុករនៅកម្ពុជាក្នុងទិវាពលកម្មអន្ដរជាតិ

ក្នុងទិវាពលកម្មអន្ដរជាតិនេះដែរ ក្រុមប្រឆាំងរបស់រុស្ស៊ីបានសម្រេចចិត្តមិនធ្វើបាតុកម្មនៅក្រុង Moscow ប៉ុន្ដែពួកគេសំចៃកម្លាំងដើម្បីធ្វើមហាបាតុកម្មមួយនៅថ្ងៃទី ៦ឧសភា តាមគម្រោង អ្នក
ចូលរួមនឹងអាចឡើងដល់ ១០០.០០០នាក់។

ឆ្លៀតក្នុងឱកាសនេះ នៅបណ្ដាប្រទេសក្នុងពិភពលោក ក្បួនបាតុកម្មធំៗត្រូវបានគេធ្វើឡើង និងបង្ហែនៅតាមដងផ្លូវដើម្បីទាមទារចំណុចដែលពួកគេចង់បាន ក្នុងនោះមានប្រទេស ក្រិក អេស្ប៉ាញ ព័រទុយហ្គាល់។ល។

ចលនា "Occupy Wall Street" នៅអាមេរិក ក៏មានឱកាសងើបឡើងវិញ

ចំណែកនៅអាមេរិក ចលនា "Occupy Wall Street" ក៏បានរីកធំឡើងមកវិញដោយយកក្រុង
New York ជាចំណុចកណ្ដាល។ រីឯនៅក្នុងអាស៊ីវិញ គេក៏ឃើញមានបាតុកម្មជាច្រើនត្រូវបាន
ធ្វើឡើងក្នុងថ្ងៃទី ១ឧសភា មានដូចជា ហុងកុង ឥណ្ដូនេស៊ី និងហ្វីលីពីន និងកម្ពុជាជាដើម៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ AFP/VE



Tags: may day protester russia