ភ្នំពេញ៖ តារាសម្តែងស្រី កញ្ញា មាន សូនីតា ដែលពេលនេះ កំពុងតែមាន ឈ្មោះ បោះសំឡេង តាមរយៈការសម្តែងរឿង “ស្នេហ៍៩” ថ្មីៗនេះបាន បង្ហើបឲ្យដឹងថា ពេលនេះនាងមិនបាន ទទួលការងារថតរឿងឲ្យ ផលិតកម្មណានោះទេ ព្រោះតែនាងជាប់ រវល់សិក្សា និងត្រៀមខ្លួនថតរឿង “ស្នេហ៍៩” វគ្គ២ ។
សម្រាប់រឿង “ស្នេហ៍៩” ដែលចាក់បញ្ចាំង នៅស្ថានីយទូរទស្សន៍ My TV កាលពីពេលកន្លង ទៅនោះគេសង្កេតឃើញថារឿងនេះ ទទួលបានការគាំទ្រច្រើន គួរឲ្យកត់សម្គាល់ពី សំណាក់ទស្សនិកជនគ្រប់វ័យ ដោយរឿងនេះជាប្រភេទរឿងអប់រំ ដោយផ្តោតសំខាន់ទៅលើបញ្ហាផ្លូវភេទ ការមានស្នេហាក្នុងវ័យស្នេហាជាដើម ។ បន្ទាប់ពីរឿងនេះចាក់បញ្ចាំងចប់ភ្លាម ក៏មានទស្សនិកជនជាច្រើន បានទទូចចង់ឲ្យរឿងនេះ មានវគ្គបន្តដែលបន្ថែមសាច់រឿង ឆ្លុះបញ្ចាំងសង្គមល្អៗបន្តទៀតផងដែរ ។
ជួបសម្ភាសន៍ជាមួយគេហទំព័រ Looking TODAY តារាសម្តែងស្រី កញ្ញា មាន សូនីតា ដែលមានឈ្មោះក្នុងរឿង “ស្នេហ៍៩”ថា យ៉ាណា បានបង្ហើបឲ្យដឹងថា ក្នុងនាមនាងជាតារាសម្តែងមួយដួង ក្នុងរឿង “ស្នេហ៍៩” ពិតជាមានអារម្មណ៍សប្បាយរីករាយណាស់ ដែលរឿងនេះបានបញ្ចាំងចប់ក្រោម រូបភាពទទួលបានការគាំទ្រច្រើន ពីទស្សនិកជនគ្រប់ស្រទាប់វណ្ណៈ ហើយសម្រាប់ក្រុមការងារ ក៏មានគម្រោងថតវគ្គបន្តទៀត ដើម្បីតម្រូវចិត្តទស្សនិកជន មិនឲ្យខកចិត្តឡើយ ពោលគឺពេលនេះខាងក្រុមការងារ កំពុងតែត្រៀមខ្លួនថតរឿងនេះវគ្គ២ បន្តទៀត នៅក្នុងពេលឆាប់ៗខាងមុខនេះ ។
កញ្ញា យ៉ាណា បានប្រាប់ដោយមិនប្រាកដប្រជា ចំពោះកាលបរិច្ឆេទថតរឿងនេះថា “ខ្ញុំដូចជាមិន ទាន់ច្បាស់ទេបងថារឿងនេះ វគ្គ២ត្រូវចាប់ផ្តើមថតនៅពេលណា អ្នកដឹកនាំរឿងមិនទាន់បានប្រាប់ច្បាស់ដែរ តែគាត់គ្រាន់តែបង្ហើប ឲ្យតួសម្តែងក្នុងរឿងនេះត្រៀមខ្លួន ព្រោះមិនចង់ឲ្យទទួលការងារផ្សេង នាំឲ្យជាន់គ្នា តែខ្ញុំអាចដឹងត្រឹមថារឿង “ស្នេហ៍៩” វគ្គ២នេះ ល្អមើលមិនចាញ់វគ្គមុនឡើយ ” ។
តារាស្រីរូបស្រស់សាច់សរម៉ដ្ឋរលោងរូបនេះ ក៏បានប្រាប់ឲ្យដឹងបន្ថែមទៀតថា ដូច្នេះសម្រាប់ទស្សនិកជន ដែលគាំទ្រការសម្តែងរបស់ពួកនាង ក៏ដូចជាគាំទ្ររឿង “ស្នេហ៍៩” អាចរង់ចាំទស្សនាវគ្គ២ ដែលត្រៀមលេចចេញ ជារូបរាងនៅក្នុងពេលឆាប់ៗនេះ ៕






ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល