CamNews

កំសាន្ត 

ពែកមី ៖ "តន្រ្តីលក់សំបុត្រ តាមខេត្តយកឈ្មោះខ្ញុំ បោកប្រាស់​អ្នកទស្សនា ជាទង្វើថោកទាបបំផុត"

ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា រាសីរបស់ តារាកំប្លែង នាយ ពែកមី ហាក់ដូចជាមិនសូវល្អនោះទេ ដោយលោក តែងតែ មានបញ្ហា មិនចេះចប់មិនចេះ ហើយ ។ រឿងចាស់រំលងទៅ មិនទាន់បានប៉ុន្មានផង លោកក៏ត្រូវពើបប្រទះ នឹងរឿងថ្មី មួយទៀត ដោយលោក ត្រូវបាន ប្រជាពលរដ្ឋ រស់នៅខេត្តរតនគិរី ធ្វើការរិះគន់យ៉ាងចាស់ដៃ ចោទប្រកាន់ថា លោកបានបោកប្រាស់ និងកុហកអ្នកគាំទ្រថា ទៅសម្តែងនៅ ទឹកដីនោះ តែដល់ពេលសម្ដែង បែរជាមិនឃើញវត្តមាន របស់លោកទៅវិញ ។

តាមរយៈសារខ្លីមួយ ត្រូវបានគេបង្ហោះ នៅលើបណ្តាញទំនាក់ទំនង សង្គម Facebook បានសរសេរ ជាភាសាខ្មែរ រិះគន់ចំៗទៅលើ តារាកំប្លែងរូបនោះថា “ លោកពែកមី ធ្វើឲ្យអ្នក ស្រុកខ្មែរលើ ខេត្តរតនគិរី ខកចិត្ត !!! អ្នកភូមិទីជនបទ គឺចង់មើលជាក់ស្តែង ខ្លាំងណាស់ ព្រោះពួកគាត់ មិនសូវបាន មើលតាមទូរទស្សន៍ញឹកញាប់ទេ ហេតុនេះ បើមានលើកក្រោយ សូមលោកពែកមី មកពិតប្រាកដផង កុំកុហកអ្នកស្រុកខ្មែរលើអី…”។

ជួបសម្ភាសន៍ ជាមួយគេហទំព័រ LookingTODAY នៅថ្ងៃទី២០ ខែវិច្ឆិកា នេះ នាយ ពែកមី បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា លោកមិនបានទទួលការអញ្ជើញ ណាមួយពីអ្នករៀបចំកម្មវិធី នៅខេត្តរតនគិរីទេ ដោយសារតែថ្ងៃនោះ លោកបានធ្វើដំណើរ ទៅសម្តែងនៅខេត្តបាត់ដំបង ។ ហេតុដូច្នេះ តើឲ្យលោកទៅដោយរបៀបណា លោកពិតជាមានការភ្ញាក់ផ្អើល ខ្លាំងណាស់ ដែលនៅសុខៗ បែរជាមានសាររិះគន់លោកថា កុហកបោកប្រាស់ ទស្សនិកជន ដោយមិនបានដឹងខ្លួន បែបនេះ ។

តារាកំប្លែង សម្បូរវោហាស័ព្ទ ចាក់ទឹកមិនលិចរូបនេះ បានប្រាប់ដោយសំឡេង ក្រាវក្រោធថា “ តាមពិតខ្ញុំអត់ដឹងរឿងអីសោះ គ្មានអ្នករៀបចំ កម្មវិធីតន្ត្រីសប្បុរសធម៌ ណាទាក់ទងហៅខ្ញុំ ទៅសម្តែង នៅថ្ងៃទី១៨ ខែវិច្ឆិកា នៅរតនគិរីអីទេ..! ដូច្នេះខ្ញុំសង្ឃឹមថា ពុកម៉ែបងប្អូន និងយល់ហើយសម្រាប់ ព័ត៌មានដែល អ្នកលក់សំបុត្រប្រកាសថា ខ្ញុំទៅចូលរួមហើយអត់ឃើញវិញនោះ គឺគេបោកប្រាស់ បងប្អូនឲ្យចូលទិញសំបុត្រ ឲ្យច្រើន ដល់ពេលអត់ឃើញខ្ញុំ ទៅសម្តែងបែរជា ទម្លាក់កំហុសថា ខ្ញុំខកខានមិនមកទៅវិញ” ។

នាយ ពែកមី បានប្រាប់ឲ្យដឹងទៀតថា នេះមិនមែនជាលើកទី១ទេ ដែលមានរឿងបែបនេះ មកលើអ្នកសិល្បៈ មិនថាតែលោកទេ ការដែលអ្នករៀបចំ ខនសឺត ប្រកាសក្តែងៗថា មានវត្តមាន តារាល្បីៗទៅចូលរួម ហើយទាក់ទាញការ ចាប់អារម្មណ៍ ពីពុកម៉ែបងប្អូន តែដល់ពេលខនសឺត មែនទែន បែរជាបោកកុហក ទស្សនិកជនថា តារាអត់មក ទម្លាក់កំហុស ដាក់គេដាក់ឯង ។ “ខ្ញុំពិត ជាចង់ជួបមុខអ្នករៀបចំ ខនសឺត អ្នកលក់សំបុត្រនោះ មកទល់មុខជាមួយខ្ញុំ ដល់ហើយ ព្រោះថាពេលខ្លះ ខ្ញុំទ្រាំមិនបាន ចង់ចាត់ការ ទៅតាមផ្លូវច្បាប់ ឲ្យដឹងដៃដែរ ព្រោះថា ទង្វើបែបនោះ គឺថោកទាបខ្លាំងណាស់ ។ ម្យ៉ាងខ្ញុំ ក៏មានចិត្តអាណិត ទៅលើប្រជាពលរដ្ឋ ដែលលោកខំទៅអង្គុយ រង់ចាំខ្ញុំតែបែរជាខកចិត្ត ដោយសារតែការ បោកប្រាស់ ចង់បានប្រយោជន៍ កាន់តែច្រើន ពីអ្នកលក់សំបុត្រនោះ ទៅវិញ វាពិតជាអយុតិ្តធម៌ខ្លាំងណាស់ ” ។ នាយ ពែកមី បញ្ជាក់បន្ថែម ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh