ភ្នំពេញៈ បើទោះជានេះ ជាលើកទី២ សម្រាប់កញ្ញា Pancake Khemanit Jamikorn ហៅ Pancake ក្នុងការដែលមកជួបអ្នកគាំទ្រ នៅប្រទេសកម្ពុជា ក៏ដោយ តែតារាស្រីរូបនេះ នៅតែមានអារម្មណ៍រំភើប និងកក់ក្តៅខ្លាំង នៅពេលដែល នាងបានមកបំពេញការងារ នៅក្នុងក្លឹបកម្សាន្ត RCA ចំថ្ងៃបុណ្យ នៃក្តីស្រលាញ់ (Valentine’s Day) នេះ ហើយបើមានពេលក្រោយទៀត នាងនឹងត្រឡប់ មកជួបអ្នកគាំទ្រ នៅកម្ពុជាទៀត ។
កាលពីរាត្រីយប់ថ្ងៃទី១៤ ខែកុម្ភៈ ចំថ្ងៃទិវាបុណ្យនៃក្តីស្រលាញ់ គេសង្កេតឃើញថា មានវត្តមានអ្នកគាំទ្រ តារាចម្រៀង និងជាតារាសម្តែងស្រី ល្បីឈ្មោះ នាង Pancake ជាច្រើន បានចូលរួមសប្បាយរីករាយ ជាមួយនាង នៅក្នុងក្លឹបកម្សាន្ត RCA ហើយនៅក្នុងនោះ ក៏មានវត្តមាន សិល្បករ-សិល្បការិនី ចូលរួមជាច្រើនផងដែរ ។
នៅក្នុងការប្រគំតន្រ្តី នារាត្រី បុណ្យនៃក្តីស្រលាញ់នេះ តារាថៃ រាងខ្ពស់ស្រឡះ នាង Pancake បានបង្ហើរសំនៀង បកស្រាយបទចម្រៀង ទាំងមនោសញ្ចេតនា និងចង្វាក់ញាក់ យ៉ាងរស់រវើក នៅលើឆាក ដែលធ្វើឲ្យកម្មវិធី នៅក្នុងក្លឹបមាន ភាពសប្បាយរីករាយ លាន់ឮតែសំឡេង សើចក្អាកក្អាយ ។
ជាមួយគ្នានោះដែលតារាស្រីរូបនេះ ក៏បាននិយាយឲ្យដឹងថា “ ខ្ញុំមានភាពសប្បាយរីករាយខ្លាំង ដែលបានមកជួបអ្នកគាំទ្រ ក្នុងថ្ងៃបុណ្យ នៃក្តីស្រលាញ់ ខ្ញុំមានអារម្មណ៍ថាមិនហត់ទេ អាចបកស្រាយបទចម្រៀង បានច្រើនហើយសប្បាយ ជាមួយអ្នកទាំងអស់គ្នា ហើយបើសិនជាមាន ថ្ងៃក្រោយទៀត ខ្ញុំនឹងត្រឡប់មកវិញជាថ្មី ” ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល