CamNews

តារា 

ហេង រិទ្ធសុមានា អតីត​បវរ​កញ្ញា​ទេសចរណ៍ ចូល​​រោង​​ការ​​​មួយ​ ​​​វេជ្ជបណ្ឌិតឯក​ទេស​​​សណ្ដំ

ភ្នំពេញ៖ អតីតបេក្ខភាព បវរកញ្ញាទេសចរណ៍កម្ពុជា ដ៏ស្រស់សោភា កញ្ញា ហេង រិទ្ធសុមានា បានលាភាពក្រមុំ កាលពីរាត្រីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅ ដែលពិធីជប់លៀង ទទួលទានអាហារពេលល្ងាច ធ្វើឡើងនៅទីក្រុង កោះពេជ្រ ដោយមានវត្តមានភ្ញៀវ ចូលរួមជិត១៥០០នាក់ ខណៈវត្តមានអ្នកសិល្បៈតិចតួចបំផុត ប៉ុន្តែសម្បូរទៅដោយ អ្នកមុខអ្នកការ និងមន្ត្រីរាជការច្រើន ។

អ្នកនាង ហេង រិទ្ធសុមានា បានសម្រេចចិត្តរៀបការ ជាមួយវេជ្ជបណ្ឌិតឯកទេសសណ្ដំ និងសង្គ្រោះបន្ទាន់ បន្ទាប់ពីអ្នកនាង បានភ្ជាប់ពាក្យជាងកន្លះឆ្នាំ ។ អ្នកទាំងពីរជាគូស្នេហ៍ ដែលមានកម្ពស់សមគ្នាបំផុត ព្រោះសុទ្ធសឹងស្រស់ស្អាត និងស្រស់សង្ហារដូចគ្នា ។ កូនក្រមុំដ៏ស្រស់សោភារូបនេះ មិនត្រឹមតែជាអតីតបេក្ខភាព បវរកញ្ញាទេសចរណ៍ ឈានចូលវគ្គចុងក្រោយទេ តែនាងក៏ជាអ្នកទទួលបានមេដាយ ផ្នែកតៃក្វាន់ដូផងដែរ ធ្វើឲ្យអ្នកស្គាល់នាង ញាក់សាច់មិនតិចទេ ទាំងស្អាត និងពូកែ គ្មានអ្នកណាធ្វើបាន ទាំងព្រមដូចនាងឡើយ ។

អ្វីដែលជាភាពសោកស្ដាយ គឺអ្នកនាងមិនបាន សាងភាពល្បីល្បាញ ឲ្យបានខ្លាំងក្លា ដូចអ្នកសិល្បៈដទៃឡើយគឺ ហេង រិទ្ធសុមានា គិតពីសុភមង្គលផ្ទាល់ខ្លួន ច្រើនជាងកេរ្តិ៍ឈ្មោះក្នុងសិល្បៈ ។ ដូចនេះបានជា អ្នកនាងសម្រេចចិត្តរៀបមង្គលការ ដោយស្នាមញញឹម ជាមួយលោកវេជ្ជបណ្ឌិត ដ៏ស្រស់សង្ហារគឺលោក ហ៊ុន សុខនាង ។

អ្នកនាង ហេង រិទ្ធសុមានា បាននិយាយថា នាងសប្បាយចិត្ត ដែលបានចូលសិល្បៈ ក្នុងរយៈពេលខ្លី ធ្វើឲ្យអ្នកនាងយល់ពីតម្លៃនៃសិល្បៈ និងសូមអរគុណអ្នកផ្ដល់ឱកាសឲ្យទាំងឡាយ និងម្ចាស់ក្រុមហ៊ុននានា ដែលអញ្ជើញនាងទៅដើរម៉ូដ ឬថតផ្សព្វផ្សាយជាដើម តែនាងប្រហែលជាមិនដឹងថាបន្តទៀត ឬយ៉ាងណាទេ ។ អ្វីដែលនាង ហេង រិទ្ធសុមានា រំភើបបំផុតគឺ អ្នកនាងដណ្ដើមបាន មេដាយមាសតៃក្វាន់ដូ នៅទីក្រុងសៀមរាបអង្គរកន្លងទៅ រឹតតែរំភើប និងសប្បាយបំផុតគឺអ្នកនាងរកបាន មនុស្សប្រុសល្អម្នាក់ ដើម្បីរួមដំណើរជីវិតជាមួយគ្នាទៀត ។

 ថ្វីត្បិតអ្នកនាង ហេង រិទ្ធសុមានា មិនបានសាងភាពល្បីល្បាញ ឬមានមុខមាត់ខ្លាំងក្នុងសិល្បៈ តែមហាជនជាច្រើនបានកោតសរសើរ ពីអ្វីដែលអ្នកនាងបានធ្វើ នាងជាមនុស្សជោគជ័យបំផុត ព្រោះចប់អនុបណ្ឌិតខាងគ្រប់គ្រង អនាគតវេជ្ជបណ្ឌិត ថែមទាំងជាម្ចាស់មេដាយមាសកីឡា តៃក្វាន់ដូទៀតផង ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh