(ភ្នំពេញ)៖ មុនការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ TOYOTA Mekong Club Championship 2016 (TMCC) រវាងក្រុមបឹងកេតអង្គររបស់កម្ពុជា និងក្រុម Lanexang United របស់ឡាវ ឈានចូលមកដល់នៅថ្ងៃទី៣១ ខែធ្នូស្អែកនេះ តើអ្នកទាំងអស់គ្នាមានដឹងទេថា ក្រុមនីមួយៗចូលរួមប្រកួតពានថ្នាក់តំបន់នេះទទួលបាន ប្រាក់រង្វាន់គ្រប់ក្រុម ដែលគិតជាសាច់ប្រាក់សរុបជិត ២០ម៉ឺនដុល្លារឯណោះ។
យោងតាមការកំណត់ប្រាក់រង្វាន់ របស់គណៈកម្មការរៀបចំព្រឹត្តិការណ៍ TOYOTA Mekong Club Championship បានបែងចែកយ៉ាងច្បាស់ថា ក្រុមជើងឯកលេខ១ នឹងទទួលបានប្រាក់រង្វាន់ ៧៥,០០០ដុល្លារ, លេខ២ ទទួលបាន ៥០,០០០ដុល្លារ, លេខ៣ ទទួលបាន ៣០,០០០ដុល្លារ, លេខ៤ ទទួលបាន ១០,០០០ដុល្លារ និងលេខ៥ ទទួលបាន ៥,០០០ដុល្លារ។ រួមទាំងប្រាក់រង្វាន់កីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ចំនួន ៣,០០០ដុល្លារ បើសរុបទាំងអស់មានចំនួន ១៧៣,០០០ដុល្លារអាមេរិកឯណោះ។
ដោយហេតុនេះ គេអាចដឹងថា ជាបណ្ដោះអាសន្នពេលនេះ ក្រុមបឹងកេត ឬក្រុម Lanexang United សុទ្ធតែមានប្រាក់រង្វាន់ ៣០,០០០ដុល្លារក្នុងដៃរួចទៅហើយ តែបើក្រុមណាទទួលបានជ័យជម្នះថ្ងៃស្អែក នឹងទទួលបានប្រាក់រង្វាន់ ៥ម៉ឺនដុល្លារក្នុងដៃដោយស្វ័យប្រវត្តិ។ ចំណែកក្រុមទទួលបានប្រាក់រង្វាន់មុនគេ គឺមានក្រុមបាតតារាងវគ្គជម្រុះបឋម គឺក្រុម SHB Da Nang របស់វៀតណាមទទួលបាន ៥ពាន់ដុល្លារ និងក្រុមជើងឯកមីយ៉ាន់ម៉ា Yadanarbon ដែលឈរលេខ២ ក្នុងវគ្គជម្រុះទទួលបានប្រាក់រង្វាន់ ១ម៉ឺនដុល្លារផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង