ភ្នំពេញ ៖ គ្រូបង្រៀន ភ្លេងម្នាក់ ត្រូវជន មិនស្គាល់មុខ ជិះម៉ូតូសង់កូរ៉េ កញ្ចាស់មួយ គ្រឿង បាញ់៣គ្រាប់ ប៉ងសម្លាប់ចោល ប៉ុន្ដែ ត្រូវពីរគ្រាប់ រងរបួសធ្ងន់ ត្រូវបានប្រជាពល រដ្ឋនៅកន្លែង កើតហេតុ ជួយលើកដាក់តាម ម៉ូតូកង់បី បញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យ រុស្សី ដើម្បីជួយសង្គ្រោះ ។
ករណីបាញ់ ប្រហារបុរស គ្រូបង្រៀនភ្លេង ពេលកំពុងជិះម៉ូតូម៉ាក FTR ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1BV-8201 បាន កើតឡើង និងបង្កឱ្យមានការ ភ្ញាក់ផ្អើលកាល ពីវេលាម៉ោង៤និង២០នាទី រសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅម្ដុំកន្លែងដេស្បែកជើង តាមបណ្ដោយផ្លូវលេខ១៤៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។
ប្រភពព័ត៌មានពី ប្រជាពលរដ្ឋ នៅក្បែរ កន្លែងកើតហេតុ បាននិយាយថា ជនប្រដាប់ អាវុធជិះម៉ូតូសង់ កូរ៉េពណ៌ក្រហម មិនចាំ ស្លាកលេខ មាឌធំ ពាក់អាវខ្មៅ បានបាញ់ ប្រហារទៅលើជនរងគ្រោះ ពេលកំពុងជិះ ម៉ូតូតែម្នាក់ឯង ចំនួន៣គ្រាប់ បណ្ដាលឱ្យត្រូវ ពីរគ្រាប់ មួយគ្រាប់ចំកំភួនដៃ និងមួយគ្រាប់ ទៀតចំឆ្អឹងជំនីរខាងឆ្វេង ប៉ុន្ដែជនរងគ្រោះ ត្រឹមរងរបួសធ្ងន់ប៉ុណ្ណោះ ហើយត្រូវបាន ប្រជាពលរដ្ឋ និងកូនសិស្សរៀន ភ្លេងរបស់ខ្លួន ជួយដឹកតាមម៉ូតូកង់បី យកទៅកាន់មន្ទីរ ពេទ្យរុស្សីភ្លាមៗ ក្រោយកើតហេតុ។
មន្ដ្រីនគរបាល មូលដ្ឋាន ដែលចុះទៅកាន់ កន្លែងកើតហេតុ បាននិយាយថា អត្ដសញ្ញាណ របស់ជនរងគ្រោះ មិនទាន់ស្គាល់នៅឡើយទេ ហើយមូលហេតុពិតប្រាកដ នៃអំពើបាញ់ប្រហារ នេះ ក៏មិនទាន់ដឹងផងដែរ ប៉ុន្ដែសមត្ថកិច្ច សន្និដ្ឋានជាជំហានដំបូងថា ផ្ដើមចេញពីរឿង គំនុំ ។
យ៉ាងណាក៏ដោយសមត្ថកិច្ច និងបន្ដការ សួរនាំជនរងគ្រោះ ដើម្បីរកមូលហេតុពិត ដែលនាំឱ្យមានការបាញ់ប្រហារ ខាងលើនេះ។ មន្ដ្រីនគរបាលមូលដ្ឋាន បានបញ្ជាក់ថា ម៉ូតូរបស់ជនរងគ្រោះ ត្រូវបានយក ទៅរក្សាទុកជាបណ្ដោះអាសន្ន ជាមុនសិន ដើម្បីប្រគល់ទៅឱ្យ ជនរងគ្រោះនៅពេលក្រោយ ។
បច្ចុប្បន្នកម្លាំង នគរបាលព្រហ្មទណ្ឌនៃ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាល មូលដ្ឋាន បានរួមសហការ គ្នាធ្វើការស៊ើបអង្កេត យ៉ាងយកចិត្ដទុកដាក់ ស្រាវជ្រាវករណីបាញ់ប្រហារនេះ ដើម្បីតាម ចាប់ជនល្មើសយកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់។
ប្រភព័ត៌មានចុងក្រោយ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ឹម សុខុន អាយុ៣៨ឆ្នាំ ជាមន្រ្តីយោធា នៅក្រសួងការពារ ស្នាក់នៅក្រសួងការពារជាតិតែម្តង៕