កណ្តាលៈ សង្ឃមួយអង្គ ដែលជាចៅអធិការវត្ត រួមនឹងបក្ខពួក២នាក់ ផ្សេងទៀត ត្រូវបានកម្លាំង សមត្ថកិច្ចក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួន បន្ទាប់ពីសង្ឃអង្គនេះ បានដោះស្បង់ចីវរចេញ រួចចូលច្រៀងខារ៉ាអូខេ កាលពីថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង៣រសៀល ស្ថិតនៅចំណុចខារ៉ាអូខេ ឌីយ៉ាម៉ង់ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សង្ឃដែលដោះស្បង់ចីវរ ចូលច្រៀងខារ៉ាអូខេ ខាងលើ មានព្រះនាម សុង រតនះ ភេទប្រុស អាយុ ៣៦វស្សា បច្ចុប្បន្នគង់នៅវត្ត ចំប៉ាចារុ ភូមិ-ឃុំពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាចៅអធិការវត្ត ចំប៉ាចារុ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ចៅអធិការវត្តខាងលើ បានស្លៀកស្បង់ជីវរចេញពីវត្ត តាមរថយន្ត ០១ គ្រឿង ម៉ាក CAMRY ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ ២R-២២២១ ដោយអោយ បក្ខពួកខ្លួន២នាក់ទៀតមកយក ឆ្ពោះមកក្រុងតាខ្មៅ ដើម្បីច្រៀងខារ៉ាអូខេ ដោយបានប្តូរសម្លៀកបំពាក់ ជាបាសក នៅក្នុងរថយន្ត។ លុះចូលច្រៀងខារ៉ាអូខេឌីយ៉ាម៉ង់ បន្ទប់ភ្នំប្រុស ក៏បានទូរសព្ទ ហៅបក្ខពួកខ្លួនពីរនាក់ទៀតមកច្រៀងដែរ លុះដល់ម៉ោងកើតហេតុ សមត្ថកិច្ចក្រុងតាខ្មៅ ក៏ធ្វើការឃាត់ខ្លួនជន សង្ស័យតែម្តង ។




