ភ្នំពេញ៖ វត្តមាននៃការការបង្ហាញខ្លួន របស់តារាសម្តែងចង្កាស្រួចរាងសង្ហា លោក ទី រ៉ាណូ តាមរយៈការសម្តែងឈុតកាយវិកាខារ៉ាអូខេឱ្យបណ្តាផលិតកម្មតូច-ធំនៅក្នុងស្រុកក៏ដូចជាការថត ស្ព៉តពាណិជ្ជកម្មព្រមទាំងការថតរូបដាក់លើគ្របទស្សនាវដ្ដី ជាដើម ទើបបានធ្វើមជ្ឈដ្ឋាន មហាជនទូទៅ បានដាក់ការចាប់អារម្មណ៍ ទៅលើតារាប្រុសរូបនេះ រហូតទទួលការគាំទ្រ ពីសំណាក់ទស្សនិកជន ជាច្រើន ។
ការបោះជំហានទៅមុខ ជាបណ្តើរៗជាមួយនឹងអាជីព ជាអ្នកសិល្បៈ នេះហើយ ទើបធ្វើឱ្យតារាសម្តែងប្រុសរាងតូចស្តើងសម្បុរស្រអែម លោកទី រ៉ាណូកំពុងតែមានហាងឆេងសម្រាប់ទីផ្សារ ក្នុងស្រុកផងដែរ ។ ក្នុងអំឡុងចុងឆ្នាំ២០១៤ រហូតដល់ដើមឆ្នាំ២០១៥នេះ តារាសម្តែងរូបនេះបាននឹងកំពុងបង្ហាញវត្តមានជាច្រើន តាមរយៈការលេចមុខសម្តែងឈុតកាយវិកាខារ៉ាអូខេ ,ខ្សែ រឿងភាគ និង អប់រំ ក៏ដូចជាលេចមុខលើគម្របទស្សនាវដ្ដី ទាំងនៅក្នុងស្រុក និងក្រៅ ស្រុក។
តារាសម្តែងប្រុស មានដើមកំណើត ចេញមកពីខេត្តកណ្តាល លោក ទី រ៉ាណូ បាននិយាយប្រាប់គេហទំព័រLooking TODAY តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៩ខែមីនាឆ្នាំ២០១៥ថា «បន្ទាប់ពីចូលដល់ឆ្នាំថ្មី២០១៥នេះភ្លាម ខ្ញុំដូចជាមិនសូវទំនេរប៉ុន្មានដែរ ព្រោះមមាញឹកចេញថតសម្តែងឈុតកាយវិកាខារ៉ាអូខេ ឱ្យបណ្តាផលិតកម្មធំៗ មួយចំនួនមាន ដូចជា ហង្សមាស និង ផលិតកម្មភាពយន្ត មួយចំនួនទៀតផងដែរ។ ប៉ុន្តែបើទោះបីជាខ្ញុំ រវល់យ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែពេញចិត្តក្នុងការងារ ជាអ្នកសិល្បៈនេះដដែល» ។
លោក ទី រ៉ាណូ បានបញ្ជាក់ប្រាប់ពីជោគជ័យ នៃអាជីពសិល្បៈបច្ចុប្បន្ន ថា សម្រាប់១ ខែមុននេះ គឺលោកមានការរវល់ខ្លាំង ក្នុងការចេញថតសម្តែង ព្រមទាំងអាជីពរកស៊ី ផ្ទាល់ខ្លួន បន្ទាប់បន្សំហើយភាពជោគជ័យទាំងនេះ គឺដោយ សារភាពតស៊ូព្យាយាម អត់ធ្មត់ ទើបលោកមានឱកាសការងារ រហូតមកដល់ពេលនេះ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល