* ចែកសំបុត្រ ចូលរោងការថ្ងៃទី២៨ ខែមេសា កូនកំលោះ កូមក្រមុំស្លាប់អស់ !
ភ្នំពេញ ៖ ស្នេហាស្មោះស្ម័គ្រ របស់កំលោះ ក្រមុំមួយគូដែលជាគូដណ្តឹងនឹងគ្នា បោះធៀបការអញ្ជើញភ្ញៀវជិតដល់ថ្ងៃ ចូលរោងទៅហើយ ស្រាប់តែតួអង្គខាងប្រុសកើតរោគខ្យល់គ រហូតដល់ស្លាប់ ស្រាប់តែតួអង្គខាងស្រីនឹកអាឡោះ អាល័យដល់គូដណ្តឹងខ្លាំងពេក ក៏សុខចិត្តបញ្ចប់ជីវិតតាមគ្នាដោយផ្សងជួបគ្នានៅជាតិក្រោយជាបន្ត បើជាតិនេះ មិនបានជួបគ្នាក៏ដោយចុះ ។
ហេតុការណ៍ស្នេហាស្មោះស្ម័គ្រ ដោយតួអង្គខាងស្រី សុខចិត្តបូជាជីវិតតាមគូដណ្តឹងរបស់ខ្លួនខាងលើនេះ បានកើត ឡើងកាលពីមួយថ្ងៃពីរមុននេះ ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំប្រសូត្រ ស្រុកស្វាយទៀប ខេត្តស្វាយរៀង បង្កឲ្យមានការ ភ្ញាក់ផ្អើល ហើយធ្វើឲ្យញាតិមិត្ត និងអ្នកដឹងព័ត៌មានខាងលើនេះ មានការអាណិតអាសូរយ៉ាងខ្លាំងដល់គូដណ្តឹងមួយគូខាងលើនេះ ។
តួអង្គខាងប្រុស ត្រូវបានគេស្គាល់ឈ្មោះ ញ៉ែម ចាន់រស្មី អាយុ ២៣ឆ្នាំ និងតួអង្គខាងស្រីឈ្មោះ សុខ ធារី អាយុ ២៣ ឆ្នាំដូចគ្នា ដោយពួកគេរស់នៅក្នុងស្រុកភូមិកើតហេតុ ហើយជាគូដណ្តឹងនឹងគ្នា នឹងត្រូវចូលរោងរៀបអាពាហ៍ពិពាហ៍ ក្លាយទៅជាប្តី-ប្រពន្ធ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ ខាងមុខនេះ ដោយធៀបការត្រូវបានមេបាទាំងសងខាងបោះ និងអញ្ជើញភ្ញៀវដើម្បីមកចូលរួមអបអរ នៅក្នុងពិធីអាពាហ៍ពិពាហ៍នេះអស់ទៅហើយ ស្រាប់តែក៏កើតរឿងរ៉ាវ ដែលគេ នឹកស្មានមិនដល់បែបនេះទៅវិញ ។
យោងតាមប្រភពព័ត៌មាន ពីអ្នកដែលដឹងរឿងរ៉ាវនៃការទទួលមរណភាព របស់ភាគីកូនកំលោះរួចហើយ ភាគីកូនក្រមុំ ដាច់ចិត្តចងកសម្លាប់ខ្លួនតាមខាងលើនេះ បានរៀបរាប់ឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ១៩ ខែ មេសា កន្លងទៅនេះ ដោយសារតែភាគីកូនកំលោះ ឈ្មោះ ញ៉ែម ចាន់រស្មី នៅសុខៗក៏កើតរោគខ្យល់គ បណ្តាលឲ្យ ស្លាប់បាត់បង់ជីវិតតែម្តងទៅ ។ ខណៈដែលសាច់ញាតិខាងប្រុស រួមទាំងកូនក្រមុំ និងសាច់ញាតិផងនោះនាំគ្នារៀបចំ ធ្វើពិធីបុណ្យសព រំលងបានតែមួយថ្ងៃស្រាប់តែភាគីខាងស្រី ឈ្មោះ សុខ ធារី ដែលជាគូដណ្តឹងក៏បានចងកសម្លាប់ខ្លួន តែម្តង ដែលករណីចងកសម្លាប់ខ្លួនរបស់ភាគីកូនក្រមុំនេះ ត្រូវបានគេដឹងថា ផ្តើមចេញពីការស្រឡាញ់ភាគីកូនកំលោះ ខ្លាំងក្លាពេក មិនអាចរស់នៅតែម្នាក់ឯងបាន ទើបដាច់ចិត្តចងកស្លាប់ទៅតាម ។
នេះបើយោងតាមសំបុត្រមួយសន្លឹក ដែលភាគីកូនក្រមុំបានសរសេរទុក មុននឹងដាច់ចិត្តចងកសម្លាប់ខ្លួន ដែលខ្លឹម សារនៅក្នុងសំបុត្រនោះ មានអត្ថន័យថា « ប៉ា ម៉ាក់ ឲ្យកូនសុំទោស ព្រោះពេលនេះពិបាកទ្រាំណាស់ កូនដឹងថាកូន ខុស តែឲ្យនៅរស់មួយថ្ងៃ តែងនឹកប្តីកូនមួយថ្ងៃ នឹកពាក្យសំដី នឹកអ្វីៗដែលសាងរួមគ្នា ពេលខ្លះកូនមិនចង់គិតទេ តែ ឲ្យតែកូនបិទភ្នែក កូនតែងតែនឹកឃើញទាំងអស់ កូនមិនអាចទទួលយកការពិតមួយនេះបានទេ ។ ពួកកូនបានសន្យា ជាមួយគ្នាហើយ បើរស់ត្រូវរស់ជាមួយគ្នា បើស្លាប់ត្រូវទៅជាមួយគ្នា ពេលនេះកូនមិនអាចធ្វើចិត្តបាន ហើយក៏មិនអាច រស់ក្រោមស្រមោលមួយនេះ ព្រោះវាឈឺចាប់ណាស់ចំពោះកូន ហេតុអ្វីបានវាសនាបំបែកពួកកូន កូនស្រលាញ់គ្នា ណាស់ ពួកកូនមិនដែលធ្វើអ្វីខុស ហេតុអ្វីបានជាបែកគ្នា បែកទាំងមិនបានផ្តាំលា បែកទាំងមិនអស់ចិត្ត » ។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល