ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៤ នេះ តារាសម្ដែងលេចធ្លោ ជាបន្តបន្ទាប់ ដូចកាំជណ្ដើរ ហេង ស្រីពេជ្រ បានរៀបចំកម្មវិធី ខួបកំណើត គម្រប់អាយុ២៨ ឆ្នាំ ជាលក្ខណៈទ្រង់ទ្រាយល្មម នៅហាងតូចមួយ ដោយមិនបាន អញ្ជើញ អ្នកសិល្បៈល្បីៗ និងជិតស្និទ្ធណាម្នាក់ ចូលរួមទាល់តែសោះ ។
ពិធីខួបកំណើត ដែលជាថ្ងៃពិសេស សម្រាប់តារាសម្ដែង ហេង ស្រីពេជ្រ ប៉ុន្តែគ្មានវត្តមាន អ្នកសិល្បៈណាចូលរួមនេះ ត្រូវបាននាងបញ្ជាក់ថា គឺជាការរៀបចំមួយ មិនចង់ឲ្យមានការលំបាកដល់អ្នកដទៃ ជាពិសេសអ្នកសិល្បៈ ធ្លាប់ស្គាល់គ្នាស្និទ្ធស្នាល ព្រោះពួកគេសុទ្ធតែ មានភារកិច្ច រវល់រៀងៗខ្លួន និងមានកម្មវិធីច្រើនទៀត ក្នុងមួយថ្ងៃៗ ទាំងការងារសម្ដែង និងការងារផ្សេងៗ។
ហេង ស្រីពេជ្រ និយាយថា " ខ្ញុំគិតថា បើមានឱកាសលើកក្រោយ ខ្ញុំនឹងអញ្ជើញអ្នកសិល្បៈទាំងអស់គ្នា ទាំងអ្នកចាស់អ្នកថ្មី ដើម្បីជួបជុំគ្នាសប្បាយ តែពេលនេះខ្ញុំចង់ធ្វើតូចប៉ុណ្ណោះ ឲ្យសប្បាយចិត្តជួបជុំ ជាលក្ខណៈ គ្រួសារសិន..! " ។
តារាសម្ដែង ហេង ស្រីពេជ្រ ត្រូវបានគេមើលឃើញថា ក្នុងរយៈពេលប៉ុន្មានខែចុង ឆ្នាំ២០១៤ នេះ ការងារសិល្បៈរបស់នាង ហាក់មានសន្ទុះកើនឡើង ជាបន្តបន្ទាប់ ជាពិសេសការសម្ដែងរឿង ទាំងរឿងភាគបញ្ចាំង ក្នុងស្ថានីយទូរទស្សន៍ និងរឿងដុំបញ្ចាំង ក្នុងរោងភាពយន្ត និងថតខារ៉ាអូខេជាដើម ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល