CamNews

តារា 

ខេម បែកញើសជោគ ក្នុង​កម្ម​វិធីផ្សាយ​ផ្ទាល់ ការ​ប្រកួត​បាល់​ទាត់ រវាង​ក្រុម Chelsea និង Sunderland

ភ្នំពេញ៖ បទញាក់កន្រ្តាក់អារម្មណ៍ចំនួន២ ជាមួយនឹងបទចម្រៀងថ្មីៗ បែបរ៉ូមែនទិច ចំនួន២បទផ្សេងទៀតបាន ធ្វើឱ្យ ខេម ដែលអាចហៅថាជា តារាចម្រៀងលេចធ្លោមួយ ប្រចាំផលិតកម្មថោន បែកញើសសស្រាក់នៅក្នុងកម្មវិធី ផ្សាយផ្ទាល់នៃការប្រកួតបាល់ទាត់រវាងក្រុមតោខៀវ Chelsea Football Club និងក្រុមឆ្មាខ្មៅ Sunderland នៅកោះពេជ្រ កាលពីយប់ថ្ងៃអាទិត្យ កន្លងទៅនេះ ។

ការប្រកួតនេះ ជាការប្រកួតបាល់ទាត់ក្នុងរដូវកាលឆ្នាំ ២០១៤-២០១៥ នៃក្របខណ្ឌកំពូលក្នុងប្រទេសអង់គ្លេស Enlighs-Premier League (EPL) ដែលបានធ្វើការផ្សាយបន្តផ្ទាល់នៅ SINGHA Stadium នៅអគារតាំងពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង៥ល្ងាចកាល ពីម្សិលមិញ ។

ខណៈដែលធ្វើឱ្យយុវវ័យរាប់ពាន់នាក់ ហ៊ោរកញ្ជ្រៀវលោតជញ្ជ្រាំស្ទើរបាក់ឆាក ជាមួយនឹងបទ «ផឹកស្រវឹងមិនចេះបើកបរ» ខេមក៏បង្វែរអារម្មណ៍ អ្នកគាំទ្រការផ្សាយផ្ទាល់នៃការប្រកួតបាល់ទាត់ទាំងនោះ មកស្តាប់បទថ្មី «ទឹកភ្នែកក្មេងពាល» ដែលជាបទអប់រំ សម្រាប់យុវវ័យ ដែលដើរផ្លូវខុស ឱ្យងាកមកដើរនៅលើផ្លូវមួយដែលត្រូវត្រឹម និងមានការទទួលស្គាល់ពីសង្គមវិញ ។

ខេម មានឈ្មោះពិត ប៊ុន សុណារិន មានស្រុកកំណើតនៅតំបន់មាត់ទន្លេស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ គេធ្លាប់ជាអ្នកក្រខ្សត់ រស់នៅក្នុងជីវភាពក្រីក្រ កាលពីកុមារ និងយុវវ័យ ប៉ុន្តែពេលនេះ ជីវិតលំបាកវេទនាបែបនោះ ទំនងជាឃ្លាតទៅឆ្ងាយ លែងវិលមកកាន់ជីវិតរបស់គេទៀតហើយ ។ អតីតអ្នករត់ម៉ូតូឌុបរូបនេះ ត្រូវបានគេទម្លាយថា កំពុងរស់នៅក្នុងជីវភាពហ៊ឺហារ ដោយមានផ្ទះស្អាត នៅក្រុងភ្នំពេញ មានរថយន្តទំនើបៗជិះ ដូចជារថយន្ត Range Rover ស៊េរីថ្មី រួមជាមួយការងារសិល្បៈ យ៉ាងមមាញឹក ។

សូមបញ្ជាក់ថា Singha Stadium គឺជាព្រឹត្តិការណ៍ជួបជុំទស្សនាការប្រកួតបាល់ទាត់ ដ៏ធំដែលអ្នកគាំទ្រកម្ពុជា រាប់ពាន់នាក់ទន្ទឹងរង់ចាំ ជាកន្លែងដែលអ្នកគាំទ្រទស្សនា និងជួបជាមួយបរិយាកាសដ៏រំជើបរំជួលពិតប្រាកដនៃ ការប្រកួតបាល់ទាត់នៃក្របខណ្ឌ កំពូលក្នុងប្រទេសអង់គ្លេស ។

អ្នកទស្សនាទាំងអស់បានហ៊ោកញ្ជៀវយ៉ាងកងរំពង ដែលបង្ហាញពីការគាំទ្រដ៏ស្មោះស្ម័គ្រចំពោះក្រុមដែលខ្លួន ស្រឡាញ់នៅមុខអេក្រង់ដ៏ធំ ងាយស្រួលទស្សនារាល់សកម្មភាពនៅលើទីលានវាលស្មៅ នៃប្រទេសអង់គ្លេស ។
អ្វីដែលកាន់តែអស្ចារ្យទៅទៀតនោះ អ្នកចូលរួមទាំងអស់មានភាពសប្បាយរីករាយយ៉ាងខ្លាំងជាមួយ នឹងការប្រគំតន្រ្តី ពិសេសដែលមានការចូលរួមសហការ រវាងកំពូលតារាចម្រៀងក្នុងប្រទេសកម្ពុជាដូចជា លោក ខេម កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា ខារ៉ា និងក្រុមអ្នកចម្រៀងដ៏ល្បីប្រចាំ STORM BAND និងក្រុមរាំអាជីពរបស់ ស្រាបៀរ សឹង្ហា មកពីប្រទេសថៃផងដែរ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh