CamNews

កំសាន្ត 

ការបញ្ចាំង​ភាពយន្តភាគថៃ លើកញ្ចក់ទូរទស្សន៍ខ្មែរ​ឡើងវិញ ក្លាយចំណុចក្ដៅ​របស់តារាខ្មែរ

ភ្នំពេញ៖ ជាការពិតភាពយន្តភាគថៃ បានបាត់វត្តមានលើកញ្ចក់ទូរទស្សន៍ខ្មែរ អស់រយៈពេលជា១០ឆ្នាំ មកហើយ ដោយសារតែតារាសម្ដែងថៃដ៏ល្បីមួយដួង បានប្រើពាក្យសម្ដីមិនសមរម្យ ពាក់ព័ន្ធនឹង សម្បត្តិបេតិកភណ្ឌដ៏ល្អឯករបស់ខ្មែរ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរ កើតទុក្ខមិនុសខចិត្ត ផ្ទុះកំហឹងបង្កជាហឹង្សា ដុតបំផ្លាញស្ថានទូតថៃ កាលពីឆ្នាំ២០០៣ ។ គេនៅចាំបានថា កាលពីរដ្ឋាភិបាលអាណត្តិទី១ ក្រោម ការដឹកនាំរបស់គណបក្ស ហ៊្វុនស៊ីនប៉ិច បានអនុញ្ញាតឲ្យមានលំហូរចូល នៃភាពយន្តថៃ យ៉ាងច្រើន កុះករ និងបានចាក់បញ្ចាំងគ្រប់ស្ថានីទូរទស្សន៍របស់ខ្មែរទាំងអស់ ពោលគឺវាយលុកខ្លាំងមែនទែន។ ចាប់តាំងពីពេលនោះមក បើក្រឡេកមកមើលភាពយន្តខ្មែរវិញ បានធ្លាក់ដាំក្បាលចុះស្ទើរតែ ហៅលែង ឮ ខណៈរោងភាពយន្តនានា ត្រូវបានក្លាយទៅជាក្លឹបកំសាន្ត សណ្ឋាគារ និងកាស៊ីណូ អស់រលីង គ្មាន សល់ ។

ងាកមកមើលតាមកញ្ចក់ទូរទស្សន៍ខ្មែរវិញ ពេលបើកប៉ុស្ដិ៍ណា ក៏ឃើញតែភាពយន្តភាគថៃ អ្នកទស្សនា ខ្លះជក់មើលខ្លាំងពេក ភ្លេចបាយភ្លេចទឹក អាចនិយាយបានថា ងប់នឹងរឿងថៃងើបមុខមិនរួច ។ ប៉ុន្តែចាប់ តាំងពីមានបាតុភាពប្រឆាំង ការចាក់បញ្ចាំងរឿងភាគថៃ កាលពីឆ្នាំ២០០៣ នោះមក រឿងភាគថៃត្រូវ បានបិទទាំងស្រុង មិនអនុញ្ញាតឲ្យមានការបញ្ចាំង លើកញ្ចក់ទូរទស្សន៍ខ្មែរទៀតឡើយ។ ចាប់តាំងពី អវត្តមានភាពយន្តភាគថៃ លើកញ្ចក់ទូរទស្សន៍ខ្មែររួចមក គេសង្កេតឃើញថា ទីផ្សារភាពយន្តខ្មែរ ហាក់ មានជីវិតជីវ៉ា រស់ឡើងវិញ ។ តារាខ្មែរចាប់ផ្ដើម មានការងារធ្វើ ផលិករ និងអ្នកដឹកនាំរឿង ចាប់ផ្ដើមថត រឿងឡើងវិញ ខណៈរោងភាពយន្តក៏មានជាបណ្ដើរៗ ក្នុងរយៈកាលជាង១០ឆ្នាំមកនេះ។

ខណៈភាពយន្តខ្មែរ កំពុងតែរស់ឡើងវិញ គួរឲ្យកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ និងមានបញ្ចាំង នៅលើ កញ្ចក់ទូរទស្សន៍ យ៉ាងព្រោងព្រាតបែបនេះ ស្រាប់តែនៅរយៈកាលថ្មីនេះ ភាពយន្តភាគថៃ ក៏បង្ហាញ វត្តមាននៅលើកញ្ចក់ទូរទស្សន៍ខ្មែរវិញ ឡើងគ្រហើរៗ ជាពិសេសនៅលើកញ្ចក់ទូរទស្សន៍ កងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥ ក្រោមសំឡេងរិះគន់ធ្ងន់ៗ ពីសំណាក់មហាជន ។ ជាពិសេសតាមបណ្ដា រោងភាពយន្តទំនើបៗធំៗ ក្នុងប្រទេសកម្ពុចជា ក៏គេសង្កេតឃើញមានភាពយន្តថៃ ចាក់បញ្ចាំងជាហូរហែ រហូតដល់ថ្នាក់តារាថៃ មកបើកសម្ពោធរឿងផ្ទាល់ខ្លួន របស់គេ ក្នុងប្រទេសខ្មែរទៀតផង។

ពេលឃើញសភាពបែបនេះ ទើបមហាជន ទស្សនិកជន នឹកឃើញដល់ការអនុញ្ញាត របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានអនុញ្ញាត ឲ្យមានការបញ្ចាំងភាពយន្តភាគថៃ ឡើងវិញ ហើយកើតជាចម្ងល់ជាច្រើនជុំវិញបញ្ហានេះ ថាតើក្រសួងបានគិតពិចារណា វែងឆ្ងាយកម្រិតណា មុននឹងអនុញ្ញាត ឲ្យមានការបញ្ចាំងភាពយន្តថៃឡើងវិញ ? តើក្រសួងវប្បធម៌ និងក្រសួងពាក់ព័ន្ធ ធ្វើការស្ទង់មតិពីប្រជាពលរដ្ឋរបស់ខ្លួន ពិសេសអ្នកសិល្បៈរបស់ខ្លួនជុំវិញរឿងនេះ ដែរឬទេ? តើក្រសួងពិតជាមានចេតនា ចង់ឲ្យប្រវត្តិសាស្រ្តជូរចត់ច្រំដែលៗមួយនេះ វិលត្រឡប់មកវិញឬយ៉ាងណា នៅពេលដែលកន្លងមក តារាថៃធ្លាប់មើលងាយ ទៅលើវប្បធម៌របស់ខ្មែរ?

ជាក់ស្ដែងថ្មីៗនេះ ដោយមើលឃើញ និងខ្លាចរអានូវការវិលត្រឡប់ ទៅរកស្ថានភាពដូចមុនឆ្នាំ២០០៣ និងការធ្លាក់ចុះនៃភាពយន្តខ្មែរ តារាសម្ដែងល្បីឈ្មោះរាប់ឆ្នាំ អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ចេញនូវយោបល់ផុសចេញពីក្រអៅបេះដូងរបស់ខ្លួន ជុំវិញការចាក់បញ្ចាំងភាពយន្តភាគថៃ លើកញ្ចក់ទូរទស្សន៍ខ្មែរ នៅពេលនេះ ដោយអ្នកនាង បានសម្ដែងការមិនពេញចិត្ត និងមិនគាំទ្រឲ្យចាក់បញ្ចាំងឡើយ ។

ចន ច័ន្ទលក្ខិណា បានសង្កត់ធ្ងន់ថា ការធ្វើបែបនេះ មិនមែនដើម្បី ប្រយោជន៍ខ្លួនឯងទេ ព្រោះអ្នកនាង មិនអាចគ្រងតំណែង ជាតួឯកទៀតឡើយ ម្យ៉ាងអ្នកនាងស្រឡាញ់ វិស័យសិល្បៈភាពយន្តនេះណាស់ អ្នកនាង បានចាប់ផ្ដើមតាំងពីអាយុ១៥ឆ្នាំ រហូតមកដល់ពេលនេះ បេះដូងនិងខួរក្បាល មានតែសិល្បៈ ប៉ុណ្ណោះ ។ អ្នកនាងមិនចង់ឲ្យវា ត្រឡប់ទៅរកជំនាន់មួយ ដែលរឿងភាគថៃ បានវាយលុកភាពយន្តខ្មែរ រហូតហៅលែងឮតែម្ដង ។ អ្នកនាង ចន ច័ន្ទលក្ខិណា បន្តថាបើទោះបីស្ថានីយទូរទស្សន៍ ដែលបញ្ចាំងរឿងភាគថៃនោះ ខឹងអ្នកនាង មិនហៅអ្នកនាងឡើង ប៉ុស្ដិ៍នោះទៀតក៏ដោយ ក៏អ្នកនាងនៅតែជំនះ ធ្វើទាល់តែបាន ។ បើទោះជាខាងក្រសួងពាក់ព័ន្ធ មិនអើពើ ឬនៅតែចាក់ផ្សាយក៏ដោយ។

តារាសម្តែងជើងចាស់រូបនេះ បានប្រាប់ឲ្យដឹងថា "ក្នុងនាមខ្ញុំមិនបានធ្វើតាមអ្នកណាទេ ធ្វើនេះដើម្បីសិល្បៈ ព្រោះយើងដឹងថាសិល្បៈ និងកម្រិតនៃការផលិតនៅទាប យើងទទួលស្គាល់តែយើង មិនច្រណែនគេទេ ខ្ញុំចង់និយាយថា ម្នាក់ៗគួរតែប្រឹងប្រែង តវ៉ាទាំងអស់គ្នាទៅ មិនមែនថាយើងហាម មិនឲ្យបញ្ចាំងរឿងថៃសុទ្ធទេ ហើយក៏មិនសំដៅរឿងថៃតែមួយទេ គឺសុំឲ្យចាក់បញ្ចាំង ចាប់ពីម៉ោង៩-៣០នាទីទៅ។ ខ្ញុំចង់និយាយថា បើយើង បណ្តោយឲ្យចាក់រឿងថៃ នៅម៉ោង ដែលប្រជាជនខ្មែរ កំពុងតែមើលទូរទស្សន៍ តើអារម្មណ៍អ្នកសិល្បៈ យ៉ាងម៉េច ?ចាងហ្វាងផលិតកម្ម យ៉ាងម៉េច ? បើសិនជាស្ថានីយ ទូរទស្សន៍មួយៗ គិតតែប្រយោជន៍ខ្លួន តើខ្លួនឯងជាអ្វីជាខ្មែរ ឬជាអី?" ។

ជាមួយគ្នានោះ ប្រធានសមាគមនសិល្បករខ្មែរ លោក សុះ ម៉ាច ក៏បានមានប្រសាសន៍ ស្រដៀងគ្នាថា ចំពោះអារម្មណ៍លោកក៏ មិនខុសពីសិល្បករ-សិល្បការិនី ដទៃដែរ គឺយើងត្រូវពិចារណា ឡើងវិញ ឲ្យច្បាស់លាស់ បើទោះជាពេលនេះយើង មានការផ្លាស់ប្តូរ លើវិស័យភាពយន្ត ជាមួយប្រទេសជិតខាងមែន។ លោកថា "ប៉ុន្តែការចាក់បញ្ចាំងនោះ ត្រូវមានកម្រិតថា ត្រូវបញ្ចាំង តែភាពយន្តថៃសុទ្ធ ឬភាពយន្តបរទេសសុទ្ធ ដោយមិនចាក់បញ្ចាំងភាពយន្ត យើងក៏មិនកើតដែរ ការធ្វើបែបនោះ ដូចជាការលើកទឹកចិត្តគេ និងខ្សែភាពយន្តគេ ឲ្យកាន់តែល្បាញល្បី ទន្ទឹមនឹងនោះ យើងនឹងបាត់ប្រជាប្រិយភាព យើងគួរតែពិចារណាឡើងវិញ ជាពិសេសខាង ក្រសួងវប្បធម៌តែម្តង ថាតើឲ្យចាក់បញ្ចាំង នៅក្នុងកម្រិតណា?"។

ដោយឡែកអ្នកស្រី ពាន់ ភួងបុប្ផា ជាអ្នកដឹកនាំរឿងឆ្នើម មានឈ្មោះបោះសំឡេង ក៏បានបញ្ចេញប្រតិកម្ម មិនពេញចិត្តថា "និយាយឲ្យចំទៅ ខាងផលិតករយើង ដែលជាខ្មែរ ខ្ញុំមិនដឹងទេថា ទឹកដៃ និងការផលិតបានដល់ កម្រិតណាទេ ហើយបន្ទាប់ពីខ្ញុំ ឈប់ពីការដឹកនាំរឿងនេះ ខ្ញុំក៏មិនសូវបានតាមដាន ច្រើនទេ តែនៅក្នុងនោះ ខ្ញុំក៏មានការព្រួយ បារម្ភខ្លះៗ ទៅលើអ្នកមើលថា កំលាំងការស្រូបទាញ ការទស្សនាវាខ្លាំងហើយ ខ្ញុំក៏ខ្លាចកូនចៅជំនាន់ក្រោយ មានការយល់ច្រឡំ និងបែងចែក មិនច្បាស់ថា មួយណាជារបស់ខ្មែរ មួយណាជារបស់ថៃទេ ព្រោះថាវប្បធម៌ប្រទេសទាំងពីរនេះ មានភាពស្រដៀងគ្នា ….។ ការនិយាយរបស់ខ្ញុំនេះ គ្រាន់តែផ្ញើរក្ដីបារម្ភ ទៅដល់រដ្ឋាភិបាល ឲ្យលោកគិតនិង គួរតែផ្សព្វផ្សាយបែបណា ដើម្បីកុំឲ្យមានការយល់ច្រឡំទៅថ្ងៃក្រោយ.."។

ទាក់ទងនឹងការប្រតិកម្ម ពីអ្នកសិល្បៈនោះ ត្រូវបាន លោក ស៊ិន ចាន់សាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងទស្សនិយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បកស្រាយប្រាប់ឲ្យដឹងថា ធម្មតាការផ្សព្វផ្សាយរឿង គេពិតជាមាន ជាទូទៅមានការប៉ះពាល់តិច ឫច្រើន ប៉ុន្តែយើងមិនអាចរើសអើងទេ ។ សម្រាប់លោកគិតថា គ្រប់យ៉ាងអាស្រ័យ លើខ្លួនយើងទេ បើយើងអាចធ្វើការកំណត់វាបាន ទៅតាមអ្វីដែលអាចទទួលយកបាន ។លោកថា ការហូរចូលភាពយន្តបរទេស មកស្រុកយើង គឺត្រូវចាត់ទុកថា ជាការប្រកួត ប្រជែងមួយដែរ គឺដើម្បីកុំឲ្យយើងខ្លាច មិនហ៊ាន ប្រឈម ពោលគឺយើងត្រូវតែហ៊ានប្រកួត ។ ម្យ៉ាងទៀត ការដាក់បញ្ចាំងរឿងទាំងអស់នោះ ក៏ត្រូវមានកម្រិតកំណាត់ ណាមួយដែរ។ ជាក់ស្តែងបច្ចុប្បន្ន នៅលើទូរទស្សន៍ស្រុកយើង គឺមានដាក់បញ្ចាំងភាពយន្ត បរទេសជាង៩០ភាគរយ គ្មានការផលិតខ្លួនឯងទេ "។

លោកបានបន្តទៀតថា ការបារម្ភ របស់សិល្បករយើង ដែលលោកបានឮ គឺជាការបារម្ភផ្ទាល់ខ្លួន និងជាការយល់ឃើញ របស់ពួកគាត់ តែប៉ុណ្ណោះ ការប៉ះពាល់វាតែងតែមាន ។ មួយវិញទៀត សម្រាប់ការដាក់ចាក់បញ្ចាំង រឿងភាពយន្តថៃ ឡើងវិញនេះ ខាងក្រសួងមិនបានធ្វើការ ស្ទង់មតិអ្វីឡើយ តែយើងដឹងហើយថា សព្វថ្ងៃ ក្រសួងគ្រប់គ្រងតែលើរោងកុនទេ ព្រោះថារោងកុនជាសេរីភាព អ្នកណាចង់មើលទៅទិញមើល ទៅតែបើអត់ចង់មើល កុំទៅ ។ចំណែកការបញ្ចាំង លើកញ្ចក់ ទូរទស្សន៍ គឺមិនស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រសួងវប្បធម៌ឡើយ ដូចជាលោកក៏មិនបានដឹងដែរ ។ ប៉ុន្តែក្នុងនោះ លោកក៏បានដឹងថា មានបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តាលខេត្ត ជាច្រើន ក៏មានការនិយម មើលរឿងថៃច្រើនដែរ តាមរយៈការជួលឌីសជាដើម ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៣ មានបាតុករខ្មែរមួយ ក្នុងបានធ្វើបាតុកម្មដុតកម្ទេច ស្ថានទូតថៃ បន្ទាប់ពីបណ្ដាញសារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយថា តួឯកកុនថៃ នាង ស៊ូវ៉ាន់ណន្ត គង់យីង (Suvanant Kongying) ទស្សនិកជនខ្មែរ ហៅក្រៅថា នាងផ្កាយព្រឹក បាននិយាយថា កម្ពុជាបានលួចប្រាសាទអង្គររបស់ថៃ។ ក្រោយពីមានកុប្បកម្មដុតស្ថាទូតថៃរួចមក បានធ្វើឲ្យរដ្ឋាភិបាលខ្មែរ ត្រូវសងជាង៥០លានដុល្លារ ដើម្បីកសាងស្ថានទូតថៃឡើងវិញ ។ ចាប់តាំងពីពេលនោះមក រឿងភាគថៃបានចាកចេញ ពីក្រសែភ្នែក របស់ទស្សនិកជនខ្មែរជាបណ្ដើរៗ ជាពិសេសបាត់ពី កញ្ចក់ទូរទស្សន៍ខ្មែរ។

មតិជាច្រើនបានលើកឡើងថា ប្រជាជនកម្ពុជាមិនមែនចង្អៀតចង្អល់ពេក សម្រាប់ការផ្លាស់ប្ដូរវប្បធម៌គ្នា ទៅវិញទៅមកនោះទេ ប៉ុន្តែប្រសិនបើវប្បធម៌ ដែលហូរចូលមកនោះ ផ្ដល់នូវភាពខាតបង់ ចំពោះវប្បធម៌ខ្លួន និងមានចេតនាលុបបំបាត់វប្បធម៌ខ្លួន ក៏មិនអាចទទួលយកបានដែរ ។ ជាក់ស្ដែងពេលប្រជាពរដ្ឋខ្មែរ ត្រូវការពូជដាំដុះ ដើម្បីបង្កើនផលដំណាំ ត្រូវបានខាងប្រទេសថៃ ជាអ្នកផ្ដល់នូវពូជបង្កបង្កើនផលឲ្យ ដោយសន្យាថា ពេលបានផលនឹងទិញកសិផលទាំងនេះពីកសិកខ្មែរ ប៉ុន្តែពេលក្រុមហ៊ុនថៃ ទិញកសិផលពីខ្មែរ ប្រជាជនថៃ បានធ្វើបាតុកម្ម មិនឲ្យរដ្ឋាពិបាល ឬក្រុមហ៊ុនថៃ ទិញកសិផល របស់កសិករខ្មែរឡើយ។ សួរថា តើរឿងនេះ នរណាជាអ្នកចំណេញ នរណាជាអ្នកខាត?

យ៉ាងណាមិនញ ក្នុងឧស្សហកម្មភាពយន្ត ការវិញត្រឡប់របស់ភាពយន្តភាគថៃ នៅលើកញ្ចក់ទូរទស្សន៍ខ្មែរ ក៏ជាសញ្ញាគ្រោះថ្នាក់មួយ លើវប្បធម៌ខ្មែរ និងប៉ះពាល់យ៉ាងខ្លាំង ដល់យុវវ័យក្នុងទទួលយកវប្បធម៌បរទេស ដែលធ្លាប់មានដំបៅឈឺចាប់នេះ ។ ដូច្នេះទាំងអ្នកសិល្បៈខ្មែរ ទាំងអ្នកពាក់ព័ន្ធ ជាពិសេសក្រសួងវប្បធម៌ ក្រសួងព័ត៌មាន ត្រួវតែមានកិច្ចពិភាក្សាគ្នាមួយ ដើម្បីស្វែងរកដំណោះស្រាយ ឲ្យបានសមរម្យ ដែលអាទទួលយកបាន ទាំងអស់គ្នា ព្រោះបញ្ហានេះ មិនអាចទុកឲ្យទំជោរ ហើយចាំនាំគ្នារកដំណោះ ជាក្រោយបានឡើយ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh