ភ្នំពេញៈ តារាចម្រៀងស្រី ស្រស់សម្បុរស្រអែម កញ្ញា ឈួន ស្រីម៉ៅ ត្រូវជាប្អូនស្រីបង្កើត របស់តារាចម្រៀងល្បីរាប់ឆ្នាំ ឈួន សុវណ្ណឆៃ នៅព្រឹកនេះបានដឹកដៃ គូដណ្តឹង ជាអាណិកជនខ្មែរ រស់នៅអាម៉េរិក ចូលរោងការ តាមប្រពៃណី ដោយមានវត្តមាន លោកមេបា ចាស់ទុំ ទាំងសងខាង សាច់ញាតិ បងប្អូនអញ្ជើញ ចូលរួមជាភ្ញៀវកិត្តិយស និងជាសាក្សី ក្នុងថ្ងៃចូលរោងជ័យ របស់ពួកគេទាំងពីរនាក់ យ៉ាងអធឹកអធម៌ នៅគេហដ្ឋានខាងស្រី ស្ថិតនៅបុរីប៉េងហួត ក្នុងសង្កាត់បឹងបាយ៉ាប ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ សំឡេងភ្លេងការ បានលាន់ឮ ពីរោះរណ្តំចិត្ត មានបទចៅព្រាហ្ម បទបាយខុនចងដៃ ហាក់ដូចជាជូនពរ ជ័យដល់ កូនប្រុសស្រី ដែលទស្សនិកជន បានស្គាល់ច្បាស់ថា កូនក្រមុំរូបស្អាត ក្នុងពិធីមង្គលការនោះ គឺ កញ្ញា ឈួន ស្រីម៉ៅ ហើយកូនកំលោះ ជាអាណិកជនខ្មែរ រស់នៅអាម៉េរិក លោក អ៊ុំ ម៉ាន់ឌី កំពុងតែសំពះផ្ទឹមជាមួយគ្នា ។ នៅក្នុងនោះគេសង្កេត ឃើញថា មានវត្តមានភ្ញៀវកិត្តិយស ទាំងអ្នកសិល្បៈ និងក្រៅរង្វង់សិល្បៈ អញ្ជើញចូលរួមយ៉ាងច្រើនកុះករផងដែរ ។
បើតាមកូនក្រមុំ រូបស្រស់សោភា ឈួន ស្រីម៉ៅ បានប្រាប់ឲ្យដឹងមុនថ្ងៃ ចូលរោងការថា បន្ទាប់ពីបញ្ចប់ការរៀបចំពិធី ពេលព្រឹក នៅគេហដ្ឋាន ហើយនៅពេលល្ងាច នាងបានរៀបចំពិធីពិសាភោជនីអាហារ នៅកោះពេជ្រ អគារ A ដោយនាងបានត្រៀម រៀបចំទទួល ភ្ញៀវ ប្រមាណជា ៦០-៧០តុ ឬអាចមានចំនួនលើសនេះ តាមស្ថានភាពជាក់ស្ដែង ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល