ព្យុងយ៉ាង៖ គណកម្មការការពារជាតិ ដ៏មានឥទ្ធិពលរបស់ប្រទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍
ទី១៨ ខែមេសា ឆ្នាំ២០១៣ នេះថាបានអំពាវនាវ ទៅកាន់រដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន និងសេអ៊ូល
ឲ្យបញ្ឈប់រាល់សកម្មភាព បង្កហេតុរបស់ពួកគេទៀត ដែល នេះត្រូវបានខ្លួនអះអាងថា ជាផ្នែកមួយ
នៃលក្ខខណ្ឌ ដែលរៀបចំដោយទីក្រុងព្យុងយ៉ាង ដើម្បីស្តារឡើងវិញនូវកិច្ចពិភាក្សា ស្តីពីបញ្ហានៅ
តំបន់ឧបទ្វីបកូរ៉េនោះ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ក៏បានចេញផ្សាយនូវការ ទាមទាររបស់គណកម្មការ ខាងលើនេះ
ទៀតថា កូរ៉េខាងជើងបានទាមទារផងដែរ ឲ្យអាមេរិក និង កូរ៉េខាងត្បូង ទទួលស្គាល់យ៉ាងពេញ
លេញ ចំពោះភាពគឃ្លើនរបស់ពួកគេ ហើយត្រូវធានាអះអាងថា ពួកគេ នឹងមិនជ្រើសយកល្បែង
សង្គ្រាមនុយក្លេអ៊ែរ ដើម្បីប្រឆាំងជាមួយនឹងប្រទេស កូរ៉េខាងជើង នោះទេ។ នេះបើតាមព័ត៌មាន
ដែលទទួលបាន ពីទីភ្នាក់ងារព័ត៌មាន រដ្ឋកូរ៉េខាងជើង KCNA។
គួរបញ្ជាក់ផងដែរថា ក្រៅពីលក្ខខណ្ឌខាងលើនេះ កូរ៉េខាងជើង បានអំពាវនាវដល់ រដ្ឋាភិបាល
ទីក្រុងវ៉ាស៊ីនតោន និង សេអ៊ូល ឲ្យដកចេញនូវ អាវុធនុយក្លេអ៊ែរដែលខ្លួន បានបំពាក់នៅជុំវិញ
ប្រទេសកូរ៉េខាងត្បូង ហើយមិនត្រូវដាក់ពង្រាយអាវុធទៀតនោះទេ នេះប្រសិនបើពួកគេ ចង់
បើកកិច្ចចរចាឡើងវិញ ជាមួយប្រទេសកូរ៉េខាងជើង។ ចំពោះការលើកឡើងបែបនេះ មិនទាន់
មានការឆ្លើយតបណាមួយ ពីសំណាក់អាមេរិក និង កូរ៉េខាងត្បូងនោះទេ ប៉ុន្តែវានឹងមានក្នុងពេល
ឆាប់ៗនេះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល