CamNews

ព័ត៌មានជាតិ 

មន្រ្តីយោធាម្នាក់ បាញ់សម្លាប់ បុគ្គលិក ក្រុមហ៊ុន អាកាសចរណ៍ ស៊ីវិល ក្រោយមានទំនាស់ ពាក្យសម្តី

ភ្នំពេញ៖ បុគ្គលិក ក្រុមហ៊ុនអាកាសចរណ៍ម្នាក់ ត្រូវបានមន្រ្តីយោធា បាញ់៤គ្រាប់ ស្លាប់ពេលបញ្ជូន ទៅកាន់មន្ទីរពេទ្យ កាលពីវេលាម៉ោង ៨៖១៥នាទីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅផ្ទះលេខ១០៦៥ង ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយជនសង្ស័យ ដែលជាមន្រ្តី យោធានោះ បានរត់គេខ្លួនបាត់ ក្រោយកើត ហេតុភ្លាមៗ ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌ ខណ្ឌសែនសុខ បាននិយាយថា ការបាញ់សម្លាប់ បុគ្គលិកក្រុមហ៊ុន អាកាសចរណ៍ខាងលើនេះ ដោយផ្តើមចេញពីជម្លោះ ពាក្យសម្តី រវាងជនរងគ្រោះ និងអតីតបងថ្លៃ (ប្រពន្ធដើមរបស់បងប្រុស) រួមជាមួយ មន្រ្តីយោធា ។

មន្រ្តីនគរបាលបានបញ្ជាក់ថា ជនរងគ្រោះដែល ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ឈ្មោះ តាំង ងី អាយុ២៨ឆ្នាំ រស់នៅចំណុច កើតហេតុខាងលើ ត្រូវបាន ជនបង្កបាញ់ ចំដោះខាង ឆ្វេងមួយគ្រាប់ ក្រោមឆ្អឹងជំនីឆ្វេងពីរគ្រាប់ ។

ដោយឡែក ជនសង្ស័យដែល ជាមន្រ្តីយោធានោះឈ្មោះ អ៊ាប សុខម៉េង អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះជួល សំណង់១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌ ខណ្ឌសែនសុខ បានបញ្ជាក់ថា មុនពេលកើតហេតុ បុរសឈ្មោះ តាំង ស៊ុន ដែលជាបងប្រុស របស់ជនរងគ្រោះ បាននាំប្រពន្ធ ចុងរបស់ខ្លួន ទៅលេងផ្ទះម្តាយ នៅចំណុច កើតហេតុខាងលើ ពេលនោះ ក៏ជួបជាមួយប្រពន្ធដើម ឈ្មោះ អ៊ាប ស៊ីណា ស្រាប់តែកើតជម្លោះតមាត់តសម្តី ដាក់គ្នា ។

ដោយឃើញបែបនេះ បុរសឈ្មោះតាំងស៊ុន ក៏បានទូរស័ព្ទទៅប្រាប់ជនសង្ស័យឈ្មោះ អ៊ាប សុខម៉េង អោយមកមើលមួយសន្ទុះក្រោយមក ជនសង្ស័យក៏មកដល់ ហើយបន្តឈ្លោះប្រកែកគ្នា ធ្វើអោយជនរងគ្រោះ ដែលជាប្អូនប្រុស របស់ឈ្មោះតាំងស៊ុន យកកាំបិតដេញកាប់ បង្ខំអោយជនបង្ក ដកកាំភ្លើង K59 បាញ់ចំនួន៤គ្រាប់ បណ្តាលអោយស្លាប់ រួចគេចខ្លួនបាត់ ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ជនបង្ករូបនេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh